អន្តរជាតិ
អាមេរិក សាទរប្រទេសជាច្រើនដែលទទួលយកជនភៀសខ្លួនពីអាហ្វហ្កានីស្ថាន
20, Aug 2021 , 9:29 pm        
រូបភាព
ពលរដ្ឋអាហ្វហ្កានីស្ថានអង្គុយត្រៀបត្រាក្នុងយន្តហោះយោធាអាមេរិក។ រូបថត AFP
ពលរដ្ឋអាហ្វហ្កានីស្ថានអង្គុយត្រៀបត្រាក្នុងយន្តហោះយោធាអាមេរិក។ រូបថត AFP
អាមេរិក នៅថ្ងៃទី១៩ខែសីហា បានបង្ហាញសេចក្តីរីករាយ និងសាទរដល់ប្រទេសជាច្រើនមាន អាល់បានី កាណាដា​ ឈីលី ម៉ិកស៊ិកូ និងអ៊ូហ្កង់ដាជាដើម ដែលយល់ព្រមទទួលយកជនជាតិអាហ្វហ្កានីស្ថានដែលបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីជ័យជម្នះក្រុមតាលីបង់។


ប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់នាក់ ត្រូវបានដឹកចេញប្រទេសតាមយន្តហោះអាមេរិក ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល។ ពួកគេ ត្រូវបានដឹកទៅកាន់ប្រទេសមួយចំនួនសិន មុនបន្តដំណើរទៅកាន់អាមេរិក។ 
 
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្លីងខិន បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអាល់បានីលោក Edi Rama ក្នុងគោលបំណងបង្ហាញសេចក្តីរីករាយដែលអាល់បានីយល់ព្រមផ្តល់ជម្រកដល់ជនភៀសខ្លួនពី​អាហ្វហ្កានីស្ថាន។ នៅថ្ងៃទី​១៥ខែសីហា អាល់បានីបានប្រកាសនឹងផ្តល់ជម្រកដល់ជនភៀសខ្លួនពី​អាហ្វហ្កានីស្ថានរាប់រយនាក់ជាបណ្តោះអាសន្ន ខណៈជនទាំងនេះនឹងត្រូវបន្តដំណើរទៅអាមេរិក។ ​
 
ក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិកថ្ងៃទី១៩ ខែសីហា លោក ប្លីងខិន បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រី Rama  ដែលបានផ្តល់ជម្រកដល់ប្រជាជនដែលកំពុងត្រូវការជំនួយ។ ​
 
ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកក៏បានសម្តែងការសាទរចំពោះកាតា និងគុយវ៉ែត ដែលជាមានទីតាំងយោធាអាមេរិកពីរកន្លែងមានជនជាតិអាហ្វហ្កានីស្ថានរាប់ពាន់នាក់កំពុងដំណើរការលើការស្នើសុំទិដ្ឋាការ។ យ៉ាងណាមិញ បន្ទាយអាមេរិកនៅប្រទេសទាំងពីរ កំពុងជួបការរអាក់រអួលក្នុងការរៀបចំពីទីតាំង​ស្នាក់នៅបណ្តោះអាសន្នបន្ថែមសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន ដោយសារចំនួនជនភៀសខ្លួនកើនឡើងកាន់តែច្រើនឡើង។​
 
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ក៏បានកោតសរសើរអ៊ូហ្គង់ដាដែលប្រធានាធិបតី Yoweri Museveni បានបង្ហាញឆន្ទៈក្នុងការផ្ដល់ជម្រកជាបណ្តោះអាសន្នដល់ជនជាតិអាហ្វហ្កានីស្ថាន។ លោក Price អះអាងថា កិច្ចពិភាក្សាដូចគ្នានេះន៏កំពុងធ្វើឡើងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនផងដែរ។ កាណាដា ស៊ីលី និងម៉ិកស៊ិកូ ក៏ត្រូវបាន លោក Price សរសើរចំពោះភាពសប្បុរសរបស់ពួកគេដែលបានយល់ព្រមផ្តល់ទីលំនៅដល់ពលរដ្ឋអាហ្វហ្កានីស្ថានដែរ។
 
សូមបញ្ជាក់ថា អាមេរិកធ្លាប់បានសន្យាយល់ព្រមទទួលពលរដ្ឋអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ដែលបានធ្លាប់បម្រើការជាអ្នកបកប្រែឬនៅក្នុងតួនាទីរដ្ឋាភិបាលផ្សេងទៀតដែលគាំទ្រអាមេរិកក្នុងសង្រ្គាមរយៈពេល២០ឆ្នាំកន្លងមក។ អង់គ្លេសវិញ នៅថ្ងៃទី១៨ ខែសីហាក៏បានសន្យាថា ខ្លួននឹងទទួលយកជនភៀសខ្លួនពីអាហ្វហ្កានីស្ថានចំនួន២ម៉ឺននាក់មកកាន់ទឹកដីខ្លួនផងដែរ៕
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com