កីឡាអន្តរជាតិ
អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយបញ្ចូលតៃវ៉ាន់ និងហុងកុងដើម្បីបង្ហាញថា ចិនឈ្នះមេដាយ​អូឡាំពិក​​ច្រើនជាង​អាមេរិក​
17, Aug 2021 , 10:29 pm        
រូបភាព
បណ្តាញព័ត៌មាន​ចិនប្រកាសខ្លួនឯងថាចិនឈ្នះមេដាយ​ច្រើន​ជាងគេ​ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ដោយ​រាប់បញ្ចូលទាំងមេដាយ​ដែល​ហុងកុង និង​តៃវ៉ាន់ ទទួលបាន។ ការរាប់បញ្ចូលនេះ ហាក់បង្ហាញថាពួកគេចង់ឈ្នះសហ​រដ្ឋអាមេរិកលើចំនួន មេដាយអូឡាំពិក។

 
ព្រឹត្តិការណ៍កីឡារដូវក្តៅ ដែលពន្យារមួយឆ្នាំដោយសារជំងឺកូវីដ-១៩ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី៨ ខែសីហា បន្ទាប់ប្រកួតគ្នាអស់រយៈពេល១៨ថ្ងៃ។ ការរាប់មេដាយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្លូវការ បង្ហាញថាសហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ១ និងចិនទទួលបានចំណាត់ថ្នាក់លេខ២ ហើយលេខ៣បានទៅម្ចាស់ផ្ទះជប៉ុន។
អាមេរិកឈ្នះមេដាយច្រើនជាងគេទាំង៣កម្រិតសរុបចំនួន១១៣ ក្នុងនោះមេដាយមាស៣៩ ប្រាក់៤១ និងសំរិទ្ធ៣៣។ ឯចិនវិញទទួលបានមេដាយមាស៣៨ ប្រាក់៣២ និងមេដាយសំរឹទ្ធិ ១៨ សរុប៨៨មេដាយ។

 
តាមគោលការណ៍ប្រទេសមួយ​ ប្រព័ន្ធពីរ (One Country, Two Systems) ហុងកុង ម៉ាកាវ និងតៃវ៉ាន់ មាន​ក្រុម​កីឡាតំណាងផ្សេងពីចិន។ សម្រាប់តៃវ៉ាន់ គណៈកម្មការអូឡាំពិកអន្តរជាតិ ហៅឈ្មោះ ជាផ្លូវការថា «ឆាយនីស តៃប៉ិ»។
 
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយបញ្ចប់ព្រឹត្តិការណ៍អូឡាំពិករយៈពេលជាងមួយសប្តាហ៍ គេឃើញមានការបង្ហោះនៅលើ Weibo ដែលជាបណ្តាញសង្គមដ៏ល្បី បង្ហាញពីការរាប់មេដាយដែលបានផ្លាស់ប្តូរ ដោយចិនបញ្ចូលទាំងមេដាយរបស់ហុងកុង និងតៃវ៉ាន់។ នេះបើតាមការផ្សាយរបស់កាសែតតៃវ៉ានើ Taiwan News។
 
ហុងកុងឈ្នះមេដាយសរុប៦ ក្នុងនោះមាស១ ប្រាក់២ និងសំរឹទ្ធិ៣ ខណៈតៃវ៉ាន់ដែលប្រើឈ្មោះនៅអូឡាំពិកថាឆាយនីសតៃប៉ិ ឈ្នះមេដាយមាស២ ប្រាក់៤ និងសំរឹទ្ធិ៦ សរុប១២។
ការរាប់បន្ថែមដោយខ្លួនឯងនេះ មានន័យថាចិនកើនចំនួនមេដាយសរុបដល់១០៦មេដាយ ដោយក្នុងនោះមាស៤១ ប្រាក់៣៧ និងសំរឹទ្ធិ២៧ និងធ្វើឱ្យពួកគេនាំមុខគូប្រជែងអាមេរិកវិញ ដោយលើសចំនួនមេដាយមាស២។
 
ការរាប់មេដាយបន្ថែមរបស់ហុងកុង និងតៃវ៉ាន់ ត្រូវបានគេមើលឃើញថាចិន ពិតជាចង់ឈ្នះអាមេរិកដើម្បីក្លាយជាជ័យលាភីអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០។
ទាំងហុងកុង និងតៃវ៉ាន់ សុទ្ធតែមានបញ្ហា​ជាមួយចិនដូចគ្នា។ យ៉ាងណា បើតាមការប្រកាសរបស់ IOC ហុងកុង និងតៃវ៉ាន់ នឹងអាចបញ្ជូនអត្តពលិកទៅក្រុងប៉េកាំង ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ និងព្រឹត្តិការណ៍កីឡាផ្សេងទៀតបាន បើទោះមានភាពតានតឹងផ្នែកនយោបាយជាមួយចិនក៏ដោយ។ ហុងកុង និងតៃវ៉ាន់ បានចូលរួមប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅក្រុងប៉េកាំងឆ្នាំ ២០០៨ រួចមកហើយ៕
 






Tag:
 Olympics
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com