ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈឺក្បាលប្រកាំង? បាត់ភ្លាមមួយរំពេច ដោយគ្រាន់តែធ្វើបែបនេះ
29, Aug 2021 , 11:29 pm        
រូបភាព
 ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើមានវិធីបែបធម្មជាតិទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែមួយចំនួនដែលមានប្រសិទ្ធភាពបំបាត់អាការៈឈឺក្បាលប្រកាំង ៖


 
 ១. តែខ្ញី
 
ខ្ញីមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងសសៃឈាមនៃក្បាលដែលអាចជួយបំបាត់ការឈឺក្បាលគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត ខ្ញីក៏ជួយសម្រួលការរំលាយអាហារបំបាត់អាការៈចង់ក្អួតដែលច្រើនកើតឡើងអមមកជាមួយបញ្ហាឈឺក្បាលប្រកាំងផងដែរ។
 
 
២. តែជីអង្កាម
 
ប្រសិនបើអ្នកមិនចេះ ឬចូលចិត្តទទួលទានតែខ្ញីទេនោះ ចូរជ្រើសតែជីអង្កាមជំនួសក៏បានដោយវាមានប្រសិទ្ធភាពដូចគ្នា។
 
៣. តែផ្កា Chamomile
 
ត្រឹម ១ ពែងនៃតែផ្កា Chamomile អាចជួយបំបាត់អាការៈឈឺក្បាលប្រកាំងបានយ៉ាងឆាប់រហ័ស។ តែផ្កា Chamomile ជាជម្រើសនៃប្រសើរពិសេសបើអាការៈឈឺក្បាលរបស់អ្នកបណ្ដាលមកពីស្ត្រេសពេក គេងមិនគ្រប់ ឬបញ្ហាថប់បារម្ភ។
 
៤. តែរមៀត
 
តែរមៀតជួយបំបាត់ការឈឺចាប់ដោយសារការរលាក រួមបញ្ចូលទាំងជំងឺឈឺក្បាលប្រកាំងបានយ៉ាងប្រសើរ។ ក្រៅពីបន្ថែមរមៀតមួយចំនួនក្នុងអាហារ អ្នកក៏អាចទទួលទានតែរមៀតបានផងដែរ។ នោះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរឱ្យកត់សម្គាល់។
 

៥. តែបៃតង
 
ពិបាកនឹងរកតែមួយចំនួនខាងលើមែនទេ? កុំបារម្ភ! ត្រឹមតែបៃតងក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈឈឺក្បាលប្រកាំងផងដែរ។
 
អ្នកក៏ចាំបាច់គួររក្សាឱ្យបាននូវទម្លាប់មួយចំនួនទាំងនេះផងដែរ ៖
 

១. គ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស
 
អាការៈឈឺក្បាលប្រកាំងអាចកើតឡើងនៅពេលអ្នកមានអារម្មណ៍តានតឹងខ្លាំង។ ដូច្នេះដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហានេះ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នកតាមរយៈវិធីងាយៗមួយចំនួនរួមមាន ការធ្វើលំហាត់ប្រាណ ឬស្ដាប់ចម្រៀង ជាដើម។
 
២. ផ្លាស់ប្ដូររបបអាហារ
 
អាការៈឈឺក្បាលប្រកាំងក៏អាចបណ្ដាលមកពីអ្វីដែលអ្នកទទួលទានផងដែរ។ អាហារនិងភេសជ្ជៈដែលអាចបង្កបញ្ហាឈឺក្បាលប្រកាំង រួមបញ្ចូលទាំងគ្រឿងស្រវឹង សូកូឡា ស្រាក្រហម និងជាពិសេសអាហារកែច្នៃ។ ដូច្នេះចូរចំណាំទុកនូវរាល់ប្រភេទអាហារណាដែលអាចធ្វើអោយអាការៈឈឺក្បាលប្រកាំងរបស់អ្នកកើតមានឡើង ហើយក៏កុំភ្លេចកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារទាំងនោះ។
 
៣. ចៀសវាងទទួលទានអាហារដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង
 
ប៊ីចេង គឺជាសារធាតុបន្ថែមដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ។ ទោះបីជាគ្រឿងផ្សំនេះមានលក្ខណៈសមស្របសម្រាប់ការទទួលទានក៏ដោយ ក៏វានៅតែជាអ្វីដែលផ្សារភ្ជាប់ទៅនឹងអាការៈឈឺក្បាលប្រកាំងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានអោយដឹងថា 
ប្រហែលពី ១០ ទៅ ១៥ ភាគរយនៃអ្នកដែលឈឺក្បាលប្រកាំងនឹងមានស្ថានភាព ឬអាការៈកាន់តែធ្ងន់ធ្ងរក្រោយពីទទួលទានអ្វីដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង។ នោះក៏ព្រោះតែសារធាតុនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាលនិងសសៃប្រសាទ។  
 
៤. រួមបញ្ចូលបន្លែផ្លែឈើសម្បូរជាតិទឹកក្នុងរបបអាហារប្រចាំថ្ងៃ
 
កង្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងនៃអាការៈឈឺក្បាលប្រកាំង ដូច្នេះការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយជាកត្តាចាំបាច់ដើម្បីទប់ស្កាត់បញ្ហា។ អាហារដូចជាការ៉ុត ត្រសក់ និងឪឡឹកជាជម្រើសដ៏ប្រសើរបំផុតដោយវាមានផ្ទុកជាតិទឹកខ្ពស់។
 
៥. គេងឱ្យបានគ្រប់គ្រាន់
 
ប្រសិនបើអ្នកឧស្សាហ៍គេងមិនគ្រប់នោះហានិភ័យនៃបញ្ហាឈឺក្បាលប្រកាំងមិនយូរមិនឆាប់នឹងកើតឡើង។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com