អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ចុះអនុស្សរណៈយោគយល់ ស្តីពីការតភ្ជាប់គម្លាតហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម
19, Aug 2021 , 10:28 am        
រូបភាព
 ភ្នំពេញ ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១៖  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្ដីពី«ការតភ្ជាប់គម្លាតហិរញ្ញវត្ថុ សម្រាប់សហគមន៍កសិកម្ម» នៅការិយាល័យកណ្ដាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន។
 
ក្នុងកិច្ចសហការនេះ គឺមានគោលបំណងផ្តល់ហិរញ្ញប្បទានដែលមានភាពបត់បែន ងាយស្រួលក្នុងការប្រើប្រាស់ និងមានតម្លៃសមរម្យដល់សហគមន៍កសិកម្ម ដើម្បីគាំទ្រដល់ការកសាងសេដ្ឋកិច្ចជនបទដែលមានភាពធន់ និងមានប្រសិទ្ធភាពជាងមុន តាមរយៈការពង្រឹងតួអង្គខ្សែច្រវាក់ផលិតកម្ម។ អនុស្សារណៈយោគយល់នេះ ក៏មានបំណងកសាងសមត្ថភាពដល់សហគមន៍កសិកម្ម (AC) ទៅលើជំនាញគ្រប់គ្រងអាជីវកម្ម និងលទ្ធភាពក្នុងការផ្តល់ទិន្នន័យហិរញ្ញវត្ថុទាន់ពេល  និងអាចទុកចិត្តបាន ដើម្បីធានាថាសហគមន៍កសិកម្ម អាចទទួលបានសេវាហិរញ្ញវត្ថុដែលមានក្នុងទីផ្សារ។  មិនតែប៉ុណ្ណោះ ក៏នឹងធានាថា កសិករខ្នាតតូច អាចទទួលបានការទូទាត់ប្រាក់ទាន់ពេលវេលា សម្រាប់ផលិតផលកសិកម្មរបស់ពួកគេ និងធានាថាកសិករខ្នាតតូច ទទួលបានតម្លៃល្អបំផុត សម្រាប់ផលិតផលកសិកម្មរបស់ពួកគេ។


 
លោក ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានមានប្រសាសន៍ថា៖ “ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺតំណាងឲ្យសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងតំណាងឲ្យសហគមន៍កសិកម្មទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមាន ១.២០០ សហគមន៍ និង១៣សហភាពយើងបានសិក្សាជាយូរណាស់មកហើយ ឈរលើទស្សនៈការស្វែងយល់ និងបទពិសោធន៍ជាច្រើនឆ្នាំណាស់មកហើយ។ អ្វីដែលជារបត់ក្នុងបច្ចុប្បន្នភាពនេះ ខ្ញុំគិតថា ទាំងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ទាំងដៃគូដែលបានចុះបានកិច្ចព្រមព្រៀងរួចកន្លងមក ហើយឥឡូវនេះមាន ចម្រើន មួយទៀត ធ្វើឲ្យសម្ព័ន្ធកសិកម្មកម្ពុជា មានភាពកក់ក្តៅ និងជឿជាក់ ហើយចូលរួមកាន់តែប្រសើរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍”។
 
លោក ហង់ សុគន្ធ មានប្រសាសន៍បន្តថា៖ “បញ្ហាដែលធំបំផុតគឺទីផ្សារ ដែលជាការខំប្រឹងប្រែងរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ចាប់ដៃគូចុះកិច្ចព្រៀមព្រៀង ជាមួយក្រុមហ៊ុនស្ពែស៊ាណែត ដែលក្រុមហ៊ុននេះ មានលក់ផលិតផលសហគមន៍តាមប្រព័ន្ធអនឡាញ ដើម្បីលើកកម្ពស់កម្រិតទីផ្សារទៀត ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនយ៉ាម៉ូតុ ជួយលើបច្ចេកទេសដាំដុះបន្លែ និងជាមួយក្រសួងកសិកម្ម ក្នុងការជំរុញបច្ចេកទេសដាំដុះ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ និងដៃគូផ្សេងទៀត ដូចជាអង្គការ ឌីជីអរវី (DGRV) ជួយលើគណនេយ្យភាព និងក្រុមហ៊ុនបញ្ជី ដើម្បីជួយខាងគណនេយ្យភាព”។ 
 


