អន្តរជាតិ
លោក Jacques Rogge អតីតប្រធាន IOC ស្លាប់ នៅអាយុ៧៩ឆ្នាំ
30, Aug 2021 , 10:31 am        
រូបភាព
អតីតប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) លោក Jacques Rogge បានទទួលមរណភាព នៅអាយុ៧៩ឆ្នាំ ។ (រូបពីវេបសាយIOC)
អតីតប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) លោក Jacques Rogge បានទទួលមរណភាព នៅអាយុ៧៩ឆ្នាំ ។ (រូបពីវេបសាយIOC)
អតីតប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Jacques Rogge បានទទួលមរណភាព នៅអាយុ៧៩ឆ្នាំ ។ Rogge ជាអតីតប្រធានទី៨ របស់ IOC ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៣ ហើយបានក្លាយជាប្រធានកិត្តិយសនៃអង្គភាពនេះ រហូតមក។

 
គណៈកម្មាធិការអូឡាពិកអន្តរជាតិ (IOC) បានសម្រេចបង្ហូតទង់ជាតិអូឡាំពិក ពាក់កណ្ដាលដងទង់ជាតិ នៅការិយាល័យ និងសារមន្ទីរអូឡាំពិក រួមទាំងទីតាំងកីឡាផ្សេងទៀត រយៈពេល៥ថ្ងៃ ដើម្បីបង្ហាញពីការគោរពចំពោះ លោក Jacques Rogge។ មិនតែប៉ុណ្ណោះ IOC នឹងរៀបចំពិធីរំឭកគុណជាលក្ខណៈទ្រង់ទ្រាយធំមួយ ដល់អតីតប្រធានអូឡាំពិក នៅចុងឆ្នាំនេះផងដែរ។
 
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបច្ចុប្បន្ន បាននិយាយដូច្នេះថា៖« គាត់(Jacques Rogge ) គឺជាប្រធានមួយរូប ដែលទទួលបានជោគជ័យក្នុងការជួយធ្វើទំនើបកម្មនិងផ្លាស់ប្តូរ IOC ។ គាត់នឹងត្រូវបានគេចងចាំជាពិសេសចំពោះការប្រកួតកីឡាយុវជននិងសម្រាប់ការបើកការប្រកួតកីឡាអូឡាំពិកយុវជន»។
 
លោក Jacques Rogge ក៏ជាអ្នកដែលប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការប្រើប្រាស់សារធាតុជំនួយកម្លាំង Doping នៅក្នុងសកម្មភាពកីឡាអូឡាំពិកផងដែរ។ នេះបើតាមលោក Thomas Bach ដែលបានរំឭកពីការខំប្រឹងប្រែងរបស់អតីតប្រធានអូឡាំពិក។
 
«គាត់(Jacques Rogge ) ក៏ជាអ្នកគាំទ្រកីឡាដ៏ស្អាតស្អំនិងតស៊ូដោយមិនខ្លាចនឿយហត់ ប្រឆាំងអំពើអាក្រក់នៃសារធាតុហាមឃាត់។ ចលនាអូឡាំពិកទាំងមូលនឹងកាន់ទុក្ខយ៉ាងខ្លាំងចំពោះការបាត់បង់មិត្តភក្តិដ៏អស្ចារ្យម្នាក់ និងអ្នកគាំទ្រកីឡាដ៏ងប់ងល់ម្នាក់នេះ» ។ ប្រធាន IOC បានថ្លែងបែបនេះ។
 
មុនចូលរួមសកម្មភាពកីឡា លោក Jacques Rogge គឺជាអតីតគ្រូពេទ្យវះកាត់ឆ្អឹងម្នាក់ ដែលបានតំណាងឱ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងការប្រកួតកីឡាបាល់ឱប និងជាជើងឯកថ្នាក់ជាតិ ១៦ដង ហើយក៏ជាជើងឯកពិភពលោកក្នុងការជិះទូកផងដែរ។ លោក Jacques Rogge បានប្រកួតប្រជែងក្នុងការជិះទូកនៃព្រឹត្តិការណ៍អូឡាំពិកចំនួនបីលើ គឺនៅឆ្នាំ ១៩៦៨ ១៩៧២ និង ១៩៧៦ នៅក្នុងកម្រិត Finn។
 
លោក Jacques Rogge ក៏ធ្លាប់ជាអតីតប្រធានគណៈកម្មាធិការអូឡាំពិកប៊ែលហ្ស៊ិក និងអឺរ៉ុប មុននឹងត្រូវជ្រើសរើសជាប្រធាន IOC នៅឆ្នាំ២០០១។ Jacques Rogge ក៏ធ្លាប់ជាបេសកជនពិសេសសម្រាប់យុវជន ជនភៀសខ្លួន និងកីឡា នៃអង្គការសហប្រជាជាតិទៀតផង៕

Tag:
 IOC
  Jacques Rogge
© រក្សាសិទ្ធិដោយ thmeythmey.com