COVID-19
ជាតិ
សង្គមជាតិ
អ្នកជំងឺកូវីដ-១៩បំប្លែងថ្មី«Delta» ជិត១០០០នាក់ហើយ នៅកម្ពុជា
22, Aug 2021 , 10:35 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មី«Delta»ចំនួន១៦៣ករណីបន្ថែមទៀត នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២១។ តួលេខថ្មីនេះ គឺធ្វើឲ្យកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩«Delta»សរុបចំនួន៩៩៩ករណី។

 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩«Delta»ទំាង១៦៣ករណីនោះ គឺ នៅរាជធានីភ្នំពេញមានករណីឆ្លងច្រើនជាងគេ ដោយមាន៧០ករណី។ សម្រាប់ បន្ទាយមានជ័យ មាន៣០ករណី,​ឧត្តរមានជ័យ ១១ករណី, សៀមរាប ៨ករណី, ព្រះវិហារ៩ករណី,បាត់ដំបង៥ករណី,​ស្វាយរៀង៨ករណី,​កំពង់ធំ៥ករណី, កណ្តាល៦ករណី,ស្ទឹងត្រែង១០ករណី និងកំពង់ស្ពឺ១ករណី។​ 
 
បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩«Delta»សរុបទាំង៩៩៩នាក់នោះ គឺភាគច្រើនជាអ្នកធ្វើដំណើរមកពីប្រទេសវៀតណាម បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ​ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស ប្រជាជនអ្នកភូមិក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីក្នុងវត្ត និងសិស្ស។ 
 
ជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»នេះ បានរាលដាលដល់រាជធានីខេត្តចំនួន២៣ ប៉ុន្តែមានតែ២ខេត្តប៉ុណ្ណោះ ដែលមិនទាន់មានករណី«Delta»។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៨៨,៧៣៥នាក់ ក្នុងនោះករណីនាំចូល១៣,៩៩៣នាក់។ ចំណែកអ្នកជាសះស្បើយ៨៤,៥០៦ នាក់ និងអ្នកស្លាប់ ១,៧៧៨ នាក់៕
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com