អន្តរជាតិ
ថៃ នឹងទទួលវ៉ាក់សាំង ​AstraZeneca ចំនួន៦១លានដូសតាមការបញ្ជាទិញវិញ
24, Aug 2021 , 7:29 pm        
រូបភាព
បុគ្គលិកសុខាភិបាលថៃ ចាក់វ៉ាក់សាំងរបស់ AstraZeneca ឱ្យស្រ្តីម្នាក់។ រូបថត Xinhua
បុគ្គលិកសុខាភិបាលថៃ ចាក់វ៉ាក់សាំងរបស់ AstraZeneca ឱ្យស្រ្តីម្នាក់។ រូបថត Xinhua
ដោយ​៖ ​ទ្បាយ ស្រីពេជ្រ
 
ថៃ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន ​AstraZeneca ចំនួន៦១លានដូសនៅឆ្នាំនេះ​តាមការបញ្ជាទិញរបស់ខ្លួន។ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយបែបនេះនៅថ្ងៃទី២៣ ​ខែ​សីហា។ ការទទួលវ៉ាក់សាំងនេះ នឹងជួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ស្របពេលមានការកើនឡើងការឆ្លងជំងឺកូវីដ-១៩ ។

 
ថៃ ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះបែរជាជួបបញ្ហាយឺតយ៉ាវក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួនទៅវិញ។ ប្រហែល៩ភាគរយនៃប្រជាជន៦៦លាននាក់របស់ថៃ បានចាក់វ៉ាក់សាំងពេញលេញ។
 
កាលពីខែមុន ក្រុមហ៊ុន AstraZeneca ក៏បានស្នើសុំពន្យាពេលដឹកជញ្ជូការបញ្ជាទិញចំនួន៦១លានដូសដល់ខែឧសភា ឆ្នាំ២០២២ ។ ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា និងនាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca ការបញ្ជាទិញរបស់ថៃ នឹងមកដល់ឆាប់ជាងការរំពឹងទុក។​
នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri ។
 
លោក Anucha បានលើកទ្បើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាដំណឹងល្អក្នុងការជួយបង្កើតប្រព័ន្ធសុំាសម្រាប់មនុស្សទាំងអស់គ្នាបានលឿន​។ លើសពីនោះ វានឹងដកសម្ពាធពីប្រព័ន្ធសុខាភិបាល ជួយឱ្យប្រជាជនឆាប់បានវិលត្រឡប់ទៅរកជីវិតធម្មតា និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញទៀតផង។
 
បូកបញ្ចូលទាំងវ៉ាក់សាំងរបស់ AstraZeneca ផង ការផ្គត់ផ្គង់វ៉ាក់សាំងសរុបរបស់ថៃសម្រាប់ឆ្នាំ ២០២១ មានដល់ជាង១២១លានដូសដែលក្នុងនោះ ៦០លានដូសទៀតជាវ៉ាក់សាំងរបស់ក្រុមហ៊ុន​ Sinovac របស់ចិនចំនួន៣០លានដូសនិង៣០លានដូសពី Pfizer-BioNTech ។
 
លោក Anucha អះអាងថា ថៃនឹងទិញវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូសបន្ថែមនៅឆ្នាំក្រោយ​។ បើយោងតាមក្រសួងសុខាភិបាល ថៃក៏មានគម្រោងទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន៥០លានដូសនៅឆ្នាំ២០២២ ដែរ៕
 
មកទល់ពេលនេះថៃបានរាយការណ៍ថាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១.០៦៦.៧៨៦ នាក់និងស្លាប់ចំនួន ៩.៥៦២ នាក់ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។ ជាង ៩៧ ភាគរយនៃករណីនិងការស្លាប់ទាំងនោះត្រូវបានរកឃើញចាប់តាំងពីខែមេសាឆ្នាំនេះ។
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com