COVID-19
អន្តរជាតិ
ការសិក្សា៖ អ្នកជំងឺកូវីដ-១៩ នៅតែមានរោគសញ្ញាក្រោយសះស្បើយ១ឆ្នាំក្ដី
27, Aug 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ជិតពាក់កណ្តាលនៃអ្នកជំងឺចំនួន១២០០នាក់ដែលជាសះស្បើយពីជំងឺកូវីដ-១៩ នៅទីក្រុងវូហាន នៅតែមានបញ្ហាសុខភាពក្នុងរយៈពេល១២ខែបន្ទាប់ និងមានអាការខ្សោយសួត។ នេះបើយោងតាមការស្រាវជ្រាវចុះផ្សាយលើកាទស្សនាវដ្ដីល្បីឈ្មោះ Lancet នៅថ្ងៃទី២៦ខែសីហា។


 
អ្នកស្រាវជ្រាវមួយក្រុមមកពីមន្ទីរពេទ្យនៅទីក្រុងប៉េកាំង និងវូហាន បានសហការគ្នាសិក្សាលើអ្នកជំងឺជំងឺកូវីដ-១៩ មកពីទីក្រុងវូហានក្នុងខេត្តហ៊ូប៉ីដែលជាប្រភពដំបូងនៃការផ្ទុះជំងឺដ៏កាចសាហាវនេះឡើងកាលពីចុងឆ្នាំ២០១៩។ ក្រុមអ្នកស្រាវជ្រាវ បានតាមដានអ្ន​កជំងឺដែលធ្លាប់ឆ្លងចំនួន១,២៧៦នាក់ក្រោយពីជាសះស្បើយនិងចេញពីមន្ទីរពេទ្យ​ Jinyingtan ក្នុងក្រុងវូហានចន្លោះខែមករា និងឧសភាកាលពីឆ្នាំ២០២០។​
 
អ្នកជំងឺមានអាយុជាមធ្យម៥៩ឆ្នាំ ដោយត្រូវឆ្លងកាត់ត្រួតពិនិត្យសុខភាព, ​​ធ្វើតេស្តក្នុងមន្ទីរពិសោធន៍ និងសាកល្បងដើររយៈពេល៦នាទី ដើម្បីវាយតម្លៃបញ្ហាសុខភាពនៅក្នុងរយៈពេល៦ខែ និង១២ខែបន្ទាប់ពីឆ្លងកូវីដ-១៩។
 
ក្នុងលទ្ធផលដែលចុះផ្សាយលើទស្សនាវដ្ដីសុខាភិបាល Lancet ១២ខែក្រោយសះស្បើយ អ្នកជំងឺប្រមាណ២០ភាគរយនៅតែជួបប្រទះរោគសញ្ញាទូទៅដូចជាហេវហត់អស់កម្លាំង ​ឬខ្សោយសាច់ដុំ ឯ​ចំនួន១៧ភាគរយផ្សេងទៀតពិបាកក្នុងការសម្រាន្ត ​និង១១ភាគរយទៀតតជ្រុះសក់។
 
«ទោះជាអ្នកជំងឺភាគច្រើនបានជាសះស្បើយពីជំងឺ​កូវីដ-១៩ មានសុខភាពល្អក្តី​ ប៉ុន្តែបញ្ហាសុខភាពនៅតែបន្តកើតមានលើអ្នកជំងឺមួយចំនួន​ ជាពិសេសអ្នកដែលមានអាការៈឈឺធ្ងន់ធ្ងរអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ។​» នេះជាការបញ្ជាក់របស់លោក​ Cao Bin សហនិពន្ធរបាយការណ៍ពីមជ្ឈមណ្ឌលជាតិសម្រាប់ឱសថផ្លូវដង្ហើមនៅមន្ទីរពេទ្យមិត្តភាពជប៉ុន-ចិននៅក្រុងប៉េកាំង។
 
​ក្រុមអ្នកស្រាវជ្រាវ រកឃើញទៀតថា អ្នកជំងឺដែលជាសះស្បើយ៣នាក់ក្នុងចំណោម១០នាក់ នៅតែជួបផលលំបាកក្នុងការដកដង្ហើមក្រោយពីរយៈពេល១ឆ្នាំ ខណៈពេលមានការកើនឡើងអាការផ្លូវចិត្តមួយចំនួនដូចជាថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត។ ៤ភាគរយនៃអ្នកជំងឺ មានបញ្ហាលែងដឹងក្លិន​​បើធៀបនឹងអត្រា១១ភាគរយលើក្រុមអ្នកជំងឺជាសះស្បើយរយៈពេលត្រឹម៦ខែ។ 
ទាក់ទងកើតមានបញ្ហាផ្លូវអារម្មណ៍ក្រោយពីការឆ្លងកូវីដ-១៩​ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យមានការសិក្សារកផលប៉ះពាល់រយៈពេលវែងនៃជំងឺនេះដែរ។ «យើងមិនទាន់យល់ច្បាស់ថាតើហេតុអ្វីបានជារោគសញ្ញាបញ្ហាផ្លូវចិត្តដូចជាថប់អាម្មរណ៍និងបាក់ទឹកចិត្តកើតមានកាន់តែច្រើនក្រោយជាសះស្បើយរយៈពេល១ឆ្នាំជាងរយៈពេល៦ខែ។» លោក Gu Xiaoying អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវេជ្ជសាស្រ្តនៃមន្ទីរពេទ្យប៉េកាំងបន្ថែមបែបនេះ។​
 
លោកបន្តថា​ រោគសញ្ញាផ្លូវចិត្តអាចបណ្តាលមកពីដំណើរការជីវសាស្រ្តដែលភ្ជាប់នឹងមេរោគចម្លងខ្លួនវាឬការឆ្លើយតបរបស់ប្រព័ន្ធសុំា។វា ក៏អាចមកពីការកាត់បន្ថយទំនាក់ទំនងសង្គម​ដែលបណ្តាលឱ្យមានអារម្មណ៍ឯកោ ឬមកពីជាសះស្បើយមិនពេញលេញផងដែរ៕
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com