ជាតិ
ពីនេះ ពីនោះ
នំខ្មែរ ២៥មុខ ដែលពលរដ្ឋខ្មែរចូលចិត្តទទួលទាន តើនំអ្វីខ្លះ?
14, Aug 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ នំខ្មែរមានច្រើនប្រភេទ និងច្រើនរសជាតិអាស្រ័យតាមវត្ថុធាតុដើមនៃការផ្សំបញ្ជូលគ្នា រួមទាំងវិធីច្នៃប្រឌិត តាមទម្រង់ផ្សេងពីគ្នា។ ប្រជាពលរដ្ឋខ្មែរនិយម យកវត្ថុជាតិដើមមានស្រាប់នៅជិតៗផ្ទះមកបង្កើតជាបង្អែម ម្ហូប និងនំ ដែលអាចយកមកបរិភោគ និងលក់លើទីផ្សារ។ នំនីមួយៗ ត្រូវបានចម្អិនតាមរបៀបផ្សេងៗពីគ្នាដូចជាស្ងោរ ចំហុយ ដុត និងបំពងជាដើម។




អន្សម

អន្សម៖ ជានំមួយប្រភេទដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសស្គាល់ ទាំងនៅទីក្រុង ឬទីជនបទ។ អន្សមមានប្រភេទដូចជា មានអន្សមស្នូលសណ្ដែក ឬស្នូលសាច់ជ្រូក ស្នូលផ្អែម និងស្នូលចេក។ អន្សមត្រូវបានគេនិយមវេចនៅពេលពិធីបុណ្យចូលឆ្នាំ ភ្ជុំ ពិធីភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ និងឡើងផ្ទះជាដើម។ គ្រឿងផ្សំមានដូចជា អង្ករដំណើប, ដូងទុំ, សណ្ដែក, ស្ករត្នោត និងចេកទុំ។ គេប្រើស្លឹកចេក ដើម្បីវេចខ្ចប់ និងចម្អិនដោយស្ងោរ។
  



នំជ្រែ រូបភាពដោយ ដោយ SIKOURA

នំជ្រែ៖ ជានំមួយប្រភេទដែលមានលក់តាមតំបន់ មានពលរដ្ឋខ្មែរមួយចំនួន មិនសូវស្គាល់នំប្រភេទនេះនោះទេ ព្រោះមិនសូវសម្បូរអ្នកធ្វើនំប្រភេទនេះលក់នៅលើទីផ្សារ។ នំជ្រែត្រូវបានគេធ្វើពីម្សៅជ្រែ កូរលាយជាមួយស្ករស រួចចាក់ចូលក្នុងចាន និងមានលាយសណ្ដែកបន្តិចនៅខាងក្នុងសាច់នំ។ នំប្រភេទនេះ លាយជាមួយនឹងទឹកខ្ទិះស្រោចពីលើ ហើយភាគច្រើននៅតាមស្រុកស្រែចម្ការ គេច្រើនឃើញអ្នកលក់នៅអំឡុងម៉ោង១ ឬ២ថ្ងៃ។ នំប្រភេទនេះ បច្ចុប្បន្នមានគេធ្វើ និងដាក់លក់តាមប្រព័ន្ធអនឡាញច្រើនគួរសម។
 


នំបត់ រូបភាពដោយលោក វិចិត្រ

នំបត់៖ ជាប្រភេទនំ ប្រើម្សៅអង្ករដំណើប ខ្ចប់ដោយស្នូលសណ្ដែកនៅខាងក្នុង ខ្ចប់រាងសំប៉ែតៗ និងចម្អិនដោយការចំហុយ។ នំប្រភេននេះ ភាគច្រើនត្រូវបានគេលក់តាមទីផ្សារ និងមានក្នុងពិធីនានានៅក្នុងទីក្រុងភ្នំពេញ។
 

នំចេកក្រឡក៖ នំនេះ គេយកចេកណាំវ៉ាទុំ ច្របាច់ឱ្យម៉ត់ និងលាយជាមួយម្សៅអង្ករខ្សាយ ស្ករស និងដូងខ្ចី រួចយកទៅចំហុយ។ នំប្រភេទនេះ គេក៏អាចយកទៅវេចជាមួយស្លឹកចេកដូចជានំបត់ក៏បាន គ្រាន់តែនំប្រភេទនេះ គេវេចរាងធំជាងគ្នាបន្តិច។ ចេកក្រឡក នាពេលបច្ចុប្បន្ន កម្រឃើញមានអ្នកលក់នៅតាមទីផ្សារណាស់ សូម្បីតែនៅតាមទីជនបទក៏ដោយ។


