អន្តរជាតិ
WHO ពិបាកដឹកសម្ភារវេជ្ជសាស្រ្តទៅអាហ្វហ្កានីស្ថាន ព្រោះព្រលានក្រុងកាប៊ុលកំពុងចលាចល
24, Aug 2021 , 8:29 pm        
រូបភាព
ស្ថានភាពរញ៉េរញ៉ៃនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលដែលពោរពេញដោយមនុស្ស ធ្វើឱ្យរាំងស្ទះការដឹកជញ្ជូនសម្ភារវេជ្ជសាស្រ្តចាំបាច់ទៅកាន់អាហ្វហ្កានីស្ថាន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៣ ខែសីហា។ WHO បានអំពាវនាវឱ្យប្រើប្រាស់យន្តហោះស៊ីវិលដែលបញ្ជូនទៅដឹកមនុស្សចេញពីអាហ្វហ្កានីស្ថានដើម្បីដឹកគ្រឿងបរិក្ខារទាំងនោះ។

 
លោក Rick Brennan នាយកផ្នែកអាសន្នប្រចាំតំបន់របស់ WHO ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការបិទព្រលានយន្តហោះទីក្រុងកាប៊ុលឱ្យយន្តហោះស៊ីវិលចូលចត បានរារាំងដល់ការដឹកជញ្ជូនសម្ភារបរិក្ខារវេជ្ជសាស្រ្តជាង៥០០តោនរួមមាន ឧបករណ៍វះកាត់ និងកញ្ចប់អាហារូបត្ថម្ភសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជននៅអាហ្វហ្កានីស្ថាន ដែលនឹងត្រូវបញ្ជូនទៅអាហ្វហ្កានីស្ថាននៅសប្តាហ៍នេះ។
 
«ខណៈពេលដែលពិភពលោកកំពុងចាប់អារម្មណ៍លើការជម្លៀសមនុស្សចេញពីអាហ្វហ្កានីស្ថានតាមជើងយន្តហោះ យើងក៏មិនត្រូវភ្លេចការផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្រ្តនិងស្បៀងអាហារដល់អ្នកដែលនៅសេសសល់ផងដែរ»។ លោក Brennan បានបន្ថែមបែបនេះនៅក្នុងសារតាមអ៊ីមែលរបស់លោកនៅថ្ងៃទី២៣ ខែសីហា។
 
បើតាមទីភ្នាក់ងារផ្ដល់ជំនួយនៅអាហ្វហ្កានីស្ថាន ជំនួយខាងលើសំខាន់ណាស់សម្រាប់មនុស្សប្រមាណ ៣០ម៉ឺននាក់ ដែលត្រូវផ្លាស់ទីលំដោយសារភាពចលាចលនៅអាហ្វហ្កានីស្ថានក្នុងរយៈពេលពីរខែចុងក្រោយនេះ។ លើសពីនោះ ប្រជាជនជាង១៨លាននាក់ស្មើនឹងជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅអាហ្វហ្កានីស្ថាន ដែលពឹងផ្អែកទាំងស្រុងលើជំនួយទាំងនេះដែរ រឹតតែត្រូវការជំនួយសម្ភារវេជ្ជសាស្រ្ត និងស្បៀងអាហារបន្ថែមទៀត ស្របពេលប្រទេសនេះកំពុងជួបប្រទះគ្រោះរាំងស្ងួត។ 
 
ស្របពេលអាម៉េរិកបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍បញ្ជូនយន្តហោះទៅជម្លៀសមនុស្សនៅអាហ្វហ្កានីស្ថាន មន្រ្តីជាន់ខ្ពស់ WHO ខាងលើ អះអាងថា WHO ក៏បានអំពាវនាវឱ្យយន្តហោះទទេរទាំងនោះហោះទៅឃ្លាំងស្តុករបស់ WHO នៅឌូបៃ ដើម្បីជញ្ជូនកញ្ចប់ជំនួយ មុនហោះទៅកាប៊ុល។
 
នៅថ្ងៃទី២២ខែសីហា ក្រសួងការពារជាតិអាមេរិក បានឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ជួយក្នុងការជម្លៀសប្រជាជនចេញពីអាហ្វហ្កានីស្ថាន។ ទោះយ៉ាងនេះក្តី ទីក្រុងវ៉ាស៊ីនតោន និងដៃគូសម្ព័ន្ធណាតូបានបញ្ជាក់ថា ពួកគេមិនអនុញ្ញាតឱ្យយន្តហោះស៊ីវិលទាំងនេះនាំយកគ្រឿងផ្គត់ផ្គង់ចូលដល់ទឹកដីអាហ្វហ្កានីស្ថានឡើយដោយសារតែព្រួយបារម្ភពីឧបសគ្គនានា និងកង្វល់សន្តិសុខផង។
 
ដោយសារការរឹតត្បិតនៅព្រលានយន្តហោះទីក្រុងកាប៊ុល WHO ក៏បានសម្លឹងមើលលើជម្រើសផ្សេងទៀតដូចជាទៅព្រលានយន្តហោះនៅទីក្រុង Kandahar, Jalalabad និងមូលដ្ឋាន Bagram ជាដើម។ យ៉ាងណាមិញ WHO  បានបញ្ជាក់ថា ខ្លួនមិនទាន់មានយន្តហោះដើម្បីហោះទៅមូលដ្ឋានទាំងនោះនៅឡើយ៕
 

Tag:
 WHO
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com