លោក យ៉ានិច មីលីវ ( Yannick Milev) ជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា គឺជាការប្តេជ្ញាចិត្តបង្តើតប្រព័ន្ធទីផ្សារ និងតួអង្គ ដោយមានបំណងធ្វើឲ្យជីវភាពរបស់កសិករខ្នាតតូចប្រសើរឡើង។ បើតាម លោក យ៉ានិច មីលីវ កន្លងមក ចម្រើន បានប្តេជ្ញាចិត្ត ដើម្បីផ្តល់ជូននូវផលិតផលឥណទានសមស្រប សម្រាប់គ្រួសារសហគ្រិនដែលមានចំណូលទាប នៅក្នុងប្រទេសកម្ពុជា ដែលមានប្រមាណជាង ៤៥.០០០គ្រួសារ។ ក្នុងចំណោមនោះជិត ៣០.០០០ គ្រួសាររស់នៅតាមជនបទ ហើយជិត ១៥.០០០ គ្រួសារប្រើប្រាស់ហិរញ្ញប្បទាននេះ សម្រាប់អាជីវកម្មកសិកម្ម។
 
លោក យ៉ានិច មីលីវ បន្តដូច្នេះ៖ “ការផ្តល់ឥណទានដល់កសិករ ដើម្បីទិញធាតុចូលកសិកម្ម ប៉ុន្តែប្រហែលជាមិនអាចដោះស្រាយបញ្ហាពេញលេញ នៃការចូលទៅកាន់ទីផ្សាររបស់ពួកគេបានទេ។ ដំណោះស្រាយមួយក្នុងបញ្ហានេះ គឺតួនាទីសំខាន់ដែលសហគមន៍កសិកម្មអាចដើរតួក្នុងការពង្រឹងប្រព័ន្ធទីផ្សារ និងធានាឲ្យមានការចូលដំណើរការបានល្អប្រសើរ សម្រាប់កសិករខ្នាតតូច ទាំងក្នុងប្រតិបត្តិការអាជីវកម្ម នៅមុនពេល និងក្រោយពេលប្រមូលផល”។
 


លោកបានបន្ថែមថា៖ “មហិច្ឆតាដំបូង គឺបង្កើតបណ្តាញមួយដែលនឹងជួយយើងស្វែងរកសហគមន៍កសិកម្ម(ACs) ដែលសមស្របក្នុងការផ្តល់ហិរញ្ញប្បទាន និងទី២ផ្តល់បន្ថែមលើសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត ដែលនឹងជួយឲ្យការត្រៀមខ្លួន នៃការវិនិយោគសម្រាប់សហគមន៍កសិកម្ម។ ការចុះហត្ថលេខា នៅថ្ងៃនេះគឺជាជំហានដំបូងនៅក្នុងដំណើរការនេះ ហើយយើងពិតជារំភើប ដែលបានចូលរួមជាមួយនឹងសម្ព័ន្ធសហគមន៍កសិកម្ម (CACA) ក្នុងបេសកកម្មរួមនេះ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីរបស់តួអង្គ ដែលមានទស្សនៈវិស័យរួម ហើយយើងជឿជាក់ថា ការអភិវឌ្ឍជនបទត្រូវបានជំរុញ តាមរយៈផ្តល់ជូនហិរញ្ញប្បទានល្អប្រសើរ និងខ្សែច្រវាក់តម្លៃដែលមានភាពធន់ និងសំខាន់សម្រាប់ការគ្រប់គ្រងដោយកសិករផ្ទាល់”៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com