កីឡាអន្តរជាតិ
អន្តរជាតិ
Kane អវត្តមានឱ្យ Spurs ជាថ្មីនៅប្រកួតជម្រុះ ECL ស្របពេលការចាកចេញកាន់តែកៀក
19, Aug 2021 , 9:48 am        
រូបភាព
Harry Kane មិនមានឈ្មោះលេងឱ្យក្រុម Tottenham Hotspur ក្នុងការប្រកួតវគ្គជម្រុះ Europa Conference League (ECL) នៅថ្ងៃទី១៩ ខែសីហា ទល់នឹងក្រុម Pacos de Ferreira។ អវត្តមានជាលើកទី២នេះ ស្របពេលរឿងរ៉ាវនៃការផ្ទេរប្រធានក្រុម Spurs កាន់តែកៀក។


ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ដែលត្រូវបានគេរាយការណ៍ថាចង់ចាកចេញពី Spurs នៅរដូវកាលនេះ មិនស្ថិតក្នុងបញ្ជីឈ្មោះរបស់អ្នកចាត់ការលោក Nuno Espirito Santo ឡើយ នៅពេលក្រុមធ្វើដំណើរទៅព័រទុយហ្កាល់ដើម្បីប្រកួតជម្រុះពានរង្វាន់ថ្មី ECL។ 
 
នេះជាលើកទីពីរហើយដែល Kane ម្ចាស់ស្បែកជើងមាសរដូវកាលមុនអវត្តមាន បន្ទាប់ពីខកខានក្នុងការប្រកួតដែលមាន់ខ្នាយមាសឈ្នះ Manchester City ១-០ នៅជំនួបបើកឆាក Premier League រដូវកាល ២០២១-២២។ Man City នេះហើយ ជាក្រុមដែលកំពុងព្យាយាមទិញយក Kane ពី Spurs ក្នុងតម្លៃកំណត់ត្រានៅអង់គ្លេស។ នេះបើតាមការផ្សាយរបស់កាសែត BBC។
 
យ៉ាងណាក៏ដោយលោក Santo អ្នកចាត់ការថ្មី Spurs នៅតែជឿជាក់ថា Kane នឹងត្រឡប់មកចូលក្រុមវិញមិនថាថ្ងៃនេះ ថ្ងៃស្អែក ឬក៏ថ្ងៃបន្ទាប់ទោះខកខានពីរប្រកួតទល់ Man City និងPacos de Ferreira នេះក្តី។ 
 
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់បន្ថែមក្នុងសន្និសីទថា៖ «Kane កំពុងមានសុខភាពល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។ គាត់នឹងចូលរួមជាមួយក្រុមនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ហើយើងនឹងសម្រេចចិត្តថា​ Kane អាចបង្ហាញខ្លួនទល់នឹង Wolves ក្នុងជំនួបលីគនៅសប្តាហ៍នេះឬក៏អត់» ។
 
ក្រោយវត្តមានលើកទី២ របស់ខ្សែប្រយុទ្ធឆ្នើមវ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញថា Kane និង Spurs កាន់តែកៀកនឹងការចែកផ្លូវគ្នាហើយ។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា Kane បានប្រាប់ប្រធានក្លិប Spurs លោក Daniel Levy រួចហើយនៅចុងរដូវកាលមុនថារូបគេចង់ចាកចេញ ដើម្បីប្រជែងយកពានរង្វាន់ធំៗជាមួយក្រុមផ្សេង។
 
បើតាមការផ្សាយរបស់កាសែត TheGuardian កន្លងមក ក្លិបមាន់ខ្នាយមាសធ្លាប់បដិសេធសំណើររបស់ Man City ដើម្បីសុំទិញប្រធានក្រុមជម្រើសជាតិអង់គ្លេសម្តងរួចមកហើយក្នុងតម្លៃ ១៣៨លានដុល្លារ។ Spurs បានទាមទាតម្លៃរហូតដល់ទៅ ២០៧លានដុល្លារឯណោះ បើទោះខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះចង់ចាកចេញក៏ដោយ។
 
អ្នកចាត់ការទូទៅលោក Pep Guardiola បានបញ្ជាក់ដែលថា Man City ចង់នាំយក Kane ទៅរួមក្រុមក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស បន្ទាប់ពីក្រុមរហស្សនាមមេឃខៀវ បានចុះហត្ថលេខាទិញយក Jack Grealish ពី Aston Villa រួចហើយ​ ក្នុងតម្លៃកំណត់ត្រា ១៣៨ លានដុល្លារ៕
 

Tag:
 Harry Kane
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com