ជាតិ
WHO ផ្តល់​សម្ភារបង្ការនិងទប់ស្កាត់កូវីដ-១​៩ តម្លៃជាង៣២,៨ម៉ឺនដុល្លារដល់កម្ពុជា ​
24, Aug 2021 , 12:40 pm        
រូបភាព
 រូបថត៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
រូបថត៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានផ្តល់ជំនួយជាសម្ភារបរិក្ខារវេជ្ជសាស្ត្រ ដែលមានតម្លៃជាង៣២,៨ដុល្លារដល់កម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយ​តបការរាតត្បាតជំងឺកូវីដ-១៩។  នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។

 
បើតាមក្រសួងសុខាភិបាល​ ជំនួយជាឧបករណ៍សម្ភារបរិក្ខាវេជ្ជសាស្ត្រ ទាំងនោះមាន​រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់ សម្រាប់ដឹកវ៉ាក់សាំងចំនួន៣គ្រឿង និងបរិក្ខារវជ្ជសាស្ត្រ ដែលមានម៉ាស់ចំនួន ១៦ម៉ឺនម៉ាស, ស្រោមដៃចំនួន ១៦ម៉ឺន​ និងជេលលាងដៃចំនួន ៨,៧៥០ដប និងសម្ភារអប់រំសុខភាពចំនួន៣០ម៉ឺន។
 
ពិធីប្រគល់ និងទទួលជំនួយនេះ បានព្រត្តឹត្តទៅនៅព្រឹកថ្ងៃទី២៤ សីហានេះ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ 
 

 រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ដែលជាជំនួយរបស់WHO ដល់កម្ពុជា។ រូបថត៖ ក្រសួងសុខាភិបាលកម្ពុជា

នាឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមលោកស្រី​ Li Ailan ​មកដល់ពេលនេះ កម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃការរីករាលដាលកូវីដ-១៩​បាន​។  តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានគូសបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក នឹងនៅតែបន្តកិច្ចសហការនិងគាំទ្រវិស័យសុខាភិបាលកម្ពុជា។
លោកម៉ម ប៊ុនហេង ក៏បានអរគុណចំពោះអង្គការសុខភាពពិភពលោក ដែលតែងតែគាំទ្រទាំងថវិកា បច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា។ សម្រាប់លោករដ្ឋមន្ត្រី ការគាំទ្រទាំងនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ​នៃការរាតត្បាតនៃកូវីដ-១៩នេះ។
 
សូមជម្រាបថា មកទល់នឹងបច្ចុប្បន្ន កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៩០,១០៧នាក់ ក្នុងនោះករណីនាំចូល១៤,៣៩៥នាក់។ ចំណែកអ្នកជាសះស្បើយ ៨៦,១៣០នាក់ និងអ្នកស្លាប់ ១,៨២១នាក់៕
 
 
 

Tag:
 WHO
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com