ជាតិ
សង្គមជាតិ
ក្រសួងនឹងរៀបចំសិក្ខាសាលាស្តីពី«កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា»
20, Aug 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការពាក់ព័ន្ធនឹងកុមារមួយចំនួនទៀតនៅកម្ពុជា រួមគ្នារៀបចំសិក្ខាសាលាតាមវីដេអូZoomស្តីពី«កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១។

 
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា គោលបំណងដែលក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលានេះឡើង គឺដើម្បីផ្តល់ជាចំណេះដឹងដល់ឪពុកម្តាយ និងអាណាព្យាបាលលើផ្នែកកិច្ចការពារកុមារពីហានិភ័យផ្សេងៗក្នុងអំឡុងកុមាររៀនតាមអនឡាញ និងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងបរិបទកូវីដ-១៩។ 
 
អ្នកនាំពាក្យក្រសួងអប់រំបានរៀបរាប់ដូច្នេះថា៖«ក្រសួងរៀបចំសិក្ខាសាលានេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ»។
 
លោក រស់ សុវាចា បានឲ្យដឹងថា សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទដូចជា ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបលើការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអនឡា្ញញ, ផ្នែកការចូលរួមកិច្ចការពារកុមារលើប្រព័ន្ធអនឡាញក្នុងវិស័យអប់រំ និងការចូលរួមរបស់វិស័យឯកជនក្នុងការការពារកុមារលើប្រព័ន្ធអនឡាញ។
 
បើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា សិក្ខាសាលានេះនឹងមានការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុករបស់ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា នៅរៀងរាល់ម៉ោង៩ព្រឹក ដល់ម៉ោង១០កន្លះព្រឹក៕
 
 

Tag:
 អនឡាញ
 បច្ចេកវិទ្យា
 អប់រំ
 កុមារ
 ហានិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com