ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសាធារណការ៖«សង់ផ្លូវម្តង ឱ្យមានគុណភាពតែម្តង កុំសង់ហើយ មកកែឡើងវិញ»
31, Aug 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំមន្រ្តីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ខ្ពស់លើការងារ។ លោក ប្រកាន់គោលការណ៍ថា កិច្ចការអ្វីក៏ដោយ គឺត្រូវធ្វើតែម្តងបានហើយ ហើយឲ្យរួចរាល់ និងល្អយកជាការបាន ដោយមិនត្រូវត្រឡប់ទៅធ្វើការងារដដែលនោះឡើងវិញឡើយ ព្រោះនាំឲ្យខាតពេលវេលា។ ចំពោះការងារសាងសង់ស្ពាន ផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូច្នេះដែរ គឺត្រូវធ្វើម្តងឲ្យបានត្រូវបច្ចេកទេសតែម្តង។


ក្នុងពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ និងនិស្សិតជំនាន់ទី១នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១  លោក ស៊ុន ចាន់ថុល លើកឡើងថា បើសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ដូចជា ស្ពាន និង ផ្លូវ ជាអាទិ៍ គឺត្រូវសាងសង់ឱ្យមានគុណភាព ដោយមិនត្រូវសាងសង់ហើយ ត្រឡប់ទៅកែឬជួសជុលឡើងវិញម្តងហើយម្តងទៀតនោះទេ។ លោក យល់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាមួយ ហើយងាកទៅកែកុនចុះឡើងៗ គឺធ្វើឱ្យខាតពេលវេលា និងខាតទាំងថវិកាជាតិ។
 
រដ្ឋមន្រ្តីសាធារណការរូបនេះ ប្រសាសន៍ដូច្នេះថា៖«យើង ត្រូវធ្វើការងារឲ្យមានគុណភាព ហើយធ្វើម្តង ឲ្យត្រូវតែម្តង កុំធ្វើពីរដង ឲ្យតែយើង ធ្វើពីរដងហើយ វា ខាតពេលវេលា ខាតថវិកា។ បើសាងសង់ផ្លូវ គឺធ្វើផ្លូវឱ្យមានគុណភាព កុំឱ្យសាងសង់ហើយ មកកែសាងសង់ឡើងវិញម្តងហើយម្តងទៀត ដែលធ្វើឱ្យខាតពេលវេលាទាំងយើង ខាតពេលវេលារបស់ពលរដ្ឋ និងខាតទាំងថវិកាជាតិ»៕ 
 



Tag:
 ផ្លូវ
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com