ជាតិ
ពីនេះ ពីនោះ
អ្នកនេសាទបរិច្ចាគសត្វកន្ធាយអាស៊ីដ៏ធំមួយក្បាល ដើម្បីយកទៅអភិរក្ស
26, Aug 2021 , 8:59 am        
រូបភាព
លោកថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល លើកបង្ហាញសត្វកន្ធាយអាស៊ី ។ រូបភាព៖ ឈុត ឈាណា
លោកថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល លើកបង្ហាញសត្វកន្ធាយអាស៊ី ។ រូបភាព៖ ឈុត ឈាណា
ដោយ:
កំពង់ចាម៖ សត្វកន្ធាយអាស៊ី Asiatic soft-shell turtle (Amyda cartilaginea) ដ៏ធំមួយក្បាល ទម្ងន់ ៣៣.៩គីឡូក្រាម ត្រូវបានអ្នកនេសាទម្តងម្កាលម្នាក់ឈ្មោះ ស្រេង ឆេងអ៊ន់ យកទៅប្រគល់ជូនខណ្ឌរដ្ឋបាលជលផលកំពង់ចាម កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ។

 
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសម្រេចចិត្តប្រគល់សត្វកន្ធាយអាស៊ីមួយក្បាលនេះ បន្តទៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ដើម្បីយកទៅអភិរក្ស។ សត្វកន្ធាយអាស៊ី ដែលមានប្រវែងទទឹងដងខ្លួន ៤០ គុណនឹង ៦៨សង្ទីម៉ែត្រ នឹងត្រូវនាំយកទៅថែបំប៉ន នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង រហូតដល់វាមានសុខភាពល្អគ្រប់គ្រាន់ មុននឹងយកទៅលែងនៅទីជម្រកសមស្រប។ 
 

លោក អ៊ុក ណារិន (រូបអត់ពាក់ម៉ាស់) និងមន្រ្តីក្រោមឳវាទក្នុងពិធីប្រគល់ និងទទួល នៅទីស្នាក់ការខណ្ឌរដ្ឋបាលជលផលកំពង់ចាម ។ រូបភាព៖ ឈុត ឈាណា
 
ក្នុងពិធីប្រគល់ និងទទួល នៅទីស្នាក់ការខណ្ឌរដ្ឋបាលជលផលកំពង់ចាម លោក អ៊ុក ណារិន បានឱ្យដឹងថា ការទទួលបានសត្វកន្ធាយអាស៊ីមួយក្បាលនេះ គឺជាលទ្ធផលដែលឆ្លើយតបទៅនឹងការផ្សព្វផ្សាយ និងការអំពាវនាវរបស់ខណ្ឌរដ្ឋបាលជលផលកន្លងមក។ លោកបន្ថែមថា៖ «នៅគ្រប់រដូវបិទនេសាទ ក្រៅពីផ្សព្វផ្សាយប្រកាសស្តីពីការបិទរដូវនេសាទ ខ្ញុំតែងតែឆ្លៀតអំពាវនាវដល់ប្រជានេសាទ ឱ្យពួកគាត់ចូលរួមការពារ និងអភិរក្សប្រភេទត្រី និងសត្វកម្រជិតផុតពូជផ្សេងៗ ដែលមានវត្តមានរស់នៅក្នុងខេត្ត»។
 
លោកថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានសម្តែងក្តីរីករាយចំពោះទឹកចិត្តដ៏ប្រពៃរបស់លោក ស្រេង ឆេងអ៊ន់ ដែលបានបរិច្ចាគសត្វកន្ធាយដ៏ធំមួយក្បាលនេះ។ លោក ផាណារ៉ា និយាយថា៖ «ខ្ញុំត្រេកអរខ្លាំងណាស់ ដែលប្រជានេសាទ កាន់តែច្រើន បានចូលរួមក្នុងកិច្ចការការពារ និងអភិរក្សចំពោះប្រភេទសត្វកម្រ និងកំពុងរងគ្រោះផ្សេងៗ មានដូចជាត្រី បបែលយក្ស អណ្តើក និងកន្ធាយជាដើម។ ជាក់ស្តែង ដូចថ្ងៃនេះ ជាសក្ខីភាពនៃការយល់ដឹងច្បាស់របស់ពួកគាត់»។
 
លោក ស្រេង ឆេងអ៊ន់ អាយុ ៣៨ឆ្នាំ ជាអ្នកនេសាទម្តងម្កាល ដែលបានបរិច្ចាគសត្វកន្ធាយអាស៊ីនេះ បានរៀបរាប់ថា៖ «ពេលបានឃើញកន្ធាយនេះភ្លាម មុនដំបូង ខ្ញុំមានអារម្មណ៍ភ័យផងអរផង។ វាធំ និងធ្ងន់ណាស់។ ខ្ញុំមិនអាចលើកវាចេញពីបឹងម្នាក់ឯងរួចទេ។ ខ្ញុំក៏ហៅក្មួយខ្ញុំ មកជួយលើកវាចេញពីទឹកមកលើគោក។ ក្រោយមក ដោយនឹកឃើញដល់វាជាប្រភេទសត្វកម្រ ខ្ញុំក៏សម្រេចចិត្តយកទៅកប្រគល់ឱ្យខណ្ឌរដ្ឋបាលជលផលកំពង់ចាម តាមការអំពាវនាវ»។
 

លោក អ៊ុក ណារិន (រូបទីពីររាប់ពីខាងឆ្វេង) និង លោក ស្រេង ឆេងអ៊ន់ (រូបទីបី ពាក់អាវស) ក្នុងពេលប្រគល់ និងទទួល សត្វកន្ធាយអាស៊ី នោខាងមុខទីស្នាក់ការខណ្ឌរដ្ឋបាលជលផលកំពង់ចាម ។ រូបភាព៖ ឈុត ឈាណា
 
កន្ធាយអាស៊ី Asiatic soft-shell turtle (Amyda cartilaginea) គឺជាប្រភេទកន្ធាយទឹកសាប មានរស់នៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ដូចជា៖ «ប្រុយណេ កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម»។ វាជាប្រភេទសត្វរាត្រីចរ។ វាចំណាយពេលភាគច្រើននៅក្នុងទឹក។ វាឡើងគោកម្តងម្កាលនៅពេលយប់។ ជាទូទៅ កន្ធាយអាស៊ី វាអាចសំងំស្ងៀមមិនកម្រើកក្នុងភក់ល្បាប់បានរាប់ម៉ោង ដើម្បីពួនចាំស្ទាក់ចាប់ចំណី។ អាហារចម្បងរបស់វាមានដូចជា ត្រី សិប្បិជាតិ សត្វល្អិតជាដើម។ ប៉ុន្តែ វាក៏ស៊ីវារិជាតិម្តងម្កាលផងដែរ។ បច្ចុប្បន្ននេះ កន្ធាយអាស៊ី ស្ថិតក្នុងចំណាត់ថ្នាក់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជានេសាទទូទាំងប្រទេស មេត្តាចូលរួមទាំងអស់គ្នា ក្នុងកិច្ចការការពារ និងអភិរក្សចំពោះប្រភេទសត្វកម្រ និងកំពុងរងគ្រោះផ្សេងៗ មានដូចជាត្រីបបែលយក្ស អណ្តើក និងកន្ធាយជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com