ជាតិ
សុខភាព
កុមារីវ័យ៨ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា វះកាត់យក «ដុំសក់» ពីក្រពះ បានជោគជ័យ
15, Aug 2021 , 3:19 pm        
រូបភាព
ដុំសក់ដែលគ្រូពេទ្យវះយកចេញពីក្រពះ កុមារី។ រូបថត៖ Dr. Beat Richner.
ដុំសក់ដែលគ្រូពេទ្យវះយកចេញពីក្រពះ កុមារី។ រូបថត៖ Dr. Beat Richner.
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានវះកាត់យកដុំសក់ពីក្នុងក្រពះរបស់កុមារីអាយុ៨ឆ្នាំម្នាក់ បានជោគជ័យ។ ងតាមទំព័រហ្វេសប៊ុក Dr. Beat Richner កុមារីរូបនេះ បានលេបសក់របស់ខ្លួនឯងបន្តិចម្តងៗអស់ជាច្រើនខែមកហើយរហូតបណ្តាលឱ្យស្ទះក្រពះ ហើយបង្កជារលាក និងដំបៅក្រពះ។

 
កាលពីព្រឹកថ្ងៃទី១៤សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យវះកាត់របស់មន្ទីរពេទ្យគន្ធបុប្ផា បានវះចោះក្រពះ យកសំណុំដុំសក់យ៉ាងធំចេញពីក្រពះក្មេងស្រីវ័យ៨ឆ្នាំម្នាក់ ដែលបានលេបសក់របស់ខ្លួនជាច្រើនខែរហូតក្លាយជាដុំសក់ក្នុងក្រពះ។ គ្រូពេទ្យបានបញ្ជាក់ថា អាការរោគដ៏កម្រនេះ គឺមិនមែនជាជំងឺទេ តែជាសំណុំសរសៃសក់ ដែលកុមារឬក្មេងជំទង់ ជាពិសេសក្មេងស្រី បានលេបសរសៃសក់មួយថ្ងៃបន្តិចម្តងៗ ចូលទៅក្នុងក្រពះ។ នេះបើតាមយោងទំព័រហ្វេសប៊ុក Dr. Beat Richner។
 


កុមារី ដែលត្រូវបានគ្រូពេទ្យវះយកដុំសក់ចេញពីក្រពះ នាថ្ងៃទី១៤សីហា ។ រូបថត៖ Dr. Beat Richner

ប្រភពដដែលបានសរសេររៀបរាប់ដូច្នេះថា៖«កុមារីអាយុ៨ឆ្នាំនេះ មានអាការ ឈឺចុកពោះនិងដុំពោះ អស់រយៈពេលជាង២ខែមកហើយ។ ក្រោយការថតឆ្លុះក្រពះដោយម៉ាស៊ីនMRI និងឆ្លុះក្រពះដោយហ្វីប្រូស្កូប (fibroscopy) បានរកឃើញដុំសក់ក្នុងក្រពះយ៉ាងធំ ហៅថាទ្រីកូប៊ីហ្សូអារ (trichobezoar) ដែលក្មេងស្រីនេះ បានលេបសក់ខ្លួនឯងបន្តិចម្តងៗជាច្រើនខែមកហើយ ហើយក្រុមគ្រូពេទ្យវះកាត់បានវះចោះក្រពះ យកសំណុំដុំសក់យ៉ាងធំនេះចេញពីក្រពះកុមារីដ៏កំសត់នេះ បានដោយជោគជ័យ»។
 
បើតាមទំព័រហ្វេសប៊ុក Dr. Beat Richner ការលេបសរសៃសក់នេះ ជាទូទៅទាក់ទងនឹងការប្រែប្រួលខុសប្រក្រតីនៃផ្លូវចិត្តរបស់ក្មេង ហើយបន្តិចម្តងៗបង្កើតបានជាដុំសក់ក្រាំងក្រញាញ់ចូលគ្នានៅក្នុងក្រពះ ដោយសារសក់មិនរលាយក្នុងក្រពះ។ ប៉ុន្តែវាក្លាយជាដុំកាន់តែធំ អាចបណ្តាលឲ្យស្ទះក្រពះ រលាកក្រពះ ដំបៅក្រពះ និងអាចហូរឈាមឬធ្លាយក្រពះក៏មាន៕
 

Tag:
 មន្ទីរពេទ្យគន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com