ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ចង់ទប់ស្កាត់ និងព្យាបាលអាការៈក្រហាយទ្រូង កុំរំលង ៨ចំណុចនេះ
17, Aug 2021 , 6:59 am        
រូបភាព
បញ្ហានៃជំងឺច្រាលអាស៊ីតក្រពះ គឺជាស្ថានភាពសុខភាពមួយដែលជាញឹកញយកើតមានឡើងក្រោយពេលទទួលទានអាហារ។ វាក៏អាចកើតឡើងដោយសារការទទួលទានអ្វីដែលបង្កឲ្យរលាកស្រទាប់ក្រពះ ឬបង្កើនទឹកអាស៊ីតក្រពះផងដែរ។ អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះរួមមាន ក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ និងក្អកដែលបង្កការរំខានគួរឱ្យព្រួយបារម្ភ។ ថាតើយើងអាចទប់ស្កាត់ និងព្យាបាលអាការៈក្រហាយទ្រូងបានដោយខ្លួនឯងឬទេ? គ្មានអ្វីពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព ​Health.com.kh នឹងបង្ហាញឱ្យដឹងអំពីគន្លឹះងាយៗជួយដោះស្រាយបញ្ហានេះ ៖

 
១. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
 
ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយ ដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ
 
២. បញ្ឈប់ការជក់បារី
 
ការជក់បារីអាចផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ដូច្នេះប្រសិនបើអ្នកជាអ្នកជក់បារី ហើយតែងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះក្នុងពេលជាមួយគ្នានោះ អ្នកគួរតែពិចារណាបោះបង់ចោលនូវទម្លាប់នេះជាចាំបាច់។
 
៣. ជ្រើសរើសទីតាងគេងឱ្យបានត្រឹមត្រូវ
 
ទីតាំងគេងដ៏ល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាច្រាលទឹកអាស៊ីតក្រពះ ឬក្រហាយទ្រូងនោះ គឺការគេងបែរទៅខាងឆ្វេង ខណៈដែលវាជួយសម្រួលដល់ការរំលាយអាហារ។ អ្នកក៏អាចគេងយ៉ាងណាឱ្យផ្នែកខាងលើនៃរាងកាយខ្ពស់បន្តិច ដើម្បីជួយទប់ស្កាត់អាស៊ីតក្រពះមិនឱ្យច្រាលពីបំពង់អាហារ។
 
៤. ប្រយ័ត្នចំពោះអ្វីដែលអ្នកទទួលទាន
 
ចូរចៀសវាង ឬកម្រិតការទទួលទានអាហារមួយចំនួនរួមបញ្ចូលទាំងផ្លែឈើប្រភេទ citrus, កាហ្វេ, ភេសជ្ជៈមានផ្ទុកកាហ្វេអ៊ីន, ជីអង្កាម, ប៉េងប៉ោះ, គ្រឿងស្រវឹង (ជាពិសេសស្រាក្រហម), សូកូឡា, ខ្ទឹមស, ខ្ទឹមបារាំង និងអាហារហឹរ។ នេះក៏ព្រោះតែអាហារប្រភេទនេះអាចបង្កអាការៈច្រាលទឹកអាស៊ីតក្រពះនាំឱ្យក្រហាយទ្រូង។ អ្នកក៏ចាំបាច់គួរចៀសវាងអាហារកែច្នៃផងដែរ។
 
៥. ចៀសវាងសម្លៀកបំពាក់រឹបតឹង
 
អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាសម្លៀកបំពាក់រឹបតឹង និងខ្សែក្រវ៉ាត់អាចដាក់សម្ពាធបន្ថែមលើពោះដែលបណ្ដាលឱ្យអាស៊ីតក្រពះច្រាលឡើង។ ដូច្នេះដើម្បីជាការប្រសើរ ចូរកុំជ្រើសរើសសម្លៀកបំពាក់ដែលរឹបតឹង។
 
៦. កាត់បន្ថយកម្រិតនៃភាពស្ត្រេស
 
នេះក៏ព្រោះតែស្ត្រេស គឺជាមូលហេតុចម្បងបំផុតមួយដែលបង្កអាការៈក្រហាយទ្រូងដោយបង្កើនបរិមាណនៃការផលិតអាស៊ីតក្រពះក្នុងរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសរបស់អ្នក។
 
៧. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
 
ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ។
 
៨. ញ៊ាំហើយគេងភ្លាម
 
ជាធម្មតាអាស៊ីតត្រូវបានផលិតឡើងនៅពេលរំលាយអាហារដែលមានផ្ទុកនៅក្នុងក្រពះ។ហើយការគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារ គឺអាចនឹងបណ្ដាលឱ្យអាស៊ីតក្រពះមិនហូរចុះក្រោម ប៉ុន្តែបែរជាហូរឆ្លងកាត់ក្រពះទៅប៉ះផ្នែកណាមួយនៃបំពង់អាហារវិញដែលបង្កជាបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាលទ្ធផលអ្នកអាចនឹងក្រហាយទ្រូង ឬក្នុងបំពង់ក៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com