ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​អត្ថប្រយោជន៍ នៃ​ការ​ញ៉ាំ​ផ្លែ​សាវម៉ាវ​
15, Aug 2021 , 6:59 am        
រូបភាព
​ផ្លែ​សាវម៉ាវ គឺជា​ផ្លែឈើ​ដ៏​មានឱជារស​មួយ ក្នុង​ស្រុក​ខ្មែរ​យើង ហើយ​វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លែ​ឈើ​លំដាប់​ខ្ពស់​មួយ សម្រាប់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ផងដែរ​។ យ៉ាងណាមិញ យើង​កម្រ​ដឹង​អំពី​អត្ថប្រយោជន៍​របស់​វា ចំពោះ​សុខភាព​ណាស់ ដូច្នេះហើយ សូម​តាមដាន​ដូចខាងក្រោម​នេះ ៖

 
​ជា​ប្រភព​នៃ​ជាតិ​ដែក​
​ផ្លែ​សាវម៉ាវ គឺជា​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ​មួយ ដែល​អាច​ជួយ​កែសម្រួល ចំនួន​អុកស៊ីសែន​ក្នុង​រាងកាយ​យើង​។ ជាតិ​ដែក គឺជា​សមាសធាតុ​ដ៏​សំខាន់ សម្រាប់​រាងកាយ​មនុស្ស​។ វា​ដើរតួនាទី​មួយ ក្នុង​អេ​ម៉ូគ្លូ​ប៊ីន ដើម្បី​ដឹក​ជញ្ជូន​អុកស៊ីសែន​។ កង្វះ​ជាតិ​ដែក អាច​បណ្តាលឲ្យ​កើត ជំងឺ​កង្វះ​គ្រាប់​ឈាម ដែល​ជា​ហេតុ​បង្ក​ជាការ​សន្លប់ និង​វិលមុខ​ធ្ងន់ធ្ងរ​បាន​។​
ជួយ​បង្កើត​ថាមពល​
​ផ្លែឈើ​មួយ​នេះ សម្បូរ​ជាង​គេ​គឺ​កាបូ​អ៊ី​ដ្រាត និង​ប្រូតេអ៊ីន ដែល​អាច​ផ្តល់​ជា​ការបង្កើន ថាមពល​ដល់​មនុស្ស​យើង​បាន​។ ជាតិ​ទឹក​ដ៏​ខ្ពស់​របស់​ផ្លែ​ឈើ​នេះ ក៏​ជួយ​បំបាត់​អាការៈ​ស្រេកទឹក និង​អស់កម្លាំង​ផងដែរ​។
ពង្រឹង​ដល់​សុខភាព​ឆ្អឹង​
​ផ្លែ​សាវម៉ាវ សម្បូរ​ទៅដោយ​ជាតិ​ផូស្វ័រ កាល់ស្យូម និង​ជាតិ​ដែក​។ វា​ក៏​ជួយ​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​មនុស្ស​យើង​ដែរ​។ កាលណា​ឆ្អឹង​មាន​សុខភាព​ល្អ​ហើយ ដូច្នេះ​វា នឹង​កាត់បន្ថយ​ការ​បាក់បែក និង​ជំងឺ​ឆ្អឹង​បាន​យ៉ាង​អស្ចារ្យ​។
សម្បូរ​ជាតិ​សរសៃ​
​ផ្លែ​សាវម៉ាវ មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់​។ ដូច្នេះ វា​នឹង​ងាយ​ធ្វើឲ្យ​ឆ្អែត​បានយូរ និង​គ្រប់គ្រង​ការ​ឃ្លាន​ខុស​ធម្មតា ព្រមទាំង​ស​ម្រកទ​ម្ង​ន​បាន់​ទៀត​។
ច្រោះ​ជាតិពុល​ពី​ក្នុង​តម្រងនោម​
​ជាតិ​ផូស្វ័រ​របស់​ផ្លែ​សាវម៉ាវ ក៏​មាន​ប្រយោជន៍​ក្នុង​ការបញ្ចេញចោល កាក​សំណល់​ពី​ក្នុង​តម្រងនោម​បានដែរ​។ ក្រៅពីនេះ វា​ក៏​មាន​តួនាទី​សំខាន់ ជាច្រើន​ទៀត​ដូចជា ជួសជុល សាងសង់ និង​ថែរក្សា​សុខភាព​កោសិកា និង​ជាលិកា​។
ស្បែក​កាន់តែ​ស្រស់ស្អាត​
​ផ្លែ​សាវម៉ាវ ជួយ​ផ្គត់ផ្គង់​ជាតិ​ទឹក ដល់​ស្បែក​កាន់តែ​ល្អ និង​ធ្វើឲ្យ​វា​មាន​សភាព​ទន់​រលោង​ទៀតផង​។ នេះ​ដោយសារ​តែ សាវម៉ាវ​មាន​ជាតិ​ទឹក​ច្រើន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com