អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតកម្មបារមី ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតកម្មខ្នាតអន្ដរជាតិ Warner Music Group’s ADA Asia ដើម្បីនាំយកតន្ដ្រី និងសិល្បៈវប្បធម៌ខ្មែរ ទៅលើឆាកអន្តរជាតិ
16, Aug 2021 , 2:59 pm        
រូបភាព
សិង្ហបុរី– ថ្ងៃទី១៣ សីហា ២០២១៖  Warner Music Group’s ADA Asia បានចេញសេចក្ដីប្រកាស ពីការចុះកិច្ចព្រមព្រៀងជាដៃគូរួមសហការ ជាមួយនឹង ក្រុមហ៊ុនផលិតកម្មបារមី (“Baramey”) ដែលជាក្រុមហ៊ុនតន្ត្រីលំដាប់ខ្ពស់នៅកម្ពុជា ផ្ដោតទៅលើតន្រ្ដី Original Music ដែលតែងតែគាំទ្រ លើកស្ទួយ សិល្បករខ្មែរ ដែលមានទេពកោសល្យខ្ពស់។ នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលមានក្រុមហ៊ុនតន្ដ្រីនៅប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង ជាដៃគូរួមសហការ ជាមួយនឹងក្រុមហ៊ុនអន្តរជាតិ លំដាប់ថ្នាក់ខ្ពស់ (Major Labels) ដែលមានតែ ៣ ក្រុមហ៊ុនទេលើពិភពលោក។
 
Warner Music Group’s ADA Asia នឹងរួមដៃគ្នាជាមួយក្រុមហ៊ុនផលិតកម្មបារមី ដើម្បីលើកកម្ពស់ តន្ដ្រី និងសិល្បៈវប្បធម៌ខ្មែរ ទៅលើឆាកអន្តរជាតិ ដែលនឹងនាំយកឱកាសល្អៗ មកផ្តល់ឱ្យសិល្បករខ្មែរ តាមរយៈការចែកចាយតន្ដ្រី និងសិល្បៈខ្មែរ ទៅទីផ្សាអន្ដរជាតិតាមប្រព័ន្ធឌីជីថល និងផ្ដល់អាជ្ញាប័ណ្ឌ (sync licensing) ដែលនឹងនាំយកថវិកាឱ្យសិល្បករ នៅពេលបទចម្រៀងគាត់ ត្រូវបានជ្រើសរើសយកទៅប្រើក្នុងភាពយន្ត ឬ Media នៅលើពិភពលោក។
 
ក្រុមហ៊ុនផលិតកម្មបារមី បានបោះជំហានមុនគេ ក្នុងកាខិតខំលើកកម្ពស់ទេពកោសល្យសិល្បករ ជួយជំរុញឱ្យមានការរស់ឡើងវិញនៃសិល្បៈតន្រ្ដី ក្រោយពីរបបព្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបំផ្លាញវិស័យសិល្បៈទាំងមូល ដែលធ្វើឲ្យសិល្បៈតន្រ្ដីខ្មែរស្ទើរតែបាត់បង់។  ផលិតកម្មបារមី បានបង្កើតវេទិកាមួយ សម្រាប់សិល្បករ ដើម្បីបញ្ចេញបទចម្រៀងផ្ទាល់ខ្លួន ហើយជួយកាពារពីការលួចចម្លង តាមរយៈវេទិកា Original Music Movement។  ផលិតកម្ម បារមី បាននាំយកនូវគុណភាព ស្ដង់ដារកម្រិតអន្ដរជាតិ មកដល់វិស័យសិល្បៈ និងតន្រ្ដីនៅកម្ពុជា។
 


ពេលនេះ តន្រ្ដីករខ្មែរ កំពុងបោះជំហានត្រលប់មករកភាពលេចធ្លោ លើឆាកអន្តរជាតិវិញហើយ។ សព្វថ្ងៃនេះ ក្រុមហ៊ុន ផលិតកម្មបារមី មានសិល្បករ សិល្បការិនី ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេស មានដូចជាក្រុម ក្មេងខ្មែរ (Kmeng Khmer) ជាអ្នកចម្រៀង Hip-Hop, សិល្បការិនី ក៏ជាស្ថាបនិក និងជាអ្នកស្វែករកជំហានថ្មី នៃតន្ត្រី Original Music នៅកម្ពុជា កញ្ញា ម៉ម ឡរ៉ា (Laura Mam), សិល្បការិនី R&B ដែលកំពុងពេញនិយម កញ្ញា កៅ សុហ្វៀរ (Sophia Kao) និងកំពូលតារា Hip-Hop Star ប្រចាំប្រទេស វណ្ណដា (VannDa)។
 
