អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
15, Aug 2021 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្កានីស្ថាន បានក្លាយជាប្រធានបទដ៏ក្តៅមួយ ដែលប្រទេស និងប្រជាជនជាច្រើន កំពុងតាមដាន។ ក្រុមកាតាលីបង់ បានគ្រប់គ្រងដែនដី កាន់តែធំ ខណៈអាមេរិក និងអង់គ្លេសជាដើម បានជម្លៀសបុគ្គលិកស្ថានទូតខ្លួនចេញ។ ស្របគ្នានេះ ការរីកសាយនៃជំងឺកូវីដ-១៩ នៅលើពិភពលោក ក៏សំខាន់ផងដែរ។

 
ថ្ងៃទី៩ ខែសីហា 
 
ព្រុយណេ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងដល់ ៤២ករណី ដែលជាតួលេខដ៏ខ្ពស់បំផុត ចាប់តាំងពីផ្ទុះកូវីដ-១៩នៅចុងឆ្នាំ២០១៩ ។ កំណត់ត្រានេះ កើតឡើងបន្ទាប់ពីព្រុយណេមានករណីឆ្លងក្នុងស្រុកលើកដំបូង ក្នុងរយៈពេល ១៥ខែកន្លងមកនេះ។
 
ប្រេសិតពាណិជ្ជកម្មអូស្ត្រាលី Tony Abbott បញ្ជាក់ថា អូស្រ្តាលី ចង់សម្រេចឱ្យបានលឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដើម្បីជំនួសការនាំចេញទំនិញទៅទីផ្សារចិនដែលកំពុងមានបញ្ហា។ សម្រាប់លោក Abbott កិច្ចព្រមព្រៀងជាមួយឥណ្ឌាជាសញ្ញាបង្ហាញថា ក្រុមប្រទេសជាប្រជាធិបតេយ្យ កំពុងងាកចេញពីចិន លើផ្នែកពាណិជ្ជកម្ម។ 
 
ថ្ងៃទី១០ ខែសីហា
 
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង ចេញសារព្រមានជាថ្មីទៀតទៅកាន់អាមេរិក និងកូរ៉េខាងត្បូងដែលរៀបចំសមយុទ្ធយោធារួមគ្នា ទោះកូរ៉េខាងជើងប្រាប់ឱ្យផ្អាកក្ដី។ 
 
អាមេរិក បានប្រកាសផ្តល់ជំនួយមនុស្សធម៌ច្រើនជាង ៥០លានដុល្លារ ដល់ប្រជាជនមីយ៉ាន់ម៉ា ស្របពេលប្រទេសអាស៊ីអាគ្នេយ៍នេះ កំពុងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ និងកំពុងមានវិបត្តិមនុស្សធម៌។
 
ថ្ងៃទី១១ ខែសីហា
 
កូរ៉េខាងជើង បានចេញគំរាមថ្មីមួយទៀតហើយនៅថ្ងៃទី១១ ខែសីហាទៅកាន់អាមេរិក និងកូរ៉េខាងត្បូងដែលបន្តគម្រោងរៀបចំសមយុទ្ធយោធារួមគ្នា ដោយមិនអើពើការខ្វល់ខ្វាយរបស់ខ្លួន។ មិនមែនលោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន ទៀតឡើយ លើកនេះសារការគំរាមចេញពីលោក គីម យ៉ុងឈុល មន្រ្តីទទួលបន្ទុកកិច្ចការអន្តរកូរ៉េវិញ។
 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានជំរុញឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានបង្កើនការប្រយុទ្ធរបស់ខ្លួន តែអាមេរិកនឹងបន្តជួយតាមប្រតិបត្តិការផ្លូវអាកាស និងគ្រឿងបរិក្ខារនានា។ ក្រុមតាលីបង់ វាយដណ្ដើមបានទីក្រុង៣ទៀតពីកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅថ្ងៃទី១០ និងទី១១ ខែសីហា ដែលធ្វើឱ្យទីក្រុងធំៗចំនួន៨ហើយធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមមួយនេះ។ ភាគច្រើនជាទីក្រុងនៅភាគខាងជើងប្រទេស។
 
ថ្ងៃទី១២ ខែសីហា
 
បារាំង និងហុងគ្រី ប្រកាសនៅថ្ងៃទី១២ ខែសីហា ថា នឹងផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៧៧ម៉ឺនដូសដល់វៀតណាមដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
 
អាមេរិក និងចក្រ ភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន ហើយបញ្ជូនកងទ័ពទៅកាន់អាហ្វហ្កានីស្ថានដើម្បីការពារការជម្លៀសមនុស្សទៀតផង។ អាមេរិក ក៏ទទូចជាថ្មីឱ្យប្រជាជនខ្លួនប្រញាប់រៀបបង្វិចចេញពីប្រទេសនេះផងដែរ។
 
ថ្ងៃទី១៣ ខែសីហា
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ ថា ទីក្រុងចំនួន៥ ក្នុងខេត្តហ៊ូប៉ីកំពុងរងការគំរាមកំហែងដោយសារទឹកជំនន់ក្រោយភ្លៀងធ្លាក់ខ្លាំង និងបានប្រកាសសញ្ញាអាសន្នពណ៌ក្រហមដែលកម្រិតអាសន្នខ្ពស់បំផុត។ មនុស្ស២១នាក់ស្លាប់ក្នុងជំនន់ទឹកភ្លៀងដែលបង្ខំឱ្យមានការជម្លៀសប្រជាជនជិត៦ពាន់នាក់ទៅកាន់ទីសុវត្ថិភាព។
 
លោកស្រី Siti Nadia Tarmizi អ្នកនាំពាក្យក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ឥណ្ឌូណេស៊ី បានរកឃើញថា ប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac បានធ្លាក់ចុះនៅរយៈពេល៣ខែបន្ទាប់។
 
ថ្ងៃទី១៤ ខែសីហា 
 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាក់ជាថ្មីពីជំហររបស់លោកក្នុងការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយមិនបន្តសង្រ្គាមទៀតឡើយ។ លោក បៃឌិន អះអាងថា គ្មានជម្រើសឡើយរវាងការអនុវត្តកិច្ចព្រមព្រៀងរបស់លោក ដូណាល់ ត្រាំ ជាមួយក្រុមតាលីបង់សំដៅធានាការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ឬត្រូវបញ្ជូនទ័ពបន្ថែមទៅចូលរួមជម្លោះផ្ទៃក្នុងប្រទេសមួយ៕
 

Tag:
 កូវីដ-១៩
  អាមេរិក
  អាហ្វហ្កានីស្ថាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com