អន្តរជាតិ
ឆា្មព្រៃ Cougar មួយក្បាល ត្រូវបានយកទៅចិញ្ចឹមនៅផ្ទះដោយខុសច្បាប់ អាជ្ញាធរញូវយ៉ករំដោះយកចេញវិញ
02, Sep 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ឆ្មាព្រៃ Cougar ញី អាយុ១១ខែមួយក្បាលដែលមានទម្ងន់ជាង៣២គីឡូក្រាម ត្រូវបានរំដោះចេញពីអគារមួយកន្លងនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ វាត្រូវបានយកទៅចិញ្ចឹមតាមរបៀបសត្វក្នុងស្រុកដោយខុសច្បាប់។

 
ម្ចាស់របស់វាទទួលស្គាល់ថា ខ្លួនមិនអាចរក្សាចិញ្ចឹមវាបាននោះឡើយ។ នេះជាការអះអាងរបស់អ្នកស្រី Kelly Donithan នាយិកាទទួលបន្ទុកឆ្លើយតបគ្រោះមហន្តរាយសត្វនៃអង្គភាពមនុស្សធម៌សង្គមរបស់សហរដ្ឋអាមេរិក ក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
 
 
ឆ្មាព្រៃ Cougar ដែលមានឈ្មោះថា «Sasha» ត្រូវបានយកទៅព្យាបាលនៅសួនសត្វ Bronx Zoo មុននឹងបញ្ជូនទៅមណ្