ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន សម្រេច​បញ្ចប់​បម្រាម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស
19, Aug 2021 , 8:58 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ​៖ សម្តេច ហ៊ុន សែន សម្រេច​​បញ្ចប់​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​ទូទាំងប្រទេស ក្រោយ​អនុវត្តបាន​២១​ថ្ងៃ​។ ប៉ុន្តែ សម្តេច អនុញ្ញាតឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ទៅតាមស្ថានភាពជាក់ស្តែងនៃការឆ្លងរាលជំងឺកូវីដ-១៩។ 

 
​ការអនុវត្ត​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​សម្រេច​បិទ​បញ្ចប់ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២០​សីហា​នេះ តទៅ​។ បើ​យោងតាម​សេចក្តីណែនាំ​របស់​សម្តេច ហ៊ុន សែន ការសម្រេច​បិទ​បញ្ចប់​យុទ្ធនាការ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​នូវ​ការឆ្លង​រាលដាល​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩​ប្រភេទ​ដែល​តា (Delta)​បាន​។​
 
​សេចក្តីណែនាំ​របស់​សម្តេច ហ៊ុន សែន  បាន​បញ្ជាក់ថា រយៈពេល​២១​ថ្ងៃ​កន្លងមកនេះ ពោល​ពី​ថ្ងៃទី​២៩​កក្កដា ដល់​ថ្ងៃទី​១៩​សីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​អនុវត្ត​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​វិជ្ជមាន ដែល​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​Delta​។  
 
​សម្តេច បាន​រៀបរាប់​នៅក្នុង​សេចក្តីណែនាំ​របស់ខ្លួន​ដូច្នេះ​៖« ជាក់ស្តែង​, ការវិវត្ត​សភាពការណ៍​ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ បាន​បង្ហាញថា​អត្រា​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ និង​អត្រា​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​មធ្យម ក៏ដូចជា​អត្រា​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ មាន​ទិន្នាការ​ថេរ​។ ទន្ទឹមនេះ អត្រា​អ្នកជា​សះស្បើយ​ក៏មាន​ការកើនឡើង បើទោះបីជា​មេរោគ​កូ​វីដ​-១៩ ប្រភេទ​Delta បាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ក្នុង​ចំនួន​កាន់តែ​ច្រើនឡើងៗ ហើយ​បច្ចុប្បន្ន បាន​រីក​រាលដាល​រហូត​ទៅដល់ ២៣​រាជធានី​-​ខេត្ត ក្តី​»​។​
 
​ប៉ុន្តែ ដោយ​មើលឃើញ​ពី​ប្រសិទ្ធភាព​និង​សារៈសំខាន់​រួមទាំង​មិនសូវ​បង្ក​ផលប៉ះពាល់​ជា​ដុំកំភួន​ដល់​សកម្មភាព​ខាង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដាក់​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល និង​វិធានការ​ច្បាប់​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការឆ្លង​រាល​ជំងឺ​កូ​វីដ​-១៩​។ 
 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​សរុប ៨៧,៧២៣​នាក់ ក្នុងនោះ​មាន​១៣,៦១៩​នាក់ ជា​ករណី​នាំចូល​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប មាន​៨៣,២៩៨​នាក់ បានជា​សះស្បើយ និង​ស្លាប់​១,៧៤៧​នាក់​៕

Tag:
 សុខភាព​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com