កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ អត់ Kane តែ Son ស៊ុត១គ្រាប់ជួយ Spurs ឈ្នះជើងឯកចាស់ Man City នៅជំនួបបើកឆាក
16, Aug 2021 , 9:31 am        
រូបភាព
Son Heung-min ស៊ុត១គ្រាប់ដ៏អស្ចារ្យ ជួយ Tottenham Hotspur យកឈ្នះក្រុមការពារតំណែងជើងឯក Manchester City ១-០ ក្នុងជំនួបបើកឆាក Premier League រដូវកាលថ្មី ២០២១-២២។ ជំនួបនេះមិនមានវត្តមាន Harry Kane ឡើយ ខណៈការបង្ហាញខ្លួនលើកដំបូង Jack Grealish ក្នុងនាមកីឡាករថ្លៃជាងគេនៅអង់គ្លេសទទួលបានត្រឹមខកចិត្ត។



មិនមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Kane ឡើយ នាជំនួបបើកឆាករដូវកាលថ្មីនៅកីឡដ្ឋាន Tottenham Hotspur នៅយប់ថ្ងៃទី១៥ ខែសីហា។ យ៉ាងណាក្រុមម្ចាស់ផ្ទះ Spurs នៅតែអាចរកបាន៣ពិន្ទុ បន្ទាប់ពី Son ស៊ុតគ្រាប់ជ័យជម្នះនៅនាទី៥៥ តាមរយៈការបញ្ជូនពីមិត្តរួមក្រុម Steven Bergwijn។
 
Kane មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ Man City យ៉ាងខ្លាំងចាប់តាំងពីត្រៀមបើករដូវកាលថ្មីមក ខណៈប្រធានក្រុមអង់គ្លេសរូបនេះ ខនខានចូលរួមហ្វឹកហាត់ជាមួយក្រុមដែលដឹកនាំដោយអ្នកចាត់ការថ្មី Nuno Espirito Santo ក្រោយសម្រាកពីការប្រកួត Euro 2020។


 
ដោយឡែកក្រុមមេឃខៀវឯណោះវិញ បើទោះបង្ហាញវត្តមានកីឡាករថ្លៃជាងគេ Grealish ដែលទើបទិញបានពី Aston Villa ក្នុងតម្លៃ ១៣៨លានដុល្លារ នៅតែមិនអាចជួយក្រុមរកជ័យជម្នះបាន។ ប៉ុន្តែទោះបរាជ័យ ក្រុមលោក Pep Guardiola នៅតែមានទម្រង់លេងវាយសម្រុកតាមរយៈការគ្រប់គ្រងបាល់ដ៏ច្រើន។
 
លទ្ធផលគូដទៃទៀត ដែលរួមមានទាំងការប្រកួតនៅថ្ងៃទី១៤ ខែសីហា Manchester United ឈ្នះ Leeds United ៥-១, Chelsea ឈ្នះ Crystal Palace ៣-០, Liverpool ឈ្នះ Liverpool Norwich City ៣-០ ខណៈ Arsenal ចាញ់ក្រុមទើបឡើងពីលីគទី២ Brentford ២-០និងលទ្ធផលផ្សេងទៀតខាងក្រោម៖
 
- Burnley ១ – ២ Brighton & Hove Albion
- Everton​ ៣ - ១ Southampton
- Leicester City ១ - ០ Wolverhampton Wanderers
- Watford ៣ - ២ Aston Villa
- Newcastle United ២ – ៤ West Ham United
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com