ជាតិ
ពីនេះ ពីនោះ
តើធ្វើដូចម្តេចដើម្បី«ចាប់​ច្របាច់» យកភាពជោគជ័យ?
14, Aug 2021 , 12:59 pm        
រូបភាព
អស់រយៈពេលជាច្រើនខែមកហើយ ដែលសំណាង និងសុធីរ មិនសូវបានជួបគ្នាផឹកកាហ្វេ។ អត់សូវក្រេបកាហ្វេដូច្នេះ ក្លើទាំងពីរនាក់ ក៏មិនសូវមានរឿងរ៉ាងយកមកសរសេរដែរ។ តែនៅថ្ងៃនេះ មិត្តភក្តិទាំងពីរ ក៏បានសាសងគ្នារឿងសង្គមមួយចំនួនឡើងវិញ ក្នុងនោះមានប្រធានបទ កូវីដ និងប្រធានបទជោគជ័យ។ សុធីរ និងសំណាង ធ្លាប់លឺគេជជែកគ្នាច្រើន ពីរឿងថា តើគេត្រូវធ្វើដូចម្តេច ដើម្បីទទួលបានភាព​ជោគជ័យក្នុងជីវិត​? ចម្លើយអាចមកពីឧស្សាហ៍ព្យាយាម? ឆ្លាត? ធ្វើការច្រើន? ក្លាហាន? ប្រថុយ? ពឹងលើសំណាង? បក្សពួក?។ល។​


សុធីរ៖ តើអ្ហែងចង់ជោគជ័យដូចគេដែរឬទេអា សំណាង? 
សំណាង៖ បើមិនចង់ មានតែមនុស្សឆ្កួត! នរណាក៏ចង់ជោគជ័យដែរ។ អ្ហែងសួរអញហ្នឹង តើមានរូបមន្តជោគជ័យ លក់ឲ្យអញមែនទេ? 
សុធីរ៖ អត់ទេ អញគ្រាន់តែសួរអ្ហែង ចង់ដឹងចិត្តអ្ហែងមើលតើ! 
 
សំណាង៖ តើគេធ្វើដូម្តេចដើម្បីជោគជ័យ មានលុយច្រើន? 
សុធីរ៖ អញអត់ចេះ អត់ដឹងទេ។ តែអញគ្រាន់តែលឺគេជជែគ្នាស្ទើររាល់ថ្ងៃពីយុទ្ធវិធីធ្វើយ៉ាងដូចម្តេច​ដើម្បីក្លាយជាបុគ្គលជោគជ័យ។ 
 
សំណាង៖ តើមានវិធីអ្វីខ្លះទៅ? 
សុធីរ៖ អ្នកខ្លះថា ដើម្បីជោគជ័យ គេត្រូវការភាពក្លាហាន, អ្នកខ្លះថា ត្រូវការចំណេះ, អ្នកខ្លះថា ត្រូវការសំណាង, អ្នកខ្លះថា ត្រូវការការប្រឹងប្រែង, ភាពវ័យឆ្លាត ឬបក្សពួក។ល។ 
 
សំណាង៖ អាហ្នឹងគេថា។ ចុះបើតាមអ្ហែងគិត គំនិតអ្ហែង តើធ្វើដូចម្តេចដើម្បីជោគជ័យ? 
សុធីរ៖ អ្វីដែលគេនិយាយខាងលើ ហើយអញយកមកប្រាប់អ្ហែង​ហ្នឹងត្រូវទាំងអស់។ តែចំណុចមួយដែលអ្នកមានបទពិសោធន៍ជីវិតមានគំនិតស្រដៀងគ្នា មិនថា ខ្មែរ ឬបរទេស ហើយក្នុងនោះក៏មានអញផងដែរនោះ គឺថា ជោគជ័យបណ្តាលមកពីការឧស្សាហ៍ព្យាយាម ហើយជាភាសាអង់គ្លេសគេថា ​Diligent និង Persistent ។ ឧស្សាហ៍ មានន័យថា ប្រឹប្រែង ខ្មីឃ្មាត សង្វាត មិនខ្ជិលច្រអូស។ល។ រីឯ ព្យាយាម គឺជាដំណើរការនៃការប្រឹងប្រែង ខ្មីឃ្មាតគ្មានទីបញ្ចប់។ និយាយបែបសាមញ្ញា មានន័យថា ធ្វើហើយ ធ្វើទៀត ធ្វើរហូតទទួលបានផល។ ដូច្នេះ បើបុគ្គលម្នាក់ៗឧស្សាហ៍ព្យាយាមធ្វើអ្វីមួយឲ្យចប់ចុងចប់ដើមហើយនោះ នោះលទ្ធផលជោគជ័យនឹងកើតឡើងជាក់ជាពុំខាន គ្រាន់តែភាពជោគជ័យអាចស្ថិតនៅក្នុងកម្រិតផ្សេងគ្នាតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពូកែ ខ្លាំង មានបក្សមានពួក មានចំណេះខ្ពង់ខ្ពស់​យ៉ាងម៉េចក៏ដោយ តែបើខ្វះការឧស្សាហ៍ព្យាយាម ពេលនោះ និស្ស័យជោគជ័យដូចជាស្ថិតនៅឆ្ងាយពីយើងបន្តិចហើយ។
 
សំណាង៖ ចុះអញធ្លាប់ឮគេថា ឲ្យតែប្រឹងរៀន ឬរៀនឲ្យបានច្រើនទៅ វានឹងក្លាយទៅជាអ្នកមាន ឬអ្ននធំហើយ​។ មែនអត់? 
សុធីរ៖ អើ គេនិយាយហ្នឹងមានខុសឯណ៎ា! តែអញចង់បញ្ជាក់ប្រាប់អ្ហែង រឿងរៀនហ្នឹងបន្តិច។ ក្នុងជីវិតជាក់ស្តែង អ្នករៀនចេះដឹង មិនប្រាកដច្បាស់ថា នឹងក្លាយទៅជាអ្នកមាន ឬអ្នកធំឯណា។ តែ​អ្វីដែលគេប្រាកដ គឺថាបើមានចំណេះដឹង ឬចំណេះធ្វើរួចហើយ គ្រប់បុគ្គលទាំងអស់មិនអាចរស់នៅក្នុងភាពក្រីក្របានឡើយ។ សរុបសេចក្តីមកវិញ អញចង់ប្រាប់អ្ហែងថា ឧស្សាហ៍ បូកនឹងព្យាយាម គឺជាកត្តាចម្បង នាំទៅរកវិថីជោគជ័យដែលបុគ្គលម្នាក់ៗប្រាថ្នា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com