COVID-19
ជាតិ
សេដ្ឋកិច្ច
រដ្ឋ ទម្លាក់កម្ចី១០០លានដុល្លារទៀត ដល់SME ដើម្បីទ្រទ្រង់អាជីវកម្ម​ពីវិបត្តិកូវីដ-១៩
17, Aug 2021 , 11:31 am        
រូបភាព
រូបតំណាង៖ ផលិតកម្មនៃ ឧស្សាហកមផលិតចំណីអាហាររបស់ក្រុមហ៊ុនលីលី។ រូបថត៖ Lyly food  Industry
រូបតំណាង៖ ផលិតកម្មនៃ ឧស្សាហកមផលិតចំណីអាហាររបស់ក្រុមហ៊ុនលីលី។ រូបថត៖ Lyly food Industry
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចទម្លាក់កម្ចីក្នុងទំហំថវិកា១០០លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម(SMEs)  ដើម្បីជួយទ្រទ្រង់អាជីវកម្ម និងចូលរួមស្តារសេដ្ឋកិច្ច ពីវិបត្តិកូវីដ-១៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច  ទឹកប្រាក់ចំនួន១០០លានដុល្លារនេះ គឺជាគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ដល់ SMEs ក្នុងជំហានទី២ បន្ទាប់ពីការអនុវត្តគម្រោងសហហិរញ្ញប្បទានទី១ ទទួលបានជោគជ័យ។

 
កាលពីថ្ងៃទី១៦សីហា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ឱ្យដំណើរការគម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ជាជំហាន​ទី​២ ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារដដែល។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់​ថា ​គម្រោងសហហិរញ្ញប្បនទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២  បង្កើតឡើងក្នុងបំណង ​ផ្ដល់ឥណទាន​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍរបស់​ SMEs នៅក្នុង​វិស័យ​អាទិភាពមួយចំនួន។ វិស័យទាំងនោះមានដូចជា វិស័យឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម សម្រាប់​ជំនួស​ឱ្យ​ការ​នាំ​ចូល និងបម្រើ​សេចក្ដី​ត្រូវការ​ក្នុងស្រុក ឬ​​ជា​ធាតុ​ចូល នៅ​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំ​ៗជាដើម​។
 
​បើតាមក្រសួងសេដ្ឋកិច្ច អត្រាការប្រាក់នៃឥណទានផ្តល់ឱ្យ SMEs ដែលស្ថិតនៅក្រោមគម្រោងសហហិរញ្ញប្បទាននេះ ត្រូវបានកំណត់ត្រឹមអតិបរមា ៦,៥ភាគរយ ក្នុងមួយឆ្នាំ សម្រាប់វិស័យអាទិភាព ដែលមានចុះបញ្ជី និង៧,៥ភាគរយក្នុងមួយឆ្នាំ សម្រាប់វិស័យវិស័យមិនមែនអាទិភាព  ឬមិនបានចុះបញ្ជី។​ 
 
កម្ចីក្រោមគម្រោងសហហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនេះ  SMEs ទាំងអស់ ដែលមានលក្ខណៈគ្រប់គ្រាន់ និងស្របតាមលក្ខខណ្ឌ ​អាចដាក់ពាក្យស្នើសុំឥណទាននេះ​ ពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ដៃគូសហការជាមួយជាក្រសួងសេដ្ឋកិច្ច។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ចូលរួមនៃ​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ មាន​ចំនួណ​២៦ស្ថាប័ន ដោយក្នុង​នោះ មាន​ធនាគារពាណិជ្ជ​ចំនួន​២១, ធនាគារ​ឯកទេស​​១, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទទួល​ប្រាក់​បញ្ញើ ចំនួន​៣, និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​១។  សូមជម្រាបថា គម្រោងសហហិរញ្ញប្បទានលើកទី១ ត្រូវបានក្រសួងសេដ្ឋកិច្ច ដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៣មេសា ឆ្នាំ២០២០ មានទំហំទឹកប្រាក់ ១០០លានដុល្លារ៕ 
 

Tag:
 SMEs
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com