អន្តរជាតិ
ចិន ច្រានចោលរបាយការណ៍ប្រភពជំងឺកូវីដ-១៩ របស់ចារកិច្ចអាម៉េរិក
29, Aug 2021 , 1:59 pm        
រូបភាព
អនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu ។ រូបថតពីក្រសួងការបរទេសចិន
អនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu ។ រូបថតពីក្រសួងការបរទេសចិន
ភ្លាមៗក្រោយការចេញផ្សាយរបាយការណ៍ស្ដីពីប្រភពជំងឺកូវីដ-១៩ របស់សហគមន៍ចារកិច្ចអាម៉េរិក ចិនក៏ចេញមុខច្រានចោលភ្លាមដែរ។ ទាំងស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីតោន និងក្រសួងការបរទេសចិននៅរដ្ឋធានីប៉េកាំង នៅថ្ងៃទី២៨ ខែសីហា បានបដិសេធរបាយការណ៍នេះ ដោយចាត់ទុកជាការបំភ្លៃផ្នែកនយោបាយ និងការទាត់ចោលការវិភាគបែបវិទ្យាសាស្រ្ត។

 
ចិន មិនពេញចិត្តឡើយរបាយការណ៍ដែលចេញការិយាល័យនាយកចារកិច្ចជាតិរបស់អាម៉េរិកទាក់ទងប្រភពជំងឺកូវីដ-១៩ ។ ក្នុងការសង្ខេបរបាយការណ៍ ចារកិច្ចអាម៉េរិកអះអាងថា ខ្លួនមិនអាចកំណត់ប្រភពជាក់លាក់របស់ជំងឺនេះឡើយ ព្រោះមិនមានព័ត៌មានគ្រប់គ្រាន់ ហើយថា កិច្ចសហប្រតិបត្តិការរបស់ចិនពិតជាសំខាន់ដើម្បីឈានដល់ការសន្និដ្ឋានច្បាស់លាស់។
 
 
ប្រធានាធិបតី ចូ បៃឌិន ក៏ដាក់សម្ពាធលើចិនមួយជាន់ទៀត ដោយអះអាងថា ចិនផ្អឹបព័ត៌មានសំខាន់មិនបញ្ចេញឱ្យគេឯង។ លោក បៃឌិន ក៏ប្រកាសធ្វើការជាមួយប្រទេសផ្សេងដើម្បីរកប្រភពជំងឺដែលសម្លាប់មនុស្សជាង៤លាននាក់នេះឱ្យឃើញ។
 
ក្រោយការចេញផ្សាយរបាយការណ៍សង្ខេប ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៨ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍មួយដែលបដិសេធការចោទប្រកាន់របស់អាមេរិក និងចោទសហគមន៍ចារកិច្ចអាម៉េរិកថា បំភ្លៃនយោបាយ។ ស្ថានទូតចិន អះអាងថា របាយការណ៍អាម៉េរិក បានសន្និដ្ឋានជាស្រេចកំហុសរបស់ចិន ហើយវាគ្រាន់តែជាការលាបពណ៌ចិនប៉ុណ្ណោះ។
 
នៅថ្ងៃដដែល អនុរដ្ឋមន្រ្តីការបរទេសចិន Ma Zhaoxu បញ្ជាក់ថា ភាគីចិនបានពាក្យតវ៉ាទៅកាន់អាម៉េរិកចំពោះការចេញរបាយការណ៍ស្ដីពីប្រភពជំងឺកូវីដ-១៩ នេះ។
 
តាមពិតទៅ ចិន បានប្រឆាំងរបាយការណ៍អាម៉េរិកតាំងពីមុនការចេញរបាយការណ៍ទៅទៀត ព្រោះចិនដឹងថា ខ្លួននឹងក្លាយជាមុខសញ្ញានៃការរិះគន់ផ្សេងរបស់របាយការណ៍នេះ។ ចិនក៏ប្រកាសជំហររបស់ខ្លួនដែរថា ការងាររកប្រភពជំងឺកូវីដ-១៩ ជារឿងវិទ្យាសាស្រ្តសុទ្ធសាធ តែអាម៉េរិកយកទៅឡូកឡំក្នុងរឿងនយោបាយ៕ 
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com