អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អនុ​ប្រធានាធិបតី​៖អាម៉េរិក​នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត ប្រឈមមុខ​នឹង​ការ​គំរាម​របស់​ចិន​
24, Aug 2021 , 10:23 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក អ្នកស្រី កាម៉ាឡា ហារីស។ រូបភាព៖ Twitter
អនុប្រធានាធិបតីអាមេរិក អ្នកស្រី កាម៉ាឡា ហារីស។ រូបភាព៖ Twitter
​អនុ​ប្រធានាធិបតី​អាម៉េរិក អ្នកស្រី​កា​ម៉ា​ឡា ហារី​ស បាន​លើកឡើងថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន ស្របពេល​ក្រុង​ប៉េកាំង បន្ត​សម្លុត និង​បង្ខិតបង្ខំ​ប្រទេស​ដទៃ ដែលជា​ផ្នែក​មួយ​នៃ​ការទាមទារ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មេដឹកនាំ​អាម៉េរិក​រូបនេះ ក៏បាន​ចាត់ទុក ការទាមទារ​របស់​ចិន​នៅក្នុង​ដែនសមុទ្រ​មួយ​នេះ ជាការ​បំពាន​សណ្តាប់ធ្នាប់​អន្តរជាតិ និង​គំរាមកំហែង​ប្រទេស​ផ្សេង​ដែរ​។

 
​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅ​រវាង​ចិន និង​អាម៉េរិក​។ រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ចូ បៃ​ឌិន តែង​រិះគន់​ចិន​ពី​ការទាមទារ​ដ៏​ច្រើន​លើសលុប​នៅក្នុង​ដែនសមុទ្រ​យុទ្ធសាស្ត្រ​មួយ​នេះ​។ ជាថ្មី​ម្តងទៀត អនុប្រធាន​ធិបតី​អាម៉េរិក បាន​ថ្កោលទោស​ចិន ពី​ការ​សម្លុត និង​បង្ខិតបង្ខំ​ប្រទេស​ដទៃ ដែលជា​ផ្នែក​មួយ​នៃ​ការទាមទារ​របស់ខ្លួន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​នៅក្នុង​សុន្ទរកថា​មួយ​ពី​ឧទ្យាន Gardens by the Bay អ្នកស្រី​ហារី​ស បាន​សង្កត់ធ្ងន់ថា ចក្ខុវិស័យ​របស់​អាមេរិក​រួមបញ្ចូល​ទាំង​សេរីភាព​នៃ​នាវាចរ ដែល​សំខាន់​សម្រាប់​ប្រទេស​ទាំងអស់​។ មេដឹកនាំ​អាម៉េរិក​រូបនេះ បាន​បន្តថា​ជីវភាព​របស់​ប្រជាជន​ជាច្រើន​លាន​នាក់ ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​ផ្លូវទឹក ដែលមាន​តម្លៃ​ជាច្រើន​ពាន់​លាន​ដុល្លារ​។ 
 
«​សកម្មភាព​ចិន បន្ត​បំពាន​សណ្តាប់ធ្នាប់ និង​គំរាមកំហែង​ប្រទេស​ដទៃ​»​។ អនុ​ប្រធានាធិបតី​អាម៉េរិក បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត ដើម្បី​ប្រឈមមុខ​នឹង​ការគំរាមកំហែង​មួយ​នេះ​។ យ៉ាងណាក៏ដោយ អ្នកស្រី​ហារី​ស មិនបាន​ជំរុញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ជ្រើស​យក​ខ្លួន ឬ​ប្រទេស​ផ្សេង​ឡើយ ចំណែក​អាម៉េរិក ក៏​មិន​ចង់​ប្រឆាំង​ប្រទេស​ណាមួយ​នៅក្នុង​តំបន់​ផងដែរ​។ 
 
​មេដឹកនាំ​អាម៉េរិក ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កសាង​ភាពជា​ដៃគូ ដើម្បី​រៀបចំ​ចក្ខុវិស័យ​នៃ​អនាគត​រួមគ្នា​ផងដែរ​។ ក្នុង​សុន្ទរកថា​នៅ​ឧទ្យាន Gardens by the Bay អ្នកស្រី​ហារី​ស ក៏បាន​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។ 
 
​បន្ទាប់ពី​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​អស់​រយៈពេល ៣​ថ្ងៃ អនុ​ប្រធានាធិបតី​អាម៉េរិក បាន​ហោះ​ទៅ​វៀតណាម​ហើយ ដើម្បី​ជជែក​ពី​បញ្ហា​ជាច្រើន​រួមទាំង​ចិន ពាណិជ្ជកម្ម យោធា និង​សន្តិសុខ​ជាដើម​។ 
 
​សូមបញ្ជាក់ថា សមុទ្រ​ចិន​ខាងត្បូង មិន​ត្រឹមតែ​សម្បូរ​ធនធានធម្មជាតិ ត្រី និង​ជា​ផ្លូវទឹក​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ដែនសមុទ្រ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ចិន ដើម្បី​ទប់​នឹង​ដៃគូ​ប្រជែង​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​៕ 

Tag:
 អាម៉េរិក​
  ចិន​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com