ជាតិ
អ្នកជំនាញកសិកម្ម៖ កសិករនៅតំបន់រាំងស្ងួត គួរដាំស្រូវ «ផ្កាមាលតី»
21, Aug 2021 , 10:59 am        
រូបភាព
ស្រូវ និងអង្គរ ប្រភេទពូជផ្កាមាលតី។ រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ស្រូវ និងអង្គរ ប្រភេទពូជផ្កាមាលតី។ រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ភ្នំពេញ៖ អ្នកជំនាញកសិកម្ម លើកទឹកចិត្តពលរដ្ឋ ក្នងការដាំដុះ ពូជស្រូវមាលតី ដែលជាពូជស្រូវកណ្ដាលប្រកាន់រដូវ ព្រោះស្រូវប្រភេទនេះធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ន ក្រសួងកសិកម្ម កំពុងពន្លឿនការផ្សព្វផ្សាយ ក្រោយលទ្ធផលតេស្តពូជស្រូវនេះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។

 
ពូជស្រូវមាលតី ជាប្រភេទស្រូវបង្កាត់ឡើងរវាងពូជស្រូវក្រអូបរំដួល(មេ) និងពូជស្រូវកណ្ដាលខា៣(បា)។ ពូជស្រូវប្រភេទនេះ ត្រូវបានផ្ដល់ឱ្យកសិករប្រើប្រាស់នាដើមឆ្នាំ២០១៨។ ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey25 តាមខ្សែទូរសព្ទ លោក ឡោ ប៊ុណ្ណា ជានាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លើកឡើងថា «ពូជស្រូវផ្កាមាលតី» ជាប្រភេទពូជស្ថិតក្នុងក្រុមស្រូវប្រណិតមួយប្រភេទ ដែលមានគុណភាពល្អប្រសើរ ធន់នឹងអាកាសធាតុរាំងស្ងួត ទឹកជំនន់ ការរលំដើម។ ថ្វីបើពូជស្រូវប្រភេទនេះ បន្សាំខ្លួនបានល្អ ទៅនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែវាជាប្រភេទពូជប្រកាន់រដូវ។
 
ជុំវិញរដូវដាំដុះពូជស្រូវផ្កាមាលតីនេះ លោក ឡោ ប៊ុណ្ណា បន្ថែមដូច្នេះថា៖«ស្រូវនេះយើងធ្វើវានៅរដូវវស្សា ចាប់ពីខែ៥ ខែ៦ទៅ តែវាចេញផ្កាខែ១០ ឬខែ១១ ហើយអាចប្រមូលផលបានខ្ទង់ពាក់កណ្ដាលខែ១១។ តែប្រសិនកសិករចាប់ធ្វើពីខែ១២ទៅ អ៊ីចឹងទាល់ខែ១០ ឬខែ១១ ឆ្នាំបន្ទាប់ ទើបបានប្រមូលផលវិញ។ វាប្រកាន់រដូវបែបហ្នឹង»។
 
យ៉ាងណាមិញ ជុំវិញតម្រូវការទីផ្សារ លោក ឡោ ប៊ុណ្ណា បញ្ជាក់ថាស្ថិតក្នុងដំណើរការតាមដានលើតម្រូវការទីផ្សារ ដោយសារស្រូវប្រភេទនេះ ក្រសួងកសិកម្មទើបតែបញ្ចេញឱ្យប្រើប្រាស់ កាលពីដើមឆ្នាំ២០១៨ប៉ុណ្ណោះ។ បច្ចុប្បន្នតាមបណ្ដាមន្ទីរកសិកម្មខេត្ត កំពុងជំរុញផ្នែកទីផ្សារ តាមរយៈសមាគមន៍អង្គរនានា។ ក្រសួងបង្កើតជាបណ្ដាញកសិករ រវាងអ្នកផលិត និងរោងម៉ាស៊ីនកិនស្រូវ ឬឈ្មួញកណ្ដាល ដែលប្រមូលទិញ ដើម្បីផលិតទៅតាមតម្រូវការទីផ្សារ។ 
 
