ជាតិ
ក្រសួងទេសចរណ៍កំពុងជំរុញវិស័យឯកជន ឱ្យត្រៀមខ្លួនទទួលទេសចរណ៍មូស្លីម
29, Aug 2021 , 7:59 am        
រូបភាព
ទេសចរណ៍មូស្លីម ចូលមកកម្សាន្តកម្ពុជានៅមុនជំងឺកូវីដ១៩។ រូបភាព៖ One Cambodia Tour _ Travel
ទេសចរណ៍មូស្លីម ចូលមកកម្សាន្តកម្ពុជានៅមុនជំងឺកូវីដ១៩។ រូបភាព៖ One Cambodia Tour _ Travel
សៀមរាប៖ ក្រសួងទេសចរណ៍ បានបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំង លើការជំរុញចលនាទេសចរណ៍មូស្លីម។ អ្នកនាំពាក្យបញ្ជាក់ថា ក្រសួងកំពុងជំរុញដល់វិស័យឯកជន ពិចារណាដើម្បីត្រៀមខ្លួនក្នុងការទទួលទេសចរណ៍មូស្លីម ដែលវានឹងងអាចរួមចំណែកសំខាន់ក្នុងឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានជាមួយលោក តុប សុភ័ក្រ្ដ អ្នកនាំពាក្យក្រសួងទេសចរណ៍ ដូចតទៅនេះ៖ 







 
ទេសចរណ៍មូស្លីម ជាការជំរុញចលនាទេសចរណ៍ថ្មី ដែលក្រសួងទេសចរណ៍កំពុងរៀបចំ ហើយសម្លឹងឃើញថា អនាគតអាចនឹងល្អប្រសើរសម្រាប់ទីផ្សារកម្ពុជា។  អ្នកនាំពាក្យ លោក តុប សុភ័ក្រ្ដ មានប្រសាសន៍ថា ដ្បិតថានៅកម្ពុជាទីផ្សារទេសចរណ៍មូស្លីមមានតិចតួចនៅឡើយ តែលោកថា ក្រោយជំរុញ និងរៀបចំរួច ទេសចរណ៍មូស្លីម នឹងរួមចំណែកកាន់តែសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា។
 
តាមអ្នកនាំពាក្យ មុនមានកូវីដ-១៩ កម្ពុជាទទួលបានទេសចរមូស្លីមក្នុងមួយឆ្នាំ ត្រឹមជាង ១៧ ទៅ១៨ម៉ឺននាក់ប៉ុណ្ណោះ។ លោកបន្ថែមថា នៅទូទាំងសាកលលោក មានប្រជាជនកាន់សាសនាឥស្លាមជិត២ពាន់លាននាក់ ក្នុងនោះកម្ពុជាមានត្រឹម៤ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបជាង ១៦លាននាក់។ 
 
ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយពីការជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈទេសចរណ៍មូស្លីមនេះ។ ក្នុងខិតបណ្ណដែលបានផ្សព្វផ្សាយ ក្រសួងបានណែនាំឱ្យម្ចាស់អាជីវកម្មទាំងអស់ គួរត្រៀមខ្លួននូវចំណុចសំខាន់ៗមួយចំនួន ដូចជាអាហារដ្ឋាន ត្រូវមានស្ដង់ដារហាឡាល់ ស្របតាមគោលការណ៍សាសនាឥស្លាម។ កន្លែងថ្វាយបង្គំ ដែលសាសនិកឥស្លាមប្រតិបត្តិមួយថ្ងៃ៥ដង តម្រូវការនៅដោយឡែករវាងបុរស និងស្រ្ដី (ស្ប៉ា ម៉ាស្សា អាងហែលទឹក កន្លែងហាត់ប្រាណជាដើម) សេវាកម្មដែលហាមឃាត់ សម្រាប់ទេសចរណ៍មូស្លីម (គ្រឿងស្រវឹង ល្បែងស៊ីសង និងឌីស្គូជាដើម) រួមនឹងបន្ទប់ទឹកស្អាត សម្រាប់ការលាងសម្អាត។ល៕
 
 

Tag:
 ទេសចរណ៍មូស្លីម
 តុប សុភ័ក្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com