អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ចាប់ដៃគូជាមួយ ធនាគារ ភីភីស៊ីប៊ែង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការវេរលុយពីប្រទេសកូរ៉េខាងត្បូង និងការដកលុយជាមួយភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេស
17, Aug 2021 , 2:31 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពីថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយ ឈានមុខគេ លើចំនួនអតិថិជន និងធនាគារភ្នំពេញ ពាណិជ្ជ ម.ក ដែលជាធនាគារពាណិជ្ជ ក្នុងស្រុកមួយដ៏ធំ មានចក្ខុវិស័យក្នុងការផ្តល់សេវាធនាគារ មានលក្ខណៈងាយស្រួល បានចាប់ដៃគូគ្នា ដើម្បីពង្រឹងសក្តានុពលនៃសេវាវេរលុយក្នុង និងក្រៅប្រទេសរបស់ខ្លួន។ កិច្ចសហការនេះ នឹងអាចឲ្យអតិថិជនរបស់ស្ថាប័នទំាងពីរ អាចធ្វើប្រតិបត្តិការវេរ និងដកលុយបានងាយស្រួល  ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។
 
តាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអ្នកកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជា អតិថិជនធនាគារ ភីភីស៊ីប៊ែង ទំាងអស់ដែលកំពុងប្រើប្រាស់ជាមួយ PPCBank Mobile App  អាចវេរលុយមកប្រទេសកម្ពុជា បានដោយគ្រាន់តែបញ្ចូលនូវចំនួនទឹកលុយ ដែលខ្លួនចង់វេរ និងវាយបញ្ចូលលេខទូរសព្ទអ្នកទទួលជាការស្រេច។ សម្រាប់អ្នកទទួលវិញ អាចទៅដកជាមួយភ្នាក់ងារ អេ អឹម ខេ ជិត ៦០០០កន្លែង ដែលនៅជិតបំផុតទូទាំងប្រទេស។ 
 
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានមានប្រសាសន៍ថា៖ “យើងជឿជាក់ថា ការចាប់ដៃគូសហការជាមួយ ធនាគារ ភីភីស៊ីប៊ែង នេះ នឹងកាន់តែផ្តល់ភាពងាយស្រួល សុវត្ថិភាព និងការសន្សំសំចៃខ្ពស់ ទៅដល់អ្នកប្រើប្រាស់សេវាវេរ និងដកលុយទំាងក្នុង និងក្រៅប្រទេស ជាពិសេសពីប្រទេសកូរ៉េ ក្នុងសម័យឌីជីថលនេះតែម្តង ។ បន្ថែមលើនេះ ភាពជាដៃគូសហការជាមួយធនាគារ លំដាប់មួយក្នុងស្រុកនេះដែរ នឹងកាន់តែធ្វើឲ្យស្ថាប័នទំាងពីរ អាចពង្រឹងសក្តានុពលសេវាកម្មរបស់ខ្លួនបន្ថែមមួយកម្រិត ទៀត ដើម្បីអាចផ្តល់សេវាកម្មល្អ និងអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់អតិថិជន”។ 


 
ដំណាលគ្នានេះដែរ លោក  Lim Jong Won នាយកជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង ក៏បានឆ្លៀតឱកាសសំដែងនូវសេចក្តីសោមនស្ស រីករាយ ចំពោះភាពជាដៃគូនេះដែរ។ លោក Lim Jong Won ​លើកឡើងដូច្នេះថា៖ “ ចក្ខុវិស័យរបស់ធនាគារ ភីភីស៊ីប៊ែង គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជា អាចមានលទ្ធភាពប្រើប្រាស់សេវាធនាគារ កាន់តែមានលក្ខណៈងាយស្រួល។ ដូច្នេះតាមរយៈបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយ និងវឌ្ឍនភាពរបស់ អេ អឹម ខេ ដែលជាដៃគូយើងបច្ចុប្បន្ន យើងមើលឃើញថា អតិថិជនទាំងអស់ នឹងមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែប ដែលមានភាពងាយស្រួល និងសន្សំសំចៃខ្ពស់”។
 


