ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ៨ ចំនុចជួយពង្រឹងភាពស៊ាំរាងកាយក្នុងរដូវភ្លៀង
01, Sep 2021 , 10:59 pm        
រូបភាព
ប្រសិនបើប្រព័ន្ធភាពស៊ាំរាងកាយមិនរឹងមាំទេនោះ អ្នកងាយនឹងកើតជំងឺផ្ដាសាយណាស់ក្រោយពេលត្រូវទឹកភ្លៀង។ ថាតើចង់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយក្នុងកំឡុងពេលរដូវភ្លៀងត្រូវធ្វើដូចម្ដេច? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖

 
១. ទទួលទានតែបៃតង
 
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងជំងឺផ្សេងៗ។ ប្រសិនបើចង់ចៀសផុតពីជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ ចូរព្យាយាមទទួលទានតែបៃតងក្ដៅឧណ្ហៗ ១ពែងដោយអាចបន្ថែមទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេចូលផង។
 
២. ទទួលទានតែខ្ញី
 
ភេសជ្ជៈនេះមិនត្រឹមតែល្អសម្រាប់បំបាត់អាការៈចង្អោរចង់ក្អួតនិងពិបាករំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ នេះក៏ព្រោះតែខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថាការរលាកអាចបណ្ដាលឱ្យអ្នកងាយនឹងឆ្លងមេរោគ ព្រមទាំងប្រឈមមុខខ្ពស់នឹងហានិភ័យនៃបញ្ហាសុខភាពច្រើនទៀត។
 
៣. ទទួលទានតែរមៀត
 
មនុស្សភាគច្រើនជ្រើសរើសទទួលទានតែរមៀតដើម្បីទប់ទល់នឹងអាការៈឈឺសន្លាក់និងការរលាកដែលបណ្ដាលមកពីរបួស ឬការរលាកសន្លាក់។ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថា រមៀតក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដូចខ្ញីដែរ? ដូច្នេះការរួមបញ្ចូលរមៀតក្នុងរបបអាហារ ឬកាទទួលទានតែរមៀត គឺល្អណាស់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
 
៤. រក្សាសំណើមនិងជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ
 
ទោះបីជារដូវភ្លៀងធ្លាក់មិនធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅ ប៉ុន្តែមិនមែនមានន័យថាត្រូវឈប់ទទួលទានទឹកឡើយ។ មិនថាស្ថិតក្នុងរដូវអ្វីក៏ដោយ ការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ គឺចាំបាច់ណាស់។ ការទទួលទានទឹកអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយដោយកម្ចាត់រាល់ជាតិពុលនិងភាពកខ្វក់ដែលជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។
 
៥. រួមបញ្ចូលខ្ទឹមសក្នុងរបបអាហារ
 
ខ្ទឹមស មានផ្ទុកសម្បូរទៅដោយវីតាមីនល្អ, ជាតិប្រេង ឬខ្លាញ់ចាំបាច់ និងអាស៊ីតអាមីណូ ដែលជួយប្រយុទ្ធប្រឆាំងវីរុស និងជំងឺផ្ដាសាយ ដោយជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត វាក៏ជាប្រភពនៃសមាសធាតុ allicin ដែលសម្លាប់ពពួកបាក់តេរីមិនល្អ រួមទាំងមេរោគផ្សិត។ អ្វីដែលសំខាន់នោះ គឺខ្ទឹមស គួរតែមានសភាពស្រស់ដើម្បីអាចការពារអ្នកពីជំងឺផ្សេងៗ។
 
៦. គ្រប់គ្រង ឬកាត់បន្ថយស្ត្រេស
 
គ្មានអ្វីអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយឆាប់ចុះខ្សោយជាងការរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពស្ត្រេសឡើយ។ អ្នកស្ត្រេសប៉ុណ្ណា ហានិភ័យនៃការកើតជំងឺផ្ដាសាយ ជាពិសេសក្នុងរដូវភ្លៀង គឺខ្ពស់ប៉ុននោះ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមធ្វើសកម្មភាពណាស់ដែលអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នកបាន។
 
៧. គេងឱ្យបានច្រើនគ្រប់គ្រាន់
 
មិនត្រឹមតែប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេដែលទទួលបានអត្ថប្រយោជន៍ ការគេងបានច្រើនគ្រប់គ្រាន់ គឺល្អណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលតែម្ដង។ ក្នុងរដូវភ្លៀងភាគច្រើននៃពួកយើងប្រហែលជាមិនពិបាកនឹងគេងលក់ឡើយ។
 
៨. រក្សាកម្ដៅ និងភាពស្ងួតនៃរាងកាយ
 
ចូរប្រាកដថាអ្នកបានការពារខ្លួនពីទឹកភ្លៀង និងអាកាសធាតុត្រជាក់បានល្អដើម្បីអាចចៀសផុតពីបញ្ហាសុខភាព។ ក្នុងករណីទទឹកទឹកភ្លៀង ចូរប្រញាប់ផ្លាស់ប្ដូរសម្លៀកបំពាក់ និងកុំភ្លេចងូតទឹកក្ដៅឧណ្ហៗផងទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com