ជាតិ
ជួរភ្នំក្រវាញមានទំហំ ១.៥លានហិកតា ហើយជាព្រៃទឹកភ្លៀងដ៏សំខាន់នៅអាស៊ីអាគ្នេយ៍
14, Aug 2021 , 9:59 pm        
រូបភាព
ជួរភ្នំក្រវាញ មានទំហំ ១.៥លានហិកតា ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជាដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ីនិងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះបើតាមក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ជួរភ្នំក្រវាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍។


ជួរភ្នំក្រវាញគឺជាឈ្មោះដែលគេដាក់តាមរុក្ខជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ គឺដើមក្រវាញ។បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងថា«យល់ដឹងពីភាគខាងត្បូងនិងតំបន់មាត់សមុទ្រកម្ពុជា» ជួរភ្នំក្រវាញ លាតសន្ធឹងពីខេត្តប៉ៃលិនដល់ខេត្តកំពត ស្របតាមបណ្តោយឆ្នេរ។ ជួរភ្នំដ៏វែងដែលមានព្រៃក្រាស់នេះ សម្បូរដោយសត្វតូច-ធំ ច្រាំងចោតៗ និងកំពូលភ្នំខ្ពស់ៗ កម្ពស់ជាមធ្យម ១ពាន់ម៉ែត្រដែលវាជាជញ្ជាំងខណ្ឌទំនាបកណ្តាលនិងតំបន់មាត់សមុទ្រ។
 
នៅផ្នែកត្បូងភ្នំឱរ៉ាល់គេឃើញមានខ្ពង់រាបគិរីរម្យ ដែលសម្បូរទៅដោយដើមស្រល់ដ៏ស្រស់ត្រកាល។នៅឯនាយច្រកពេជ្រនិល ជួរភ្នំដំរីលាតសន្ធឹងពីជើងទៅត្បូង រហូតដល់សមុទ្រ ហើយនៅខាងចុង មានមុខចំណោតភ្នំបូកគោ។ជួរភ្នំក្រវាញ សម្បូរទៅដោយព្រៃស្តុក ទឹកធ្លាក់ស្អាតៗ ដែលអាចធ្វើឲ្យតំបន់នេះ ក្លាយជាទីតាំងទេសចរណ៍ដ៏មានសក្តានុពល។លើសពីនេះ ក៏មានសត្វព្រៃជាច្រើនប្រភេទដូចជា ដំរី ខ្លា ក្រពើ ទោច ពស់ សត្វស្លាបនិងសត្វល្អិតជាដើម។ 
 
ក្រៅពីនេះ ក៏មានកំណប់រ៉ែច្រើនមុខនិងថ្មកែវសម្រាប់យកមកឆ្លាក់ធ្វើជាគ្រឿងលម្អថែមទៀតផង។ ដោយសារតែខ្វះផ្លូវគមនាគមន៍ទើបតំបន់នេះ ពុំសូវមានមនុស្សរស់នៅច្រើន និងទទួលបានការស្រាវជា្រវតិចតួចនៅឡើយ។យ៉ាងណាមិញ  ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) បានសហការគ្នាយ៉ាងល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការងាររួមគ្នាការពារនិងអភិរក្ស រក្សាប្រព័ន្ធគុណភាពអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចរភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
 
លើសពីនេះ ក្រសួងបរិស្ថា នក៏បានសហការអនុវត្តកម្មវិធីរេដបូក(REDD+) ជាមួយដៃគូដើម្បីលក់កាបូនសម្រាប់រស់នៅដោយចីរភាពនិងដើម្បីផ្តល់ឱកាសថែមទៀត ដល់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងការគិតគូរពីបរិស្ថាន និងការអភិរក្សធនធានធម្មជាតិជីវៈចម្រុះតាមទិសស្លោក «រក្សាព្រៃឈើឈរដើម្បីជីវភាពរុងរឿងនាពេលអនាគត»៕
 
 
 

Tag:
 ថ្មីៗ២៥
  ខ្ញុំចង់ដឹង
  អង្គការស៊ីប៉ា
  ជួរភ្នំក្រវាញ
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com