ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល អនុម័តឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
14, Aug 2021 , 3:39 pm        
រូបភាព
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥ ក្រោយក្រសួងទេសចរណ៍ចំណាយពេលអស់១ឆ្នាំក្នុងការសិក្សានិងរៀបចំផែនការនេះ។

 
តាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥ រដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ក្នុងនាំចេញ។ 
 
 
សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើលិខិតអារម្ភកថាដែលចុះកាលពីថ្ងៃទី១២សីហា ឆ្នាំ២០២១  ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតនៅដំណាក់កាលកំណើននៃវដ្តជីវិតក្នុងការអភិវឌ្ឍទេសចរណ៍ ដែលពោរពេញទៅដោយសក្កានុពលសម្រាប់អភិវឌ្ឍនាពេលអនាគត។  វដ្តជីវិតនៃការអភិវឌ្ឍទេសចរណ៍ខេត្តនេះ បានបង្កើតកាលានុវត្តភាពសត្យានុម័តសម្បូរបែបសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាដែលគាំទ្រដល់ការអភិវឌ្ឍសដ្ឋកិច្ចខេត្តមណ្ឌលគិរី ក៏ដូចជាសេដ្ឋកិច្ចជាតិ។  
 
ជាមួយនឹងសក្កានុពលទាំងនេះ រដ្ឋាភិបាលក៏បានសម្រេចរៀបចំនិងដាក់ចេញ«ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥» ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឱ្យឆ្លើយតបនឹងចក្ខុវិស័យ នៃការអភិវឌ្ឍន៍ជាតិក្នុងឆ្នាំ២០២១-២០៣៥ និងបណ្តាឆ្នាំខាងមុខ។ 
 
បើតាមសម្តេច ហ៊ុន សែន ការអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរី គឺឈរលើស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្កានុពលសម្រាប់ការវិនិយោគ ដោយធានាបាននូវការអភិវឌ្ឍប្រកដដោយនិរន្តភាព និងការទទួលខុសត្រូវ រួមទាំងការបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការរួមចំណែកការពារនិងអភិរក្សធនធានធម្មជាតិ បេតិភណ្ឌវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។ 
 



បើតាមក្រសួងទេសចរណ៍ ទិសដៅអាទិភាពចំនួន៦ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ រួមមាន៖ 
 
១. របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ព្រមទាំងមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។ 
២. របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។
៣. ក្រុងសែនមនោរម្យ ជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។ 
៤. តំបន់ស្រុកអូររាំង ដោយភ្ជាប់ជាមួយការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី ដែលអភិវឌ្ឍជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។ 
៥. តំបន់ប្រជុំជននៃស្រុកកោះញែក ជាទីកន្លែងមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍទៅជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយមានវិសាលភាពទូលាយជាងក្នុងតំបន់អភិរក្ស។
៦. គឺនៅតំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដោយអនុញ្ញាតឱ្យមានការអភិវឌ្ឍរមណីយដ្ឋានសមាហរណ ដូចជាកាស៊ីណូ ល្បែងកម្សាន្ត ជាដើម។ 
 
តាមរយៈផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ក្នុងរយៈពេល១៥ឆ្នាំពីឆ្នាំ២០២០-២០៣៥ ខេត្តមណ្ឌលគិរី នឹងទទួលបានចំណូល៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ៣លាននាក់ក្នុងមួយឆ្នាំៗ។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០៣៥ ភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី នឹងកើនដល់៩០ម៉ឺននាក់ និងភ្ញៀវក្នុងស្រុក កើនដល់ជាង២លាននាក់។
 
សូមជម្រាបថា មុននឹងអនុវត្តឱ្យផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥នេះ រដ្ឋាភិបាលបានអនុវត្តផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ខណៈផែនការមេអភិវឌ្ឍខេត្តកែប ក៏កំពុងរងចាំការអនុម័តពីរដ្ឋាភិបាលផងដែរ៕
 

Tag:
 ទេសចរណ៍
  ផែនការមេ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com