ជាតិ
រដ្ឋមន្រ្តីកសិកម្ម ពន្យល់ពីមូលហេតុដែលមៀនប៉ៃលិន មិនអាចនាំចេញបាន
24, Aug 2021 , 9:29 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
ភ្នំពេញ៖ លោក វេង សាខុន​ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានពន្យល់ពីមូលហេតុដែលមៀនប៉ៃលិន មិនទាន់អាចនាំចេញទៅទីផ្សារប្រទេសចិន។ លោក អះអាងថា នីតិវិធីក្នុងការនាំចេញមៀនប៉ៃលិននេះ មានច្រើនដំណាក់កាល និងត្រូវចំណាយពេលយូរ។




លោក វេង សាខុន  រដ្ឋមន្រ្តីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំនាំចេញមៀនប៉ៃលិនទៅទីផ្សារចិន តាំងពីឆ្នាំ២០១៩ ប៉ុន្តែមិនទាន់មានការអនុញ្ញាតឡើយ។ លោក អះអាងថា នីតិវិធីក្នុងការនាំចេញមៀនប៉ៃលិនមានច្រើនដំណាក់កាល និងចំណាយពេលវេលាយូរ យ៉ាងហោចណាស់២ឆ្នាំ ដូចដំណាំនាំចេញដទៃដែរ។ 


 
«ហើយប៉ុន្មានថ្ងៃនេះក៏ដាក់ទៅគេដែរ ឱ្យទទួលការគាំទ្រពីភាគីចិន ប៉ុន្តែអ្វីដែលសំខាន់នោះ គឺនីតិវិធីគេធ្វើមានលំដាប់លំដោយ ក្រោយគេទទួលពាក្យស្នើសុំពីកម្ពុជា គេត្រូវពិនិត្យមើលស្នើសុំដល់ការពិនិត្យសមាសភាពចង្រៃ តើមានសត្វចង្រៃអ្វីខ្លះ ដែលមាននៅលើផ្លែឈើហ្នឹង គេពិនិត្យហើយបានគេរៀបចំឆ្លើយមកយើងថា តើមានហានិភ័យ ហើយបានគេរៀបចំមួយជំហានទៀត រឿងពាក់ព័ន្ធជាមួយនឹងការចុះមកពិនិត្យជាក់ស្ដែងនៅចម្ការ ហើយបានគេត្រឡប់ទៅវិញ វាយតម្លៃម្ដងទៀត»។​ នេះបើតាមលោក វេង សាខុន ក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិ។ 
 
លោក បានពន្យល់បន្ថែមថា ការរាលដាលនៃជំងឺកូវីដ-១៩ ក៏ជាបញ្ហារាំងស្ទះ ដល់នាំចេញមៀនប៉ៃលិនរបស់កម្ពុជាដែរ។ ទន្ទឹមនឹងការនាំចេញកសិផលនេះ ភាគីចិនក៏ពិនិត្យយ៉ាងល្អិតល្អន់ លើវិស័យឯកជននៅកម្ពុជាថា អាចរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ ផ្អែកលើការលាងសម្អាត ការវេចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូន បានក្នុងកម្រិតណា។
 
លោករដ្ឋមន្រ្តី បញ្ជាក់ថា៖«នៅប្រទេសថៃមានក្រុមហ៊ុន៧៥ក្រុមហ៊ុន ក្នុងករណីដែលមានផលប៉ះពាល់ដោយសមាសភាពចង្រៃទៅជាមួយការនាំទៅចិនក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ គឺគេបានផ្អាកក្រុមហ៊ុនចំនួន៦៦ ក្នុងចំណោមក្រុមហ៊ុន៧៥។ ហើយថ្មីៗនេះបានផ្អាកទាំងស្រុងកាលពីដើមសប្ដាហ៍ទី២។ ឥឡូវនេះពិនិត្យស្រាវជ្រាវ មើលឃើញក្រុមហ៊ុនណាមានហានិភ័យគេអត់ឱ្យនាំទៅទេ»។ លោក បន្តថា ហេតុផលទាំងអស់នេះ បានជះឥទ្ធិពលមកកម្ពុជា នាំឱ្យពិបាកនាំចេញទៅទីផ្សារប្រទេសចិនដោយផ្ទាល់។
 
កន្លងមកសម្ដេច ហ៊ុន សែន បានប្រាប់លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានកងអង្គរក្ស រួមទាំងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យទិញមៀនប៉ៃលិន ឬតាង៉ែន តែពីកសិករផ្ទាល់ប៉ុណ្ណោះ ពោលគឺមិនត្រូវទិញមៀនពីចំការអ្នកជំនួញ និងអ្នករកស៊ីធំៗឡើយ។
 
កម្ពុជាមានផ្ទៃដីដាំដុះមៀនប៉ៃលិនឬតាង៉ែន​ ជិត៧ពាន់ហិកតា ដែលចាប់ផ្តើមផ្តល់ទិន្នផលឱ្យប្រជាកសិករនៅទូទាំងប្រទេស។ បើតាមលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ចំនួនផ្ទៃដីទាំងនេះ នឹងផ្តល់ទិន្នផលមៀនប៉ៃលិនឱ្យកសិករ បានរហូតចំនួន១១ម៉ឺនតោន នារដូវប្រមូលផលប្រចាំឆ្នាំ២០២១៕
 

Tag:
 មៀនប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com