កីឡាជាតិ
ជាតិ
ស៊ីហ្គេមនៅមីយ៉ាន់ម៉ាត្រូវបានបញ្ចប់ រង់ចាំឆ្នាំ២០១៥នៅសិង្ហបុរី មីយ៉ាន់ម៉ាបានបិទបញ្ចប់យុទ្ធនាការប្រកួតកីឡាស៊ីហ្គេមលើកទី២៧នាថ្ងៃអាទិត្យនេះ បន្ទាប់ពីដំណើរការអស់រយៈពេល៣សប្តាហ៍។ នាពិធីនោះ លោក Tint Hsan ប្រធានគណៈកម្មការរៀបចំស៊ីហ្គេមមីយ៉ាន់ម៉ា បានប្រគល់ទង់ស៊ីហ្គេមដល់លោក Tan Chuan Jin សមាជិកប្រតិបត្តិនៃក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី ដែលនឹងត្រូវរៀបចំបន្តនាឆ្នាំ២០១៥។
មីយ៉ាន់ម៉ាបានបង្ហាញផ្ទាំងទស្សនីយភាពជាច្រើនដើម្បីផ្តល់ជាអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម រីឯសិង្ហបុរីក៏បានបង្ហាញការសម្តែងរបស់ខ្លួនផងដែរក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនារយៈពេល២ឆ្នាំទៀត។
លោក Tint Hsan បានលើកឡើងថា៖ «បើទោះបីជាអាស៊ានមានសាសនា ភាសា ប្រពៃណីខុសប្លែកពីគ្នាក៏ដោយ ប៉ុន្តែអាចចូលរួមប្រកួតប្រជែងកីឡាប្រកបដោយមិត្តភាព ដើម្បីបង្ហាញឲ្យឃើញពីអំណាចនៃការរួបរួមក្នុងវិស័យកីឡា»។
សម្រាប់ព្រឹត្តិការណ៍ដែលចាប់ដំណើរការតាំងពីថ្ងៃទី៦ ខែធ្នូ មក ថៃបានទទួលចំណាត់ថ្នាក់នាំមុខគេតាមរយៈការទទួលបានមេដាយសរុប ២៨២ (មាស១០៧ ប្រាក់៩៤ សំរិទ្ធ៨១) ម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានមេដាយ២៣៣ (មាស៨៦ ប្រាក់៦២ សំរិទ្ធ៨៥) វៀតណាមស្ថិតនៅលេខបីដោយទទួលបានមេដាយ២៤៥ (មាស៧៣ ប្រាក់៨៦ សំរិទ្ធ៨៦) ខណៈឥណ្ឌូនេស៊ីបានមេដាយ២៦០ (មាស៦៥ ប្រាក់៨៤ សំរិទ្ធ១១១)។
ក្រុមប្រទេសដែលស្ថិតនៅពាក់កណ្តាលតារាងរួមមាន ម៉ាឡេស៊ី បានមេដាយសរុប១៥៨ (មាស៤៣ ប្រាក់៣៨ សំរិទ្ធ៧៧) សិង្ហបុរី បានមេដាយសរុប១០៨ (មាស៣៤ ប្រាក់២៩ សំរិទ្ធ៤៥) រីឯហ្វីលីពីនបានមេដាយសរុប១០១ (មាស២៩ ប្រាក់៣៤ សំរិទ្ធ៣៨)។
ប្រទេសចំនួន៤ដែលបានមេដាយសរុបក្រោម១០០ ក្នុងនោះមានឡាវសរុប៧៩ (មាស១៣ ប្រាក់១៧ សំរិទ្ធ៤៩)។ កម្ពុជាស្ថិតក្នុងចំណោម៣ប្រទេសចុងក្រោយដែលមិនបានទទួលមេដាយមាសចំនួនពីរខ្ទង់ ប៉ុន្តែបានទទួលលទ្ធផលល្អប្រសើរជាងលើកមុនៗ តាមរយៈការឈ្នះមេដាយសរុប៤៧ (មាស៨ ប្រាក់១១ សំរិទ្ធ២៨) ទីម័រខាងកើតកាន់តែមានភាពលេចធ្លោរដោយពួកគេទទួលបានមេដាយសរុប១០ (មាស២ ប្រាក់៣ សំរិទ្ធ៥) ខណៈប្រ៊ុយណេ បានធ្លាក់ទៅក្រោមតារាងដោយទទួលបានមេដាយសុរប៨ (មាស១ ប្រាក់១ សំរិទ្ធ៦)៕
រូបថត៖ 27th Seagames Official Facebook Page
© រក្សាសិទ្ធិដោយ thmeythmey.com