ជាតិ
រដ្ឋាភិបាល ចាប់ផ្តើមកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសារធារណៈក្នុងខេត្តកែប
15, Aug 2021 , 8:29 am        
រូបភាព
រាជរដ្ឋាភិបាល អនុញ្ញាតឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ការអភិវឌ្ឈនេះនឹងធ្វើឲ្យសោភ័ណភាពឆ្នេរកាន់តែស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍មកកាន់តែច្រើនជាងមុន។


ឆ្នេរសមុទ្រខេត្តកែប នឹងត្រូវរៀបចំកែលម្អទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ដែលមានទទឹង ប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្តោយប្រវែង ២ ៧០០ម៉ែត្រ។ ការរៀបចំគ្រឹះ នឹងចាក់ខ្សាច់ សម្រាប់ឆ្នេរខ្សាច់កម្សាន្តសាធារណៈ និងការពង្រីកឆ្នេរខ្សាច់ឲ្យកាន់តែធំទូលាយបន្តពីសួនច្បារនេះ នឹងជួយកែប្រែតំបន់ដែលមិនការអភិវឌ្ឍឲ្យ ក្លាយជាតំបន់ទេសចរណ៍ដ៏ពិសិទ្ធិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើតមុខរបរជូនពលរដ្ឋក្នុងមូលដ្ឋាន ជួយកាត់បន្ថយភាពក្រីក្រ។ 

លើសពីនេះ ក៏មានការរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ ដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ។ ការរៀបចំគ្រឹះ គណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ នឹងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ។ ចំពោះថវិកាសម្រាប់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងការដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ គឺជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ 
 
ការអភិវឌ្ឈនេះ ស្ថិតនៅក្នុងគម្រោងនៃការប្រើប្រាស់ដីក្រុងកែប ខេត្តកែប នៅចក្ខុវិស័យឆ្នាំ២០៣០ ក្នុងការកែលម្អខេត្តកែបឲ្យកាន់តែមានប្រណិតភាពទៅថ្ងៃអនាគត។ លោក អ៊ឹង វុទ្ធី នាយករដ្ឋបាលខេត្តកែបបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការអភិវឌ្ឈនេះនឹងជួយឲ្យឆ្នេរមានទីធ្លាធំទូលាយ ងាយស្រួលប្រារព្ធពិធីបុណ្យសមុទ្រជាដើម។ ក្នុងចក្ខុវិស័យនៃការអភិវឌ្ឍ ឆ្ពោះទៅរកវិសាលភាពនៅឆ្នាំ២០៣០នេះ រដ្ឋបាលខេត្តកែបនឹងធ្វើការរៀបចំជាបន្តបន្ទាប់។ 
 
លោកបន្តថា គម្រោងពង្រីកឆ្នេរនេះ មិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ និងពុំមានបិទការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់អាជីវករនៅតំបន់នេះឡើយ។ លោកក៏បានបញ្ជាក់ថា គោលបំណងនៃពង្រីកតំបន់កម្សាន្តឲ្យបានច្រើន ដែលជាសកម្មភាពពង្រីកសត្តានុពលរបស់ខេត្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកាន់តែច្រើនជាងមុន៕ 
 



Tag:
 ខេតកែប
  (គ.អ.ឆ.ក)
  រដ្ឋបាលខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com