COVID-19
ជាតិ
កម្ពុជារកឃើញកូវីដ-១៩ ប្រភេទDelta ២០៩ករណីទៀត ធ្វើឱ្យចំនួនសរុបមាន១៥៣៤នាក់
27, Aug 2021 , 9:32 am        
រូបភាព
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ចំនួន ២០៩ករណីបន្ថែមទៀត បើយោងតាមលទ្ធវិភាគនៅថ្ងៃទី២៥ និងទី២៦ សីហា របស់វិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នេះបើតាមក្រសួងសុខាភិបាល ដែលបានឱ្យដឹងទៀតថា ក្នុងចំណោមករណី Delta ទាំងជាង២០០ករណីនោះ គឺរកឃើញនៅរាជធានីភ្នំពេញ បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាបច្រើនជាងគេ។ ​សរុបករណី​កូវីដ-១៩ ​ប្រភេទ Delta នៅកម្ពុជាមានចំនួន ១ ៥៣៤ករណី។



ចំនួនមនុស្សដែលឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ «Delta» នៅកម្ពុជានោះ នៅរាជធានីភ្នំពេញគឺមានអ្នកឆ្លងមេរោគបំប្លែងថ្មីនេះច្រើនជាងគេ ក្នុងចំនួន៤៥០នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។ 

បច្ចុប្បន្នមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទDelta  បានគ្រប់ដណ្តប់កម្ពុជានៅក្នុងរាជធានី-ខេត្តចំនួន២៣។ គិតត្រឹមនៅថ្ងៃទី២៦សីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មីចំនួន១ ៥៣៤នាក់។ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលឆ្លងសរុបនេះ គឺមាន៤៥០នាក់ នៅរាជធានីភ្នំពេញ, មាន២៨៦នាក់ នៅបន្ទាយមានជ័យ និងមាន២០៧នាក់ នៅខេត្តឧត្តរមានេះជ័យ ខណៈខេត្តផ្សេងៗទៀត មានអ្នកឆ្លងមេរោគនេះក្នុងកម្រិតតិចតួច។

បើតាមក្រសួងសុខាភិបាល មេរោគបំប្លែងថ្មីនេះ កំពុងបន្តរាតត្បាត និងវាយលុកចូលក្នុងសហគមន៍  ជាពិសេស នៅភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត៕ 


 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com