អន្តរជាតិ
សិង្ហបុរី និងអូស្ត្រាលីដោះដូរវ៉ាក់សាំងកូវីដ-១៩ ទៅវិញទៅមក៥០ម៉ឺនដូស
31, Aug 2021 , 9:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន និងសមភាគីសិង្ហបុរី លី សៀនឡុង ។ រូបថតពីហ្វេសប៊ុកលោក លី សៀនឡុង
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន និងសមភាគីសិង្ហបុរី លី សៀនឡុង ។ រូបថតពីហ្វេសប៊ុកលោក លី សៀនឡុង
សិង្ហបុរី នឹងបញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៥០ម៉ឺនដូសទៅអូស្ត្រាលីក្រោមកិច្ចព្រមព្រៀងទ្វេភាគីក្នុងការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ អូស្ត្រាលី នឹងត្រូវសងវ៉ាក់សាំងសិង្ហបុរីនៅខែធ្នូ។ 


ដ្បិតមានតម្រូវគ្រប់គ្រាន់ សិង្ហបុរី នឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៥០ម៉ឺនដូសទៅឱ្យអូស្ត្រាលី ដែលកំពុងត្រូវការវ៉ាក់សាំង។ ក្រោមកិច្ចព្រមព្រៀងចែករំលែកវ៉ាក់សាំង អូស្ត្រាលី នឹងសងត្រឡប់វ៉ាក់សាំងរបស់ក្រុមហ៊ុនដដែលនេះក្នុងចំនួនដូចគ្នានៅខែធ្នូ។
 
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បានសាទរការចែករំលែកវ៉ាក់សាំងនេះ។ ក្នុងសារដែលបានបង្ហោះលើ Facebook នៅថ្ងៃទី៣១ ខែសីហានេះ លោក លី ចាត់ទុក ការចែករំលែកនេះ ជាឧទាហរណ៍ថ្មីមួយទៀតដែលបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
 
តាមការបញ្ជាក់ពីក្រសួងការបរទេសសិង្ហបុរី វ៉ាក់សាំងចំនួនកន្លះលានដូសដែលសិង្ហបុរីបញ្ជូនទៅអូស្រ្តាលី គឺជាវ៉ាក់សាំងដែលមានក្នុងស្តុកស្រាប់ ខណៈសិង្ហបុរីមានវ៉ាក់សាំងគ្រប់គ្រាន់ហើយ។ ក្រសួងដដែល បានបន្ថែមថា វ៉ាក់សាំងដែលនឹងទទួលត្រលប់មកវិញនៅចុងឆ្នាំនេះ អាចត្រូវបានប្រើជាវ៉ាក់សាំងដូសជំរុញសម្រាប់ចាក់ជូនប្រជាជនសិង្ហបុរី។ 
 
ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ថា ការរៀបចំនេះនឹងជួយឱ្យប្រទេសទាំងពីរអាចគាំទ្រគ្នាទៅវិញទៅមកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៃប្រទេសទាំងពីរប្រឆាំងនឹងជំងឺកូវីដ-១៩ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ លើសពីនោះ កិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំងនេះ នឹងជួយអូស្ត្រាលីពន្លឿនផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈអូស្ត្រាលីកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីដែលតា។
 
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC News បានស្រង់សម្ដីនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន បាននិយាយថា វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកទៅដល់នៅសប្តាហ៍នេះ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសចាប់ពីសប្តាហ៍ក្រោយដោយចែកទៅតាមរដ្ឋនីមួយៗតាមចំនួនប្រជាជន។ វ៉ាក់សាំងទាំងនេះ នឹងជួយពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់អូស្ត្រាលី ដល់ក្រុមមនុស្ស អាយុ ១៦ ដល់ ២៩ និងអ្នកដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។
 
គួរបញ្ជាក់ថា សិង្ហបុរីមានអត្រានៃប្រជាជនចាក់វ៉ាក់សាំងហើយពេញលេញច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រជាជនលើសពី៨០ភាគរយនៃប្រជាជនសរុបទទួលបានវ៉ាក់សាំងរួចរាល់។ នៅអូស្ត្រាលីវិញ ប្រជាជនប្រមាណ ២៧ ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង២ដូសហើយ៕ 
 

Tag:
 សិង្ហបុរី
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com