នំត្នោតរូបភាពដោយលោក វិចិត្រ

នំត្នោត៖ នំនេះ គេប្រើអង្ករដំណើប លាយជាមួយត្នោតទុំ និងដូងខ្ចី ស្ករ លាយបញ្ជូលគ្នា និងខ្ចប់ដោយស្លឹកត្នោតខ្ចី ។ នំនេះ ចម្អិនដោយស្ងោរដូចនំអន្សមដែរ។
 
អាកោត្នោត៖ នំគេប្រើម្សៅអង្ករខ្សោយ លាយជាមួយត្នោតទុំ ស្ករត្នោត អំបិលបន្តិច ទុកឱ្យឡើយ ទើបយកទៅក្នុងចាន ពែង ឬក្នុងកន្ទោងតូច និងយកទៅចំហុយ។ នំអាកោត្នោតនៅមានវត្តមានច្រើននៅតាមទីផ្សារ ទាំងទីជនបទ និងរាជធានីជាដើម។
 

នំអាកោ៖ នំនេះ មិនសូវខុសពីនៅត្នោតទេ គ្រាន់តែមិនបញ្ជូលសាច់ត្នោតទេ។ នំអាកោគេធ្វើចេញពីអង្ករខ្សាយ ស្ករស មេ អំបិលបន្តិច និងយកទៅចំហុយ។ អាកោអាចមានពីរប្រភេទគឺ អាកោធម្មតា និងអាកោខ្ទិះ។ 
 

នំគម៖ ជានំមួយប្រភេទ ដែលប្រើម្សៅអង្ករដំណើប មានស្នូលដូងកូរជាមួយស្ករត្នោតនៅពីក្នុង ខ្ចប់ដោយស្លឹកចេក។ គេចម្អិននំប្រភេទនេះ ដោយយកទៅចំហុយដូចជានំបត់ដែរ។
 


នំនាងលិត ដោយ កញ្ញា Nisa

នំនាងលិត៖ នំប្រភេទនេះ ប្រហែលជាមិនសូវមានអ្នកស្គាល់ទេ ដ្បិតជានំរបស់ខ្មែរតែមិនសូវឃើញមានគេលក់ប៉ុន្មានទេ។ លោកអ្នកនៅតែអាចរកទិញបានតាមទីប្រជុំជនខ្លះតាមស្រុកមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នំប្រភេទនេះ គេច្រើនឃើញមានលក់ភាគច្រើន នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តសុរិន្ទ និងខេត្តបូរីរាំក្នុងប្រទេសថៃ។ នំនេះគេយកបាយដំណើបយកទៅបំពង និងលាយដោយទឹកបែបផ្អែមៗមានពណ៌ក្រហម និងលឿងៗស្រោចពីលើនោះ អាចមានរសជាតិស្វាយ និងម្នាស់ជាដើម។
 


នំពុម្ព

នំពុម្ព៖ ជាប្រភេទនំត្រូវបានគេប្រើអង្ករខ្សាយ លាយស្ករ ដូងខ្ចី អំបិលបន្តិច និងយកទៅចាក់នៅក្នុងឆ្នាំងនំពុម្ពដុតដោយកម្ដៅភ្លើង ដូចជានំពងទាដែរ។  នំប្រភេទនេះ គេអាចចាក់ភ្លាមលក់ភ្លាមនៅកន្លែងផ្ទាល់តែម្ដង។
 
នំល្ពៅ៖ នំនេះ អាចប្រើអង្ករខ្សាយ លាយជាមួយសាច់ល្ពៅស្រស់ ស្ករត្នោតឬស្ករសក៏បាន អំបិលបន្តិច និងលាយបញ្ចូលគ្នាឱ្យសព ហើយដាក់ជាមួយដូងខ្ចី រួចអាចយកទៅវេចជាមួយស្លឹកចេក និងយកទៅចំហុយ។ នេះប្រភេទនេះបច្ចុប្បន្នគេមិនសូវពេញនិយមទេ។ 
 
នំត្រឡាច៖ នំនេះ គេធ្វើពីម្សៅអង្ករខ្សាយ លាយជាមួយសាច់ត្រឡាចទុំស្រស់ ស្ករស អំបិលបន្តិច និងដូងខ្ចី វេចនឹងស្លឹកចេក និងយកទៅចំហុយ នៅពេលឆ្អិនមានពណ៌ស។ ក្នុងពេលបច្ចុប្បន្ន នំប្រភេទនេះ កម្រឃើញមានអ្នកធ្វើណាស់ ប៉ុន្ដែមានគ្រួសារតាមទីជនបទមួយចំនួននៅធ្វើយូរម្ដងនៅពេលពួកគេមានសាច់ត្រឡាចសល់ច្រើន ចំពោះរសជាតិរបស់វាឆ្ងាញ់មួយបែប។

