COVID-19
ជាតិ
៣ថ្ងៃចុងក្រោយ​ កម្ពុជារកឃើញអ្នកកើត Delta ៣២៦ករណី​ ដោយ១៣៧នាក់នៅភ្នំពេញ​
25, Aug 2021 , 3:29 pm        
រូបភាព
កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ប្លែងខ្លួនប្រភេទដែលតា (Delta) ចំនួន៣២៤ករណីទៀត  នៅរយៈពេល៣ថ្ងៃចុងក្រោយនេះ។ គិតត្រឹមថ្ងៃទី២៥ សីហានេះ ករណីដែលតា កើនដល់ ១.៣២៥ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ។

 
​បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងចំណោមករណីដែលតាដែលទើបរកឃើញនោះ គឺនៅ​ភ្នំពេញមានច្រើនជាងគេគឺដល់ទៅ ១៣៧ករណី បន្ទាប់មកគឺខេត្តបន្ទាយមានជ័យ ៨៤នាក់។ ខេត្តសៀមរាប មាន២៥ករណី ខណៈឧត្តរមានជ័យ មាន១៥ករណីបន្ថែមដែរ។ 
 
មកទល់ពេលនេះ មានរាជធានី-ខេត្ត២៣ ហើយ ដែលមានវត្តមានរបស់មេរោគបំប្លែងថ្មី ដែលតានេះ លើកលែងតែខេត្តកែប និងក្រចេះតែប៉ុណ្ណោះ។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា កូវីដ-១៩ បំប្លែងថ្មី ដែលតា កំពុងរាលត្បាតយ៉ាងខ្លាំង ក្នុងសហគមន៍ ពិសេសនៅរាជធានីភ្នំពេញ ខេត្តខេត្តសៀមរាប ​ឧត្តរមានជ័យ​ បន្ទាយមានជ័យ  ព្រះវិហារ​ ​ខេត្តកណ្តាល មានករណីដែលតាច្រើនជាងគេ។
 
សូមជម្រាបថា ករណីដែលតា ដែលរកឃើញនៅកម្ពុជានេះ គឺរកឃើញលើអ្នកដំណើរពីបរទេស, ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងវៀតណាម ។ ករណីឆ្លងក្នុងសហគមន៍ នេះ ក៏មានបុគ្គលិកសុខាភិបាល ពិរុទ្ធជន និងយោធាផងដែរ។ 
 
បច្ចុប្បន្នកម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​៩០.៥៣៥ នាក់ ក្នុងនោះករណីបំប្លែងថ្មី Delta មានចំនួន ១៣២៥ករណី។ ​​អ្នកជា​សះស្បើយ ៨៦.៧០២នាក់ និង​អ្នកស្លាប់១.៨៣៥នាក់​៕
 
 
 
 

Tag:
 ដែលតា
 Delta
 ភ្នំពេញ
 សៀមរាប
 បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com