អន្តរជាតិ
សមាជិក​សភា​អាមេរិក​ជំរុញ​ឱ្យ​លោក Biden ជម្លៀស​អ្នក​កាសែត​របស់​ USAGM និង​ក្រុមគ្រួសារ
30, Aug 2021 , 11:58 pm        
រូបភាព
មនុស្ស​រាប់​រយ​នាក់​នៅ​ជិត​​ច្រក​ចូល​សម្រាប់​អ្នក​ត្រូវ​ជម្លៀស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៅ​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១។
មនុស្ស​រាប់​រយ​នាក់​នៅ​ជិត​​ច្រក​ចូល​សម្រាប់​អ្នក​ត្រូវ​ជម្លៀស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៅ​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១។
ដោយ: VOA
សមាជិក​សភា​អាមេរិក​នៅ​ថ្ងៃពុធបាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី​ Joe Biden​ ជម្លៀស​មនុស្ស​រាប់រយ​នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​(USAGM)​ ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រញាប់​ប្រញាល់​ធ្វើ​តាម​កាល​កំណត់​នៃ​ការ​ដក​កងទ័ព​នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា។​

 
នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​លោក ​Biden ​កាល​ពី​ថ្ងៃ​អង្គារ​សមាជិក​ព្រឹទ្ធសភា​លោក​ Ben Cardin ​និង​សមាជិក​រដ្ឋ​សភា​លោក ​William Keating​ បាន​និយាយ​ថា​មនុស្ស​ប្រហែល​៥៥០​នាក់​ដែល​ជា​បុគ្គលិក​របស់ USAGM ​និង​គ្រួសារ​របស់​ពួកគេ​នៅ​តែ​ព្យាយាម​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន។​USAGM គឺ​ជា​ទីភ្នាក់ងារ​សហព័ន្ធ​ឯករាជ្យ​មួយ​ដែល​មាន​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​រួមមាន​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ)​ និង​វិទ្យុ​ Azadi។​
 
លិខិត​នោះ​បាន​សរសេរ​ថា៖​ «យើង​បញ្ជាក់​ប្រាប់​លោក​ថា​បុគ្គលិក​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​ចំនួន​៥៥០​នាក់​និង​គ្រួសារ​របស់​ពួកគេ​មិនខុស​ពី​អ្នក​សារ​ព័ត៌មាន​ដែល​លោក​បាន​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ជម្លៀស​ចេញ​នោះ​ទេ»។​ លិខិត​នោះ​បាន​បញ្ជាក់​ថា​«ពួក​គេ​កំពុង​បន្ត​ក្លាយជា​គោល​ដៅ​វាយប្រហារ​របស់​ពួក​តាលីបង់​ដោយ​សារ​តែពួកគេ​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក»។​
 
USAGM​ មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ។​ កិច្ច​ប្រឹងប្រែង​ជម្លៀស​អ្នក​កាសែត​អាហ្វហ្គានីស្ថាន​បាន​កើន​ឡើង​នៅ​សប្តាហ៍​នេះ​ចំ​ពេល​មាន​របាយការណ៍​ថាយុទ្ធជន​តាលីបង់​កំពុង​ស្វែងរក​ផ្ទះ​របស់​បុគ្គលិក​សារ​ព័ត៌មាន​មួយ​ចំនួន។​អង្គការ​ការពារ​សិទ្ធិ​សារព័ត៌មាន​និយាយ​ថា​កាល​ពី​សប្តាហ៍​មុន​ក្រុម​តាលីបង់​បាន​ឆែក​ផ្ទះ​របស់​អ្នក​សារ​ព័ត៌មាន​យ៉ាង​តិច​៥​នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com