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវអះអាងដូច្នេះ៖ «បច្ចុប្បន្នពូជហ្នឹង(ពូជស្រូវមាលតី)គេមិនទាន់ស្គាល់ច្រើន គឺមានតែប្រើប្រាស់ក្នុងស្រុកទេ។ យើង មិនទាន់មានការនាំចេញទៅក្រៅស្រុកនៅឡើយទេ។ យើងត្រូវការជំរុញផ្សព្វផ្សាយច្រើនបន្ថែមទៀតទៅកាន់រោងមាស៊ីនជាដើម។ ហើយបើមានតម្រូវការទើបយើងអាចពង្រីកការដំាំដុះបន្ថែមបាន»។ 
 
យោងតាមលោក វេង សាខុន នៅថ្ងៃទី១៣សីហា បានបង្ហោះលើហ្វេសប៊ុកឱ្យដឹងដូច្នេះថា ដើម្បីពង្រីកវិសាលភាពការដាំដុះពូជស្រូវផ្កាមាលតីនេះ កាលពីចុងឆ្នាំ២០១៨កន្លងមក បានសហការណ៍ឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងការវ៉ាក់(CAVAC) ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។
 
តាមរយៈគម្រោងនេះផងដែរ កសិករចំនួន ២៣១នាក់ បានទទួលគ្រាប់ពូជសុទ្ធ និងបច្ចេកទេសផលិតកម្មពូជស្រូវ និងកសិករជិតខាងដទៃទៀត។ មន្ត្រីផ្សព្វផ្សាយកសិកម្ម ឈ្មួញ និងម្ចាស់ម៉ាស៊ីនកិនស្រូវ បានទទួលព័ត៌មាន និងទទួលយកពូជស្រូវផ្កាមាលតី សម្រាប់បង្កបង្កើនផលនៅរដូវបន្ទាប់។ ជាមួយគ្នានេះ តាមបណ្ដាខេត្តគោលដៅ បានផលិតពូជស្រូវផ្កាមាលតីនេះបានសរុប ២០តោន សម្រាប់ផ្សព្វផ្សាយបន្ត។ 
 
ដោយផ្អែកលើលទ្ធផលនៃការធ្វើស្រែបង្ហាញចំនួន ២២០ទីតាំង ពូជស្រូវផ្កាមាលតីនេះ មានការលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ជាងពូជកសិករជាមធ្យម ១៤ភាគរយនិង ២៧ភាគរយក្នុងលក្ខខណ្ឌកូនរដូវប្រាំងអូសបន្លាយរយៈពេលយូរ។ 
 
ដោយមើលឃើញពីទិន្នផលខ្ពស់ និងភាពធន់នឹងអាកាសធាតុនោះ ប្រធាននាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លើកទឹកចិត្តពលរដ្ឋក្នុងតំបន់ងាយរងគ្រោះការរាំងស្ងូត និងទឹកជំនន់ គួរងាកមកដាំពូជស្រូវផ្កាមាលតីនេះ។ ឯរសជាតិ អង្គរពូជផ្កាមាលតីនេះទន់ ដូចទៅនឹងស្រូវផ្ការំដូលដែរ តែមិនមានក្លិនក្រអូបឡើយ។ សម្រាប់កសិករ ដែលមានបំណងដាំដុះ ពូជស្រូវផ្កាមាលតី អាចទំនាក់ទំនងទៅកាន់មន្ទីរកសិកម្មតាមបណ្ដាខេត្ត។ ឯតម្លៃពូជសុទ្ធគ្រឹះវិញ ៣.៥០ដុល្លារ ក្នុងមួយគីឡូក្រាម៕
 

Tag:
 ThmeyThmey25
  ពូជស្រូវមាលតី
© រក្សាសិទ្ធិដោយ thmeythmey.com