អត្ថបទពាណិជ្ជកម្ម
ធនាគារ ហ្វីលីព ចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា លើការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស
24, Aug 2021 , 4:59 pm        
រូបភាព
 ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១- ជាចំណែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ស្ថាប័ន(CSR) ធនាគារ ហ្វីលីព បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងការផ្តល់អាហាររូបករណ៍៥០% ដល់សិស្សពូកែថ្នាក់វិទ្យាល័យចំនួន ៣កន្លែង។
 
អាហារូបករណ៍ដែលផ្តល់ពីធនាគារ នឹងត្រូវប្រគល់ជូនដល់សិស្ស នៅសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ដែលកំពុងសិក្សានៅកម្រិតថ្នាក់ទី១០ ទី១១ និងទី១២ សម្រាប់ចំណាយលើថ្លៃសិក្សាប្រចាំឆ្នាំ។
 
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា អាហារូបករណ៍នេះជាកត្តារួមចំណែក ជួយដល់យុវជនកម្ពុជាជំនាន់ក្រោយ នូវឱកាសក្នុងការទទួលបានការអប់រំដ៏ប្រសើរ និងជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់សេដ្ឋកិច្ចជាតិផងដែរ។


 
លោក ចាន់ ម៉ាច បានបន្តថា៖“សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ជាដៃគូសហការដ៏ល្អមួយរបស់ធនាគារ ហ្វីលីព។ ហេតុដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈកម្មវីធីទំនួលខុសត្រូវសង្គមមួយនេះ” ។
 
មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លោក សេង បូណា អគ្គនាយក សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា អាហារូបករណ៍ ៣កន្លែងនេះ បាននាំមកនូអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់មាតាបិតាសិស្ស ក៏ដូចជាសិស្សានុសិស្សផ្ទាល់តែម្តង។
 
លោក សេង បូណាបានបន្ថែមថា សាលានឹងជ្រើសរើសសិស្សពូកែ ៣រូប ដើម្បីប្រគល់អាហារូបករណ៍នេះ ហើយលោក បូណា សង្ឃឹមជឿជាក់ថា អាហាររូបករណ៍នេះ នឹងជំរុញឲ្យសិស្សកាន់តែច្រើន បន្តការខិតខំរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានអាហារូបករណ៍នេះ។


 
ចាប់តាំងពីឆ្នាំ២០១៦ ធនាគារ ហ្វីលីព បានចាប់ដៃគូជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងការផ្តល់ជម្រើសបង់ថ្លៃសិក្សាដែលងាយស្រួល ជូនដល់មាតាបិតាសិស្ស ជាង ៥០០០ នាក់ តាមរយៈការទូទាត់ដោយស្គេនកូដ QR។ ក្រៅពីសកម្មភាពទំនួលខុសត្រូវសង្គមខាងលើ ភាគីទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការជាច្រើន ដែលនឹងមានប្រយោជន៍ដល់ទាំងសិស្ស ទាំងមាតាបិតាអាណាព្យាបាលរបស់ពួកគេ។
 
អំពីសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា
 
សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជាបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយស្ថាបនិក លោក សេង បូណា។ ក្រោមបេសកម្មដែលកំណត់យ៉ាងច្បាស់លាស់ ពោលគឺសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា មានការតាំងចិត្តខ្ពស់ និងប្រាកដប្រជា ក្នុងការកសាងសមត្ថភាព និង អភិវឌ្ឍជំនាញរបស់សិស្ស។ ទ្រូ វីហ្សិនជឿជាក់ និងឆ្ពោះទៅមុខ តាមជំហានស្តង់ដារអន្តរជាតិ ក្នុងផ្តល់ការអប់រំដល់សិស្សានុសិស្ស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជិវិតរបស់ពួកគេ។
 
រាល់សកម្មភាពក្នុងការសិក្សារបស់ពួកគេ គឺទទួលបានតាមស្តង់ដារប្រទេសទំនើបៗ ដូចជា សិង្ហបុរី សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្រ្តាលី និងអង់គ្លេស ដើម្បីចំណេះដឹង និងជំនាញរបស់ពួកគេ។


 
ជាមួយសាខាចំនួន៨ទីតាំង នៅឆ្នាំ២០២១ ទ្រូ វីហ្សិន បានផ្តល់ការសិក្សាសម្រាប់សិស្សថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។ ជាងនេះទៅទៀត សាលាក៏បានពង្រីកកិច្ចសហប្រតិបត្តិការ ទៅកាន់ប្រទេសនានាដូចជា នូវែលសេឡង់ សិង្ហបុរី អូស្រ្តាលី អង់គ្លេស និង សហរដ្ឋអាមេរិក លើកម្មវិធីចុះកម្មសិក្សាថែមទៀតផង។
 
ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ http://truevisions.edu.kh/en-us/
 
 



អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០៩ ក្រោមឈ្មោះ ហ្វ័ង ឌីប៊ីអេស បន្ទាប់មកនៅឆ្នាំ២០១៤ ក្រុមហ៊ុន ហ្វីលីពកាពីតាល់ បានទិញយកភាគហ៊ុន និងប្តូរឈ្មោះជា ធនាគារ ហ្វីលីព។ ធនាគារ ផ្តល់ជូនសេវាកម្ម និង ផលិតផលហិរញ្ញវត្ថុ ដ៏សម្បូរបែបតាមតម្រូវការរបស់សារជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និងបុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសិង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញ ប្រកបដោយគុណភាព និងភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅច្រើនជាង១៥ ប្រទេស។
 
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការ លើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជមួយ មានសាខាច្រើនជាងគេនៅកម្ពុជា (៨៨សាខា)។ ធនាគារ ហ្វីលីព ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ ផ្តល់ជូនផលិតផល និងសេវាកម្មឌីជីថល ជូនដល់អតិថិជនរបស់យើងផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍សេវាធនាគារ លំដាប់អន្តរជាតិដែលល្អបំផុត។
 
ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ https://www.phillipbank.com.kh
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com