នំកូរ៖ នំនេះ គេប្រើម្សៅអង្ករខ្សាយ ខ្ទិះដូង ស្ករស សណ្ដែកបាយ អំបិលបន្តិច និងទឹក ។ គេចម្អិនវាដោយការកូរនៅលើភ្លើងឱ្យក្លាយជាល្បាយស្មើសាច់ និងស្រស់ទឹកទើបយកទៅចាក់ដាក់ក្នុងចាន ឬថាស រួចរោយសណ្ដែកបាយឆ្អិនស្រាប់ពីលើ និងទុកឱ្យត្រជាក់ទើបអាចកាត់ជាចំណិតបាន។ នំនេះ ពេលខ្លះមានពណ៌ស និងខ្លះទៀតមានពណ៌រាងប្រផេះ ឬបៃតងអាស្រ័យលើអ្នកធ្វើ។ 
 

នំកាតំរូបភាពដោយ kanchna

នំកាតំ៖ នំនេះធ្វើឡើង ដោយអង្ករដំណើប លាយជាមួយសណ្ដែកស ឬសណ្ដែកខ្មៅ ដូងទុំ អំបិលបន្តិច និងច្រកចូលក្នុងកូនកាតំ ដែលធ្វើពីស្លឹកត្នោត រួចយកទៅស្ងោរ ដូចជានំអន្សមដែរ។ នំប្រភេទនេះ ភាគច្រើនអ្នករស់នៅតាមស្រុកស្រែឧស្សាហ៍ធ្វើលក់ ឬពិសា ប៉ុន្ដែនៅក្នុងរាជធានីភ្នំពេញកម្រមានលក់ណាស់ ។  
 
នំដំឡូង៖ នំនេះគេប្រើអង្ករដំណើប លាយជាមួយស្ករស និងដំឡូងឈើ ដូង វេចនឹងស្លឹកចេក សណ្ឋានប្រហែលនឹងនំអន្សមតែមិនមានចំណងខ្សែ និងចម្អិនដោយការចំហុយ។ នំដំឡូងមួយប្រភេទទៀត គេហៅថាបាក់បិន នំនេះគេមិនប្រើម្សៅទេ គេដាក់តែសាច់ដំឡូង លាយជាមួយពងមាន់ ស្ករស ខ្ទិះដូង អំបិលបន្តិច និងទឹកដោះគោខាប់ប៉ុណ្ណោះ។ គេអាចចម្អិនដោយដាក់ដុត។ នំប្រភេទនេះ នៅមានគេលក់ច្រើននៅឡើយ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។
 


នំផ្លែអាយរូបភាពដោយលោក វិចិត្រ

នំផ្លែអាយ៖ ជានំមួយប្រភេទមានពណ៌ស និងមានស្នូលជាដុំស្ករត្នោតនៅពីក្នុងសាច់នំ គេមូលវាតូចៗល្មមប៉ុនៗមេដៃ និងធ្វើពីម្សៅអង្ករដំណើប។ នំនេះ គេចម្អិនដោយស្ងោរជាមួយទឹកក្តៅ។
 


នំពពារូបភាពដោយលោក វិចិត្រ

នំពពា៖ នំនេះមានប្រើម្សៅអង្ករដំណើប មានស្នូលសណ្ដែកខាងក្នុង មានព័ណ៌ស និងត្រូវរោយដោយស្ករស សណ្ដែកដី និងសសៃដូងបន្ថែមពីលើ។ វិធីចម្អិន ដូចទៅនឹងនំផ្លែអាយដែរ។
 


នំត្រៀបរូបភាពដោយលោក វិចិត្រ

នំទ្រាប៖ នំនេះ គេប្រើអង្ករដំណើបស ឬអង្ករដំណើបខ្មៅក៏ធ្វើបានដូចគ្នា។ គេត្រូវយកអង្ករដំណើបទៅដាំឱ្យក្លាយជាបាយស្រួយសិន ទើបគេដួសចេញ និងយកទៅកូរជាមួយនិងស្ករត្នោត ឬស្ករសនៅឆ្នាំងមួយផ្សេងទៀត។ គេកូរបាយនោះ រហូតស្រស់ទឹកគេនឹងចាក់ចូលទៅក្នុងថាស ដើម្បីអាចកាត់ជាចំណិតបាន។ នំប្រភេទនេះ គេនិយមធ្វើនៅពេលមានកម្មវិធីដូចជា ឡើងផ្ទះ កឋិនទាន សូត្រមន្ត និងបុណ្យភ្ជុំបិណ្ឌជាដើម។
 



