ជាតិ
លោក សាមាន ត្រូវដឹកត្រឡាចលក់តាមភូមិដោយខ្លួនឯង ដោយសារគ្មានឈ្មួញប្រមូលទិញ
29, Aug 2021 , 9:59 am        
រូបភាព
លោក មន សាមាន ជាកសិករដាំត្រឡាចម្នាក់ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំនេះទិន្នផលត្រឡាចរបស់លោក សាមាន អាចប្រមូលផលបានពី១៥០គីឡូក្រាម ទៅ២០០គីឡូក្រាមក្នុងមួយថ្ងៃ។ ទទួលបានទិន្នផលច្រើន ប៉ុន្តែកសិកររូបនេះកំពុងជួបបញ្ហាខ្វះខាតឈ្មួញទទួលទៅលក់បន្ត។ សព្វថ្ងៃក្រៅពីដាំដុះ និងប្រមូលផល លោកសាមាន ត្រូវដើរលក់ត្រឡាចតាមភូមិស្រុកដោយខ្លួនឯងដែលជាការលំបាកមួយបន្ថែមសម្រាប់លោក។



ដំណាំត្រឡាចរបស់លោក មន សាមានចាប់ផ្តើមប្រមូលផលហើយ បន្ទាប់ពីចំណាយពេលដាំដុះ និងមើលថែអស់រយៈពេល៣ខែ។ លោក សាមានចាប់ផ្តើមដាំ ត្រឡាច កាលពីមិថុនា រហូតដល់សីហានេះ ក្នុងទំហំដី ១ហិកតាកន្លះ ។
 
ការដាំដុះដំណាំត្រឡាចនេះ មិនមានការលំបាកសម្រាប់កសិកររូបនេះឡើយព្រោះត្រឡាចអំណោយផលជាមួយអាកាសធាតុក្នុងទឹកដីខេត្តមណ្ឌលគិរី។ប៉ុន្តែអ្វីជាការលំបាកសម្រាប់លោក សាមាន គឺកង្វះខាតឈ្មួញយកលក់បន្តដែលបញ្ហានេះមានរយៈ៤ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ 
  

ផ្លែត្រឡាចរបស់លោក មន សាមាន បន្ទាប់ពីប្រមូលផលរួច។ រូបភាពពី លោក មន សាមាន

កសិករវ័យ៣២ឆ្នាំរូបនេះត្រូវចំណាយកម្លាំង និងដើមទុនបន្ថែម លើការយកត្រឡាចដើរលក់តាមផ្សារ និងភូមិស្រុកនានាឆ្ងាយពីផ្ទះរបស់លោក។ លោក មន សាមាន បានរៀបរាប់ប្រាប់សាព៍ត៌មានThmeythmey25 ទាំងក្រៀមក្រំថា៖«ខ្ញុំដើរលក់តាមភូមិខ្លះ តាមកោះញែកខ្លះព្រោះមិនទាន់មានឈ្មួញមកទិញច្បាស់លាស់ឡើយ។ ពេលខ្លះលក់ដាច់ក៏ដាច់ទៅហើយថ្ងៃខ្លះសល់ក៏សល់ទៅ តាមទីផ្សារជាក់ស្ដែង»។ 
 
កសិកររូបនេះចង់មានឈ្មួញមកទិញច្បាស់លាស់ ដែលមិនពិបាកដឹកលក់តាមភូមិស្រុកដែលឆ្ងាយពីផ្ទះរាប់គីឡូម៉ែត្រ។ ក្រៅពីមានផលលំបាកលើបញ្ហាទីផ្សារ កសិកររូបនេះក៏ជួបបញ្ហាតម្លៃធ្លាក់ចុះក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។
 
ក្នុងឆ្នាំ២០២១នេះ ត្រឡាចរបស់លោកសាមាន អាចលក់បានក្នុង១គីឡូក្រាម ១៥០០រៀល ទៅ ២ពាន់រៀល។ តម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដោយឆ្នាំ២០២០ ត្រឡាចរបស់លោក សាមាន អាចលក់បានពី ២ពាន់រៀល ទៅ២៥០០រៀល ក្នុង ១គីឡូក្រាម។ ដ្បិតតម្លៃមានការធ្លាក់ចុះ តែលោក សាមាន អះអាងដូច្នេះ៖« វាមិនខាតទេតែបានរួចខ្លួន ព្រោះយើងលក់បានខ្លះចឹង វាបានមាទប់ទល់ តែអត់ចំណេញ»។ 
  

លោក មន សាមាន មានវ័យ៣២ឆ្នាំ ជាកសិករដាំត្រឡាចក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រូបភាពីលោក មន សាមាន 

បញ្ហាទាំងនេះ បានធ្វើឲ្យត្រឡាចរបស់លោកសាមាន ពេលខ្លះលក់មិនដាច់ នៅសល់ជាច្រើនគីឡូក៏មាន។ នៅពេលលក់មិនអស់ត្រឡាចទាំងនោះត្រូវដាក់ឲ្យគោស៊ីហើយពេលខ្លះលោកបានយកវាទៅចែកឲ្យគេខាងមណ្ឌលចត្តាឡីស័ក្តផងដែរ។ 
 
លោក សាមាន សង្ឃឹមថាថ្ងៃមុខនឹងមានឈ្មួញទៅទិញដល់កន្លែង ដោយអំពាវនាវដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយរកទីផ្សារ។ កសិកររូបនេះ អះអាងថា ដំណាំរបស់លោក ដាំដុះស្របទៅតាមការណែនាំរបស់ក្រសួង៕
 
 
 
 

Tag:
 ថ្មីៗ២៥
  កសិកម្ម
  ដំណាំត្រឡាច
  ខេត្តមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com