អន្តរជាតិ
ចិន កាត់បន្ថយម៉ោងលេងហ្គេមអនឡាញសម្រាប់អនីតិជន
30, Aug 2021 , 8:20 pm        
រូបភាព
និយ័តករចិន នៅថ្ងៃទី៣០ ខែសីហា បានកាត់បន្ថយម៉ោងលេងហ្គេម (Game) សម្រាប់អនីតិជន ឬមនុស្សអាយុក្រោម ១៨ឆ្នាំ មកត្រឹមតែរយៈពេល ១ម៉ោងប៉ុណ្ណោះ នៅថ្ងៃសុក្រ ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ ចំណាត់ការនេះ ធ្វើឡើងដោយសារបារម្ភពីការកើនឡើងនៃក្មេងៗញៀនលេងហ្គេមអនឡាញ។

 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua រដ្ឋបាលបោះពុម្ភផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយជាតិ បានកំណត់ថា អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដែលមានអាយុក្រោម ១៨ឆ្នាំ អាចលេងហ្គេមបានពីម៉ោង ៨ ទៅម៉ោង ៩យប់ប៉ុណ្ណោះ នៅក្នុងថ្ងៃសុក្រ, ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ 
 
ក្រុមហ៊ុនគ្រប់គ្រងហ្គេមអនឡាញ មិនត្រូវអនុញ្ញាតឱ្យមនុស្សវ័យក្រោម ១៨ឆ្នាំ អាចលេងហ្គេមអនឡាញ ក្រៅម៉ោងខាងលើឡើយ។ គណនីហ្គេមអនឡាញ ត្រូវតែប្រើឈ្មោះពិត ដោយមានប្រព័ន្ធបញ្ជាក់ពីទីកន្លែង។ និយ័តករចិនមួយនេះ នឹងពិនិត្យឱ្យបានម៉ត់ចត់ លើក្រុមហ៊ុនគ្រប់គ្រងហ្គេមអនឡាញទាំងនោះ។ 
 
ក្រុមហ៊ុនធំៗ ដែលគ្រប់គ្រងហ្គេមនៅចិន មានដូចជា Tencent, Alibaba, NetEase Games និងFunPlus។ 
 
កន្លងមក ចិន បានកំណត់ពេលលេងហ្គេមតាមប្រព័ន្ធអនឡាញសម្រាប់មនុស្សអាយុក្រោម ១៨ឆ្នាំ មានរយៈពេល ៣ម៉ោង នៅថ្ងៃឈប់សម្រាក និង១,៥ ម៉ោង នៅថ្ងៃផ្សេងទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com