COVID-19
អន្តរជាតិ
សិង្ហបុរី និងអាម៉េរិក ចុះ MOU លើវិស័យចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម
23, Aug 2021 , 9:50 pm        
រូបភាព
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស  ជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង នៅថ្ងៃទី២៣ ខែសីហា។ រូបភាព៖ Facebook-Lee Hsien Loong
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង នៅថ្ងៃទី២៣ ខែសីហា។ រូបភាព៖ Facebook-Lee Hsien Loong
អាម៉េរិក និងសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៣ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងវិស័យសាធារណៈ ការការពារ និងហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី ២៣ ខែសីហា។ បន្ថែមពីនេះ ប្រទេសទាំងពីរ ក៏បានឯកភាពធ្វើការជាមួយគ្នាលើវិស័យផ្សេងទៀតផងដែរ ដូចជាអាកាសធាតុ ជំងឺកូវីដ-១៩ និងអវកាសជាដើម។

 
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ដែលកំពុងស្ថិតនៅ សិង្ហបុរីក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃ កំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើន។ ក្នុងអំឡុងរយៈពេលនេះ អាម៉េរិក និងសិង្ហបុរី បានចុះMOU ចំនួន ៣ ជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តោតលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាសាធារណៈ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតលើវិស័យការពារ និងហិញ្ញវត្ថុ។ 
 
តាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសន្តិសុខសិង្ហបុរីចេញ(CSA) នៅថ្ងៃទី២៣ ខែសីហា MOUលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាសាធារណៈ នឹងបង្កើតកិច្ចសហប្រតិបត្តិការមួយ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរផ្តោះប្តូរព័ត៌មានលើការគំរាមកំហែងលើប្រព័ន្ធអ៊ីនធឺណិតជាមួយគ្នា ឆ្លើយតបនឹងឧប្បទ្ទវហេតុផ្សេងៗ និងហ្វឹកហ្វឺនរួមគ្នាលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ 
 
លើសពីនេះ ក្រសួងការពារជាតិសិង្ហបុរី និងក្រសួងការពារជាតិអាម៉េរិក បានចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតទាក់ទិននឹងការការពារផងដែរ។ គោលបំណងរបស់MOU ទីពីរនេះ គឺដើម្បីកែលម្អការចែករំលែកព័ត៌មាន និងបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហការជាមួយដៃគូដែលទុកចិត្តក្នុងកិច្ចខិតខំកែលម្អស្ថាប័នជាដើម។  
 
MOU ទី៣ គឺផ្តោតលើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ទាក់ទិននឹងហិរញ្ញវត្ថុ ដែលត្រូវបានចុះហត្ថលេខាដោយ អាជ្ញាធរហិរញ្ញវត្ថុសិង្ហបុរី និងក្រសួងហិរញ្ញវត្ថុរបស់អាម៉េរិក ដើម្បីចែករំលែកព័ត៌មានលើវិស័យហិរញ្ញវត្ថុ និងទប់ស្កាត់ឧបទ្ទវហេតុ និងការគំរាមកំហែងនៅក្នុងវិស័យមួយនេះ។ 

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងអាកាសធាតុ
 
អាម៉េរិក និងសិង្ហបុរី ក្នុងថ្ងៃដដែលនេះ បានឯកភាពលើកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ច និងអាកាសធាតុ។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអនុប្រធានាធិបតីអាម៉េរិក ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសិង្ហបុរី បានចាប់ផ្តើមភាពជាដៃគូលើអាកាសធាតុ និងគំនិតផ្តួចផ្តើមកសាងទីក្រុងវៃឆ្លាតថ្មី។ ភាពជាដៃគូលើអាកាសធាតុ នឹងផ្តោតលើបញ្ហាអាកាសធាតុ, អភិបាលកិច្ចលើវិស័យបរិស្ថាន, ការអភិវឌ្ឍប្រកបដោយចីរភាព និងការបញ្ចេញឧស្ម័នកាបូនកម្រិតទាប។ 
 
កិច្ចសហការទប់ស្កាត់ជំងឺឆ្លងសកល និងអវកាស
 
ក្រៅពីអនុស្សរណៈទាំងបី និងវិស័យអាកាសធាតុ ប្រទេសទាំងពីរ នឹងចែករំលែកព័ត៌មានទាក់ទិននឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការលេចឡើង ក៏ដូចជាផ្តល់ព័ត៌មានពី វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី និងជំងឺឆ្លងផ្សេងទៀត។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានពង្រីកទំនាក់ទំនងលើវិស័យអវកាសផងដែរ។ លោកនាយករដ្ឋមន្រ្តីលី បានហៅកិច្ចសហការនេះថា «ព្រំដែនបន្ទាប់ ឬNext Frontier»។ 
 
បន្ទាប់ពីជួបជាមួយអនុប្រធានាធិបតីអាម៉េរិក លោកលី បានចាត់ទុកជំនួបនោះ ជាកិច្ចពិភាក្សាដ៏ល្អ ដោយវាបានបញ្ជាក់ពី ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ លោក លី ក៏បានសម្តែងការកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់អាម៉េរិកក្នុងតំបន់អាស៊ីបាស៊ីហ្វិកផងដែរ ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៏ ក្នុងការគាំទ្រស្ថិរភាពលើឆាកអន្តរជាតិ ដើម្បីឱ្យប្រទេសទាំងអស់ អាចសហការ និងប្រកួតប្រជែងគ្នាដោយសន្តិវិធី ហើយរីកចម្រើនជាមួយគ្នា។
 
គួរបញ្ជាក់ថា អនុប្រធានាធិបតិអាម៉េរិកលោកស្រី ហារីស បានទៅដល់សិង្ហបុរីនៅថ្ងៃទី២២ ខែសីហា ដែលនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្រី ចាប់តាំងពីក្លាយជាអនុប្រធានាធិបតីនៅខែមករា កន្លងមក។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅសិង្ហបុរីរួច លោកស្រីនឹងបន្តដំណើរទៅវៀតណាមទៀត។
 
ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន ទៅកាន់ប្រទេសសិង្ហបុរីកាលពីមួយខែមុន។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាម៉េរិក នៅក្នុងតំបន់ និងបង្ហាញថាខ្លួនមានជំហរយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍៕
 

Tag:
 អាម៉េរិក
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com