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងធនាគារ ភីភីស៊ីប៊ែង ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាស្ថាប័នហិរញ្ញវត្ថុដែលមានភាពរឹងមំា ទៅលើបណ្តាញប្រតិបត្តិការទូលំទូលាយទូទាំងប្រទេស ផលិតផលហិរញ្ញវត្ថុដ៏សម្បូរបែប និងការចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការពាំនាំផលិតផលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងការជំរុញឲ្យមានការដាក់បញ្ចូល សេវាហិរញ្ញវត្ថុក្នុងប្រទេសផងដែរ។ កិច្ចសហការនេះដែរ គឺជាឧទាហរណ៍មួយ ដែលកំពុងបង្ហាញពីភាពរឹងមាំ និងសក្កានុពលរបស់ស្ថាប័នទាំងពីរនេះ នៅក្នុងទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន៕
 
 
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
 
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុប​ជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជិត ៤២០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២១៥លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗ តាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។
 
អំពីធនាគារភីភីស៊ីប៊ែង (PPCBank) ៖
 
ធនាគារ ភីភីស៊ីប៊ែង គឺជាធនាគាររបស់ប្រទេសកូរ៉េខាងត្បូងមួយ ដែលបានចាប់ផ្ដើមអាជីវកម្មនៅកម្ពុជា នៅខែកញ្ញា ឆ្នាំ២០០៨ ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុន JB Financial Group និងក្រុមហ៊ុនApro Financial Co។ ធនាគារ ភីភីស៊ីប៊ែង កំពុងធ្វើប្រតិបត្ដិការ នៅទូទាំងប្រទេសកម្ពុជា តាមរយៈសាខាចំនួន ១៦ សាខា នៅរាជធានីភ្នំពេញ និងសាខាចំនួន៧ នៅតាមបណ្ដាខេត្តសំខាន់ៗមួយចំនួន និងមានទូ ATM ចំនួន៦៥។ ធនាគារ ភីភីស៊ីប៊ែង បានផ្តល់ជូនផលិតផល និងសេវាកម្មផ្នែកធនាគារសម្បូរបែប ដែលរួមមានទាំងសេវា ធនាគារលក្ខណៈប្រពៃណី និងបែបឌីជីថលទំនើប ដោយរាប់បញ្ចូលទាំងសេវាប្រាក់បញ្ញើ ឥណទាន សេវា smartBiz ដែលជាសេវាកម្មធនាគារ សម្រាប់ផ្នែកអាជីវកម្មបែបឌីជីថល និងសេវា Mobile Teller ដែលជាសេវាប្រឹក្សាយោបល់អតិថិជន ទាំងនៅក្នុង និងក្រៅសាខា។ ក្នុងឆ្នាំ ២០២០ ធនាគារ ភីភីស៊ីប៊ែង បានចុះបញ្ជីមូលបត្រក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា។ 
 
ធនាគារ ភីភីស៊ីប៊ែង ចូលរួមគាំទ្រយ៉ាងសកម្ មក្នុងកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន (CSR Initiative) ដោយក្លាយជាធនាគារដំបូងបង្អស់ ដែលបានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់បុគ្គលិក ដែលមានពិការភាពលើសោតវិញ្ញាណ តាមរយៈកិច្ចសហការជាមួយហាងកាហ្វេ Socials Coffee ដែលមាននៅសាខាធនាគាររបស់ខ្លួន។ បន្ថែមពីនេះទៅទៀតកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនក៏បានគាំទ្រ ដល់អង្គការបោសសម្អាតមីននៅកម្ពុជា ដូចជាអង្គការ APOPO កណ្ដុរហិតមីន «HeroRATs» ដែលកំពុងធ្វើការបោសសម្អាតមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា។

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com