កញ្ញា ម៉ម ឡរ៉ា ដែលជាសិល្បការិនី ស្ថាបនិក និងជានាយកប្រតិបត្ដិនៃក្រុមហ៊ុនផលិតកម្មបារមី បានមានប្រសាសន៍ថា៖ “វាគឺជាកិតិ្ដយសមួយដ៏ធំ ដែលយើងបានចាប់ដៃគូ ជាមួយក្រុមហ៊ុន ADA Asia ដើម្បីចែកចាយតន្រ្ដីខ្មែរ ទៅកាន់ពិភពលោក។ កិច្ចព្រមព្រៀងនេះ ជាជំហានមួយដ៏ធំសម្រាប់វិស័យសិល្បៈតន្ត្រីនៅកម្ពុជា ដោយយើងនឹងនាំយកឱកាសថ្មីល្អៗ ដែលវាអាចនឹងផ្លាស់ប្តូរវាសនាសិល្បករខ្មែរផងដែរ។ កាលយើងបង្កើតក្រុមហ៊ុនបារមី ការចែកចាយតន្រ្តីខ្មែរទៅបរទេស មិនដែលមាននោះទេ។  នាងខ្ញុំ ពិតជាមានមោទកភាព និងរីករាយក្រៃលែង ដែលក្រុមហ៊ុនបារមីយើង នឹងបានក្លាយជាផលិតកម្មដំបូង ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលចាប់ដៃគូជាមួយក្រុមហ៊ុនតន្រ្តីខ្នាតអន្ដរជាតិ ដើម្បីនាំយកតន្រ្ដី និងសិល្បៈវប្បធម៌ ពីប្រទេសយើងទៅកាន់ពិភពលោក” ។


 
លោក Josh Kahn នាយកប្រតិបត្ដិការផ្នែកអភិវឌ្ឍពាណិជ្ជកម្ម នៃក្រុមហ៊ុនផលិតបារមី បានបន្ថែមថា ៖“ខ្ញុំពិតជារំភើប ដែលពួកយើងអាចចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ADA Asia និងគ្រួសារ Warner Music នៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ។ វាពិតជាសំខាន់សម្រាប់ពួកយើង ក្នុងការស្វែងរកដៃគូ ដែលយល់ពីសារសំខាន់ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងអាស៊ីអាគ្នេយ៍ និងលើសពីនេះ សម្រាប់សិល្បកររបស់ពួកយើងផ្ទាល់។ ពួកយើងយល់ឃើញថា នេះជាឱកាសដ៏ធំសម្រាប់តន្ត្រីរបស់យើង ហើយយើងពិតជារំភើបណាស់ ដោយយើងមានដៃគូដែលមានគំនិត និងបំណងដូចគ្នា” ។
 


លោក Chee Meng Tan នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន ADA Asia បានបន្ថែមពីលើនេះទៀតថា៖ “ខ្ញុំជឿជាក់ថា ក្រុមហ៊ុន ADA Asia រួមជាមួយនឹងក្រុមហ៊ុនបារមី នឹងបង្កើតជាថាមពលដ៏ខ្លៀវក្លា ដែលនឹងអាចបើកទំព័រថ្មី នៅក្នុងប្រវត្តិសាស្ត្រតន្ត្រី របស់ប្រទេសកម្ពុជា។ សិល្បៈតន្រ្ដី គឺគ្មានព្រំដែនកំណត់ ហើយទេពកោសល្យរបស់សិល្បករ សិល្បការិនីខ្មែរ មានលក្ខណៈល្អពិសេស ដែលសមនឹងទទួលបានការចាប់អារម្មណ៍ នៅលើឆាកអន្ដរជាតិ។   ភាពជាដៃគូនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង គ្មានគូប្រៀប របស់ ADA Asia ដែលយើងអាចស្វែករកដៃគូដ៏ល្អ ដូចជាក្រុមហ៊ុនបារមី ដ៏មានសមត្ថភាព និងមានចក្ខុវិស័យ ខាងចែកចាយដន្ត្រីទូទាំងតំបន់អាស៊ីទាំងមូល” ។


 
ADA Asia មានការិយាល័យកណ្តាល នៅប្រទេសសិង្ហបុរី ហើយបានបង្កើតឡើងនៅខែញ្ញា ឆ្នាំ២០២០ ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រពង្រីកជាសកល របស់ ADA Worldwide ទូទាំងពិភពលោក។ ក្រុមហ៊ុនផលិតបារមី គឺជាផលិតកម្ម ទី៥ ដែល ADA Asia បានចុះកិច្ចព្រមព្រៀង ចាប់តាំងពីបើកដំណើរការមកបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនតន្រ្តីឈានមុខគេ នៅប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។ 
 


កិច្ចព្រមព្រៀងនេះ ទទួលបានមកពីភាពជោគជ័យរបស់ផលិតកម្មបារមី នៅដើមឆ្នាំនេះ ជាមួយនឹងបទ“ Time to Rise” របស់វណ្ណដា ដែលមានការចូលរួមដោយ លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ។ នេះគឺជាបទចម្រៀងទីមួយ ក្នុងចំណោមបទចម្រៀងខ្មែរដំបូងគេ ដែលទទួលបានការគាំទ្រពីអន្តរជាតិ។ វីដេអូចម្រៀងមួយនេះ ក៏ជាវីដេអូចម្រៀង ដែលទទួលបានប្រជាប្រិយភាពច្រើនជាងគេបង្អស់ នៅក្នុងប្រទេស ជាមួយនឹងការទស្សនាចំនួនជិត ៧០លានដងលើ Youtube។ លោក វណ្ណដា បានចេញបទចម្រៀងទោលថ្មី របស់គាត់ដែលមានចំណងជើងថា “Catch Me If You Can” ដើម្បីជួយបើកទំព័រថ្មី នៃភាពជាដៃគូរវាង ក្រុមហ៊ុនផលិតបារមី ជាមួយនឹង ក្រុមហ៊ុន ADA Asia៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com