កីឡាអន្តរជាតិ
អន្តរជាតិ
កូនស្រីអាយុ១៤ឆ្នាំឈ្នះមេដាយមាសអូឡាំពិក តែឪពុកបដិសេធជំនួយព្រោះមិនចង់កេងចំណេញ​លើ​កិត្តិយស​កូន
16, Aug 2021 , 8:31 am        
រូបភាព
Quan Hongchan ពេលទទួលមេដាយមាស និងលោក Quan Wenmao ពេលផ្តល់បទសម្ភាសដល់សារព័ត៌មាន
Quan Hongchan ពេលទទួលមេដាយមាស និងលោក Quan Wenmao ពេលផ្តល់បទសម្ភាសដល់សារព័ត៌មាន
ដោយ: ធីតា
អាយុត្រឹម១៤ឆ្នាំ កីឡាការិនីចិន Quan Hongchan បានឈ្នះមេដាយមាសលើវិញ្ញាសាលោតជ្រមុជទឹកចម្ងាយ១០ម៉ែត្រ (Diving-10m Platform) ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ Hongchan បានអះអាងថា ការប្រឹងប្រែងរបស់នាងគឺដើម្បីរកលុយដោះស្រាយជីវភាពគ្រួសារ ជាពិសេសព្យាបាលម្តាយ។ ក្រោយឮការលើកឡើងបែបនេះ ចលនាសប្បុរសធម៌បានកើតឡើងយ៉ាងផុសផុល ប៉ុន្តែឪពុករបស់ Hongchan ដែលជាកសិករ បានបដិសេធរាល់ជំនួយទាំងអស់។

 
 
ឪពុកជាកសិករដាំក្រូច រីឯម្តាយធ្លាក់ខ្លួនឈឺ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពី៤ឆ្នាំមុន។ ក្រោយទទួលបាន មេដាយមាសអូឡាំពិក Quan Hongchan បាននិយាយថា ការប្រឹងប្រែងរបស់នាង គឺដើម្បីរកលុយជួយគ្រួសារដែលមានសមាជិក៧នាក់។ នាងជាកូនទីបីក្នុងចំណោមកូន៥នាក់។
 
«ខ្ញុំចង់រកលុយដើម្បីព្យាបាលម្តាយ»។ ម្ចាស់មេដាយមាសអូឡាំពិកដ៏វ័យក្មេងរបស់ចិន បានលើកឡើងយ៉ាងដូច្នេះក្នុងបទសម្ភាស ដែលធ្វើឲ្យពលរដ្ឋចិនទូទាំងប្រទេស មានការអាណិតអាសូរយ៉ាងខ្លាំង។
 
ជីដូន​របស់ Qhan Hongchan ចេញទៅលើកដៃដាក់អ្នកគាំទ្រចៅដែលនាំគ្នាឈរថតនៅមុខផ្ទះ

យោងតាមការផ្សាយរបស់ Global Tomes បណ្តាក្រុមហ៊ុននានា បានសន្យាផ្តល់ផ្ទះ ហាងលក់ដូរ និងការបន្ថែមពិសេសផ្សេងទៀតដល់នាង រួមទាំងការទៅលេងទីកម្សាន្តនានាដោយឥតគិតថ្លៃពេញមួយជីវិត ផងដែរ។
 
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈបទសម្ភាសជាមួយ Southern Metropolis Daily លោក Quan Wenmao ដែលជាឪពុក បានប្រកាសបដិសេធរាល់ជំនួយទាំងអស់ដែលមានចំនួនក្នុងខ្ទង់លានដុល្លារអាមេរិក។ «ខ្ញុំសូមអរគុណពួកគេ ប៉ុន្តែខ្ញុំមិនយកអ្វីឡើយ ពោលគឺមិនយកមួយសេនណាឡើយ»។ 
 
លោក Quan Wenmao ដែលនៅតែបន្តការងារដាំក្រូចរបស់ខ្លួន បានអះអាងថា បានឃើញពីការជួយឈឺឆ្អាល និងយកចិត្តទុកដាក់លើខ្លួនស្រីខ្លួន ប៉ុន្តែលោកនឹងមិនយកកិត្តិយសដែល Hongchan ទទួលដើម្បីកេងចំណេញជាប្រយោជន៍ក្រុមគ្រួសារនោះឡើយ។
 
សារព័ត៌មាននានារបស់ចិន បានលើកឡើងថា លោក Quan Wenmao គ្រាន់តែចង់ឲ្យកូនផ្តោតលើការហ្វឹកហាត់បន្ត និងការសិក្សារៀនសូត្រប៉ុណ្ណោះ ហើយទទួលបាននូវអ្វីដែលគួរទទួលបានប៉ុណ្ណោះ ប៉ុន្តែមិនមែនជាជំនួយសប្បុរស។
 
ជាមួយគ្នា ស្រុកកំណើតរបស់ Hongchan ពោរពេញទៅដោយមនុស្សណែនណាន់តាន់តាប់ ក្រៅពីអ្នកមានទឹកចិត្តសប្បុរសធម៌ពិតប្រាកដ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានទៅកាន់ទីនោះដើម្បី Live ផ្ទាល់ទាក់ទាញអ្នកមើល (view) ពោលគឺដើម្បីបង្កើនប្រជាប្រិយភាពក្នុងបណ្តាញសង្គមរបស់ខ្លួន ប៉ុណ្ណោះ ហើយអ្នកខ្លះទៀត ថែមទៀតយករបស់របរពីផ្ទះរបស់នាងដើម្បីទុកជាវត្ថុអនុស្សាវរីយ៍។ 
 
អាជ្ញាធរមូលដ្ឋាន ក៏បានប្រឹងប្រែងរៀបចំសណ្តាប់ធ្នាប់ផងដែរ ហើយសកម្មភាពដ៏អ៊ូអរនេះ ក៏ជាការរំខានដល់ម្តាយរបស់ Hongchan ថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Wenmao នៅតែអរគុណចំពោះសន្តានចិត្តទាំងអស់ ប៉ុន្តែលោកចង់បានការអបអរសាទរពីចម្ងាយប៉ុណ្ណោះ ជាពិសេសក្នងបរិបទកូវីដ-១៩។
 
លោកបានបញ្ជាក់ថា កន្លងមក លោកមិនសូវមានពេលវេលាសម្រាប់កូននោះឡើយ ដោយសារការងារស្រែចម្ការ ប៉ុន្តែក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិក Hongchan មានពេលវេលាច្រើនជួបជុំគ្រួសារ ដោយរង់ចាំតែការហៅរបស់គ្រូបង្វឹកមួយគត់។
 
ក្នុងការប្រកួតលើវិញ្ញាសាលោតជ្រមុជទឹកម្ពស់១០ម៉ែត្រ Quan Hongchan ឈ្នះមេដាយមាស ជាមួយនឹងការសម្រេចបាន ៤៦៦.២០ពិន្ទុ ខណៈមិត្តរួមជាតិចិន Chen Yuxi បានមេដាយប្រាក់ និងកីឡាការិនីអូស្ត្រាលី Wu Melissa បានមេដាយសំរឹទ្ធ៕
 
 
 

Tag:
 Tokyo Olympics
© រក្សាសិទ្ធិដោយ thmeythmey.com