COVID-19
អន្តរជាតិ
ព្រុយណេ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ លើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ
25, Aug 2021 , 9:34 am        
រូបភាព
ព្រុយណេ នៅថ្ងៃទី២៤ ខែសីហា រាយការណ៍ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២នាក់លើកដំបូង ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមក ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងមានករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើង។

 
ក្រសួងសុខាភិបាលព្រុយណេ បានប្រកាសថា ជនជាតិព្រុយណេ ចំនួន ២រូប បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីត្រូវបញ្ជូនទៅដាក់មជ្ឈមណ្ឌលចត្តាឡីស័កនៅក្នុងខែសីហា។ នេះជាករណីស្លាប់លើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ ព្រុយណេ បានរាយការណ៍ករណីស្លាប់ចុងក្រោយនៅក្នុងខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបនៅព្រុយណេ កើនដល់ ៥នាក់។ 
 
ទន្ទឹមនេះ ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃក៏មានចំនួនច្រើនផងដែរ។ នៅថ្ងៃទី២៤ ខែសីហា ព្រុយណេ មានករណីឆ្លងប្រចាំថ្ងៃចំនួន ១១០ករណី ដោយករណីឆ្លងសរុបកើនដល់ ១៩៨៣ករណី។ 
 
ចាប់តាំងពីខែកក្កដា កន្លងមក អាជ្ញាធរព្រុយណេ បានចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីកសាយនៃជំងឺឆ្លងសកលមួយនេះ ក៏ដូចជាវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ រោងភាពយន្ត កន្លែងសាសនា ត្រូវបានបិទទាំងអស់ ខណៈប្រជាជនជាច្រើនត្រូវស្នាក់នៅផ្ទះ ប្រសិនបើគ្មានកិច្ចការចាំបាច់៕
 

Tag:
 កូវីដ-១៩
  ព្រុយណេ
© រក្សាសិទ្ធិដោយ thmeythmey.com