ជាតិ
មជ្ឈមណ្ឌលបុប្ផាណា និងUNESCO នឹងកសាងសមត្ថភាពជនជាតិដើមភាគតិច លើវិស័យភាពយន្ត
19, Aug 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងអង្គការយូណេស្កូ អនុវត្តគម្រោង«ការកសាងសមត្ថភាពយុវជន ជនជាតិដើមភាគតិច និងបង្កើតបណ្ណសារសោតទស្សន៍ ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈវីគីមីឌៀ» រួមគ្នា ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២០២ ក្រោមជំនួយពីមូលនិធិ វីគីមីឌៀ។


គម្រោងនេះនឹងប្រើប្រាស់កម្មវិធីផ្សព្វផ្សាយ នៃវីគីមីឌៀ ដើម្បីផ្ដល់ការផ្សព្វផ្សាយបណ្ណាសារសោតទស្សន៍ ជនជាតិដើមភាគចិត្ត ដើម្បីថែរក្សា ការពារ និងលើកស្ទួយភាសាជនជាតិដើមភាគតិច នៅក្នុងប្រទេសកម្ពុជា។
 
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា គម្រោងនេះនឹងផ្ដល់កម្មវិធីបណ្ដុះបណ្ដាល ជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង រួមទាំងកសាងសមត្ថភាពយុវជន ដែលជាជនជាតិដើមភាគតិច ចំនួន៣០រូប មកពីសហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនគិរី។ 
 
លោកថា យុវជននឹងសិក្សាពីដំណើរការនៃការផលិតភាពយន្ត តាំងពីដំណាក់កាលត្រៀមផលិត ដំណាក់កាលផលិត និងដំណាក់កាលក្រោយផលិតភាពយន្ត ជាភាសាដើមរបស់ពួកគាត់ ស្ដីអំពីជីវិតរស់នៅប្រចាំថ្ងៃ និងវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិច។
 
លោក សុភាព ពន្យល់បន្ថែម៖«យុវជនដែលបានទទួលការបណ្ដុះបណ្ដាល មានសមត្ថភាពគ្រប់គ្រាន់ហើយ នោះពួកគេនឹងផលិតឬចងក្រងភាពយន្តឯកសាររបស់ខ្លួន ស្ដីពីវប្បធម៌ប្រពៃណី របស់ជនជាតិដើមភាគតិច ក្នុងនោះមានភាសាជារឿងចម្បងផងដែរ។ ដូចដែលយើងបានដឹងហើយ វប្បធម៌ទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចមួយចំនួន កំពុងប្រឈមនឹងការបាត់បង់។ ភាសារបស់ជនជាតិដើមភាគតិចមួយចំនួន ក៏មានការនិយាយកាន់តែតិចទៅតិចទៅ ដូច្នោះហើយគម្រោងនេះ នឹងចូលរួមជួយថែរក្សា ហើយនឹងផ្សព្វផ្សាយនូវប្រពៃណីវប្បធម៌ ក៏ដូចជាភាសារបស់ជនជាតិដើមភាគតិចផងដែរ»។
 


លោក ជាសុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា

ដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញ ផ្នែកគេហទំព័រវីគីមីឌៀ យុវជនជនជាតិដើមភាគតិច និងទទួលការបណ្ដុះបណ្ដាល អំពីរបៀបប្រើប្រាស់គេហទំព័រនេះ។ បណ្ណាសារសោតទស្សន៍ ដែលផលិតក្នុងគម្រោង និងត្រូវថែរក្សានៅក្នុងមូលដ្ឋានទិន្នន័យ របស់អង្គការយូណេស្កូ មជ្ឈមណ្ឌលបុប្ផាណា និងដៃគូរផ្សេងៗទៀត រួមមាន MOWCAP និង Wikitongues ព្រមទាំងផ្សព្វផ្សាយយ៉ាងទូលាយ តាមគេហទំព័រវីគីមីឌៀខំមិន(Wikimedia Commons) ផងដែរ។
 
គម្រោងនេះនឹងផលិតឯកសារដែលមានខ្លឹមសារ និងគុណភាពខ្ពស់ ជាភាសាជនជាតិដើមភាគតិច និងជាភាសាខ្មែរ ស្ដីពីវប្បធម៌ជនជាតិដើមភាគតិច នៅកម្ពុជា និងចែករំលែកឯកសារទាំងនេះ ក្នុងគេហទំព័រវីគីមីឌៀ។ ក្នុងក្របខណ្ឌ នៃទសវត្សរ៍អន្តរជាតិនៃភាសាជនជាតិដើមភាគតិច របស់អង្គការយូណេស្កូ ២០២២-២០៣២(IDIL) គម្រោងនេះនឹងអាចជាគំរូឧទាហរណ៍ សម្រាប់បណ្ដាប្រទេសដែលជាសមាជិក ឬជាដៃគូរបស់អង្គការយូណេស្កូ ដើម្បីអនុវត្តគម្រោងស្រដៀងគ្នានេះ ដោយសហការជាមួយវីគីមីឌៀ។ 
 
គម្រោងនេះក៏ដូចជាលើកទឹកចិត្តជនជាតិដើមភាគតិច ក្នុងការប្រើប្រាស់គេហទំព័រវីគីមីឌៀ ដើម្បីចែករំលែកឯកសារស្ដីពីភាសា និងវប្បធម៌ជនជាតិដើមភាគតិច ព្រមទាំងដើម្បីថែរក្សា និងលើកស្ទួយភាសា របស់ពួកគេផងដែរ៕
 

Tag:
 សិល្បៈ
  ភាពយន្ត
  បុប្ផាណា
  ជនជាតិដើមភាពតិច
© រក្សាសិទ្ធិដោយ thmeythmey.com