កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិក៖ អ្នករៀបចំសុំទោស ក្រោយចាក់ភ្លេងគោរពទង់ខុសសម្រាប់ម្ចាស់មេដាយមាសពីរុស្ស៊ី
28, Aug 2021 , 8:29 am        
រូបភាព
កំហុសបច្ចេកទេសមួយ បានកើតឡើងនាអំឡុងពិធីបំពាក់មេដាយមាសជូនកីឡាករ Mikhail Astashov  អត្តពលិកពីគណៈកម្មការប៉ារ៉ាឡាំពិក រុស្ស៊ី (RPC)។ អ្នករៀបព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកក្រុងតូក្យូ (Tokyo 2020 Paralympic Games) បែរជាច្រឡំចាក់ភ្លេងរបស់គណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ជំនួសឲ្យភ្លេងតំណាង RPC ទៅវិញ។

 
ពិធីបំពាក់មេដាយបានប្រព្រឹត្តទៅ កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែសីហា  ដោយកីឡាករ Mikhail Astashov ឈ្នះមេដាយមាសលើកីឡាជិះកង់ Track Cycling  វិញ្ញាសា C1 ចម្ងាយ៣០០០ម៉ែត្រ ខណៈកីឡាករកាណាដា Tristen Chernove បានមេដាយប្រាក់ និងកីឡាករចិន Li Zhangyu បានមេដាយសំរឹទ្ធ។
 
យោងតាមការផ្សាយរបស់សារព័ត៌មាន Inside the Games ក្រុមអ្នករៀបចំបានយកភ្លេងរបស់គណៈ កម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ទៅចាក់ជំនួសភ្លេង Piano Concerto របស់លោក Pyotr Tchaikovsky ទៅវិញ។
 
ភ្លេង Piano Concerto ត្រូវបានប្រើប្រាស់ជាតំណាងឲ្យគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី (RPC) នាពេលអត្តពលិកពីរុស្ស៊ី បានមេដាយមាស ដោយសារពួកគេមិនអាចប្រើប្រាស់ភ្លេងជាតិរុស្ស៊ី។ អត្តពលិករុស្ស៊ី មិនអាចប្រើឈ្មោះប្រទេស ទង់ និងភ្លេងជាតិរបស់ខ្លួនបានឡើយ ដោយសារជាប់បម្រាមពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុប៉ូវកម្លាំង។ ក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ ពួកគេប្រើឈ្មោះ ROC (គណៈកម្មការអូឡាំពិករុស្ស៊ី) និង RPC (គណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី)។
ក្រោយដឹងថា ចាក់ច្រឡំ ក្រុមអ្នករៀបចំបានប្រញាប់ប្រញាល់ប្តូរចេញ ហើយប្រកាសរៀបចំពិធីគោរពភ្លេងសារជាថ្មី។ លោក Masa Takaya អ្នកនាំពាក្យគណៈកម្មការរៀបចំ Tokyo 2020 បានសុំទោសភ្លាមៗ ចំពោះប្រតិបត្តិការខុសបច្ចេកទេស។
 
ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដែលប្រព្រឹត្តទៅតាំងពីថ្ងៃទី២៤ ខែសីហា ចិនបន្តនាំមុខមេដាយដាច់គេ ដោយគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មានសរុប៤៥មេដាយ (មាស២០ ប្រាក់១១ សំរឹទ្ធ១៤) នាំមុខចក្រភពអង់គ្លេស អត្តពលិកពីគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី អូស្ត្រាលី និងសហរដ្ឋអាម៉េរិក។ 
 
សម្រាប់តំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី បានមេដាយមាស១ ឥណ្ឌូណេស៊ី បានមេដាយប្រាក់១ សំរឹទ្ធ១ វៀតណាមបានមេដាយប្រាក់១ និងថៃ បានមេដាយសំរឹទ្ធ១៕
 

Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com