ជាតិ
ជ្រុងនិរតីនៃខឿនរួតទី៣ប្រាសាទបាយ័ន ត្រូវបានជួសជុលរួចរាល់ដោយប្រើពេល៨ខែ
28, Aug 2021 , 7:59 am        
រូបភាព
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលជ្រុងនិរតីនៃខឿនរួតទី៣ប្រាសាទបាយ័នហើយ ក្រោយចំណាយពេលប្រមាណ៨ខែ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា ការជួសជុលនេះគឺដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងរចនាសម្ពន្ធប្រាសាទឡើងវិញ បន្ទាប់ពីមានការបាក់ស្រុត និងមានទឹកជ្រាបចូលជញ្ជាំងប្រាសាទ ដែលធ្វើឲ្យប្រាសាទប៉ោង។

 
អ្នកនាំពាក្យរូបនេះ បន្តថា ការជួសជុលនេះមានផលលំបាកខ្លះក្នុងការជួសជុល ដោយសារទីតាំងតូចចង្អៀត បង្ហាប់កន្លែងជ្រាប ហើយបង្វែរទឹក ឲ្យហូរចេញតាមចង្ហូរទឹកដែលមានស្រាប់។  លោក ឡុង កុសល បានបញ្ជាក់ដូច្ន៖៖«ក្នុងការជួសជុល យើងពិបាកដោយសារកន្លែងតូចចង្អៀត ដែលធ្វើឲ្យពិបាកប្រើប្រាស់ឧបករណ៍។ វាធម្មតាទេ យើងធ្វើការជាមួយថ្ម យើងត្រូវប្រើប្រាស់ឧបករណ៍ដើម្បីលើកដាក់ថ្ម។ ដូច្នេះកន្លែងតូចវាជាបញ្ហាពិបាកបន្តិច»។ 
 
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ក្នុងដំណើការជួសជុល ក្រុមការងារបានផ្តោតសំខាន់ទៅលើការពង្រឹងជញ្ជាំងខឿន និងរៀបចំផ្គុំកន្លែងថ្មបាយក្រៀម ដែលក្រៀកចេញពីគ្នាឡើងវិញតាមលក្ខណៈដើម រួមទាំងពង្រឹងលើគុណភាពដីរបស់គ្រឹះបុរាណ។ ក្នុងកិច្ចការនេះ ក្រុមការងារក៏បានប្រើប្រាស់ថ្មថ្មីខ្លះៗ ដើម្បីជំនួសថ្មចាស់ ដែលបានខូចខាតផងដែរ។ 
 
ប្រាសាទបាយ័ន គឺជាគោលដៅទេសចរដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បន្ទាប់ពីប្រាសាទអង្គរវត្ត។ ក្បូរក្បាច់រចនាដ៏ល្អឥតខ្ចោះ រូបចម្លាក់ដ៏រស់រវើក និងផ្ទាំងថ្មធំៗ ដែលតម្រៀបគ្នាសង់ឡើងជាតួប្រាសាទ បានរំលេចទិដ្ឋភាពយ៉ាងអស្ចារ្យ ដែលមនុស្សម្នានៅលើពិភពលោក នាំគ្នាសរសើរមិនដាច់ពីមាត់៕


ជ្រុងទី៣ នៃប្រាសាទបាយ័ន ក្រោយជួសជុល។ រូបភាពពី អាជ្ញាធរជាតិអប្សរា


សកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទបាយ័ន។ រូបភាពអាជ្ញាធរជាតិអប្សរា


សកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទបាយ័ន។ រូបភាពអាជ្ញាធរជាតិអប្សរា


Tag:
 ថ្មីៗ២៥
  អាជ្ញាធរជាតិអប្សរា
  ប្រាសាទបាយ័ន
© រក្សាសិទ្ធិដោយ thmeythmey.com