ជាតិ
ក្រុងព្រះសីហនុ នៅតែបន្តជន់​លិច​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពី​ម៉ោង​៤​រសៀល
24, Aug 2021 , 8:31 pm        
រូបភាព
ទឹកភ្លៀងជន់លិចផ្លូវ ក្នុងក្រុងព្រះសីហនុ ក្រោយភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីម៉ោង៤រសៀល ថ្ងៃទី២៤ ខែសីហា ។ រូបថត៖ ហ្វេសប៊ុករដ្ឋបាលខេ្តតព្រះសីហនុ
ទឹកភ្លៀងជន់លិចផ្លូវ ក្នុងក្រុងព្រះសីហនុ ក្រោយភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីម៉ោង៤រសៀល ថ្ងៃទី២៤ ខែសីហា ។ រូបថត៖ ហ្វេសប៊ុករដ្ឋបាលខេ្តតព្រះសីហនុ
ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពី​ម៉ោង​ប្រមាណ​៤​រសៀល​មក បាន​បង្កឱ្យមាន​ការ​ជន់​លិច​តំបន់​ជាច្រើន នៅក្នុង​ក្រុងព្រះសីហនុ ជាពិសេស​តំបន់​ទំនាប​។ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មី​តាម​ទូរ​សព្ទ​ដូច្នេះថា៖«តំបន់មួយចំនួន បានជន់លិចដោយទឹកភ្លៀង ជាពិសេសតំបន់ទំនាប នៅក្នុងក្រុងព្រះសីហនុ។ ប៉ុន្តែបណ្តាស្រុក មួយចំនួនទៀត មិនមានភ្លៀងធ្លាក់ខ្លាំងទេ»។ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុរូបនេះ បន្តទៀតថា រហូតមកម៉ោងជាង៨យប់នេះ ភ្លៀងក៏នៅតែបន្តធ្លាក់មិនទាន់ថមថយនៅឡើយ​។

 
 
​បើតាម​លោក ឃាង ភារ​ម្យ កម្រិត​ទឹកភ្លៀងនៅខេត្តព្រះសីហនុ​បាន​ហក់​ឡើង​ពី​កម្ពស់​១២០​មី​លី​ម៉ែត្រ នៅ​ម៉ោង​៦​ល្ងាច​នេះ ដល់​កម្រិត​ដ៏​ខ្ព​ស់គឺ​កម្ពស់១៨៨ មី​លី​ម៉ែត្រ គិត​ត្រឹម​៧​យប់​​។ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​អះអាង​បន្តថា អាជ្ញាធរ​កំពុងតែ​តាមដាន​ស្ថានភាព​គ្រោះមហន្តរាយធម្មជាតិ​នេះ យ៉ាង​យកចិត្តទុកដាក់ ភ្លៀង​នៅ​មិនទាន់​រាំង​នៅឡើយ ហើយក៏​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ច្រើន​ទៀតនោះ។ 
 
​​តាមរយៈ​សារព័ត៌មាន​ថ្មីៗ លោក ឃាង ភារ​ម្យ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ហើយ​បើ​មិនចាំបាច់ សូម​ចៀសវាង​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​បង្កា​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ក្នុ​អំឡុងពេល​ធ្វើដំណើរ​។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ក៏ ស្នើឱ្យ​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន នៅ​តំបន់​ទំនាប ជម្លៀស​ខ្លួន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។ 
 
​ក្រៅពី​ការ​អំពាវ​នេះ លោក ភារ​ម្យ ក៏​បញ្ជាក់ដែរថា អាជ្ញាធរ បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​ផងដែរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ ខណៈ​តំបន់​ខ្លះ​ភ្លើង​ត្រូវ​កាត់ផ្តាច់​ដោយសារ​​បង្គោល​ភ្លើង​បាន​បាក់រលំជាដើម​។ 
សូមជម្រាបថា  ចាប់ពីថ្ងៃទី២៥-៣១ ខែសីហានេះ កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com