នំស្លឹកស្រស់រូបភាពដោយលោក វិចិត្រ

នំស្លឹកស្រស់៖ នំនេះ ជាទូទៅគេនិយមប្រើក្នុងកម្មវិធីតូចធំ នៅក្នុងរាជធានីភ្នំពេញ និងទីសាធារណៈក៏មានលក់ដែរ។ គ្រឿងផ្សំមានដូចជា ម្សៅសណ្ដែក ស្ករស ខ្ទិះដូង សណ្ដែកបាយ។
 


នំលម្អងចេករូបភាពដោយលោក វិចិត្រ

នំលម្អងចេក៖ នំប្រភេទនេះ មានលក់តាមតំបន់ មានអ្នកខ្លះមិនស្គាល់នំប្រភេទនេះទេ ព្រោះមិនសូវមានអ្នកធ្វើ។ ប៉ុន្ដែនំប្រភេទនេះ មានគេដាក់លលក់តាមអនឡាញច្រើន ដូច្នេះបើលោកអ្នកចង់ស្គាល់អាចបញ្ជាទិញបាន។ គេប្រើអង្ករដំណើប ជាមួយសាច់ដូងផ្អែម។ 
 
នំច័ក្កច័ន៖ នំប្រភេទនេះច្រើនពណ៌ផ្សេងៗជាស្រទាប់ ខ្លះមានពណ៌ក្រហម លឿង បៃតង។ គេប្រើអង្ករខ្សាយ ម្សៅឆា ស្ករ អំបិល និងខ្ទិះដូង។  នំច័ក្កច័ន គេចម្អិនដោយចំហុយ។ ពលរដ្ឋខ្មែរភាគច្រើនស្គាល់នំប្រភេទនេះ ព្រោះសម្បូរមានលក់នៅលើទីផ្សារ។
 


នំពងអន្សង Thmey thmey

នំពងអន្សង៖ នំមានរូបរាងមូលៗធ្វើមកពីម្សៅអង្ករដំណើប លាយម្សៅអង្ករខ្សាយ និងមានស្នូលសណ្ដែកនៅពីខាងក្នុង និងមានប្រឡាក់ល្បាយស្ករពីខាងក្រៅ។ គេចម្អិននំប្រភេទនេះ ដោយការបំពង ហើយនាពេលបច្ចុប្បន្នវត្តមាននំនេះ នៅតែមានទូទៅតាម ស្រុកស្រែចម្ការ និងរាជធានីភ្នំពេញ។
 


នំក្រូចThmey thmey

នំក្រូច៖ នំប្រភេទនេះ ប្រើម្សៅដូចគ្នាទៅនឹងនំពងអន្សងដែរ ប៉ុន្ដែប្ដូររូបរាង និងស្នូលរបស់វា។ គេអាចធ្វើចេញជាពីប្រភេទនំគឺ ស្នូលប្រៃ និងស្នូលផ្អែម។ គេអាចសម្គាល់ស្នូលប្រៃតាមរយៈការប្រឡាក់ស្ករក្រហមនៅពីលើនំ ហើយស្នូលសណ្ដែកនៅខាងក្នុង ចំណែកឯស្នូលផ្អែម មានស្នូលសណ្ដែកនៅខាងក្នុងផ្អែម និងមិនមានប្រឡាកស្ករខាងក្រៅទេ។ នំនេះចម្អិនដោយបំពង។


នំកង Thmey thmey

នំកង៖ ជាមានសណ្ដានជាកង នំនេះគេប្រើម្សៅធ្វើនំពងអន្សង គ្រាន់តែគេច្នៃចេញឱ្យមានរូបរាងផ្សេងមួយទៀត ដោយមិនប្រើស្នូលតែប្រឡាក់ស្ករក្រហមពីលើ។
 
នំលាជ៖ នំនេះគេយកអង្ករទៅបំពង ហើយលាយជាមួយស្ករត្នោតដែលគេកូររួច ហើយពូតជាងរាងមូល ដូចជាកូនបាល់តូចៗ នៅកន្លែងខ្លះ គេកាត់វាជារាងជ្រុងដែរ។ នំលាជភាគច្រើននៅតាមស្រុកស្រែសម្ការសម្បូរមានអ្នកលក់ច្រើន៕
 
 
 

Tag:
 នំខ្មែរ
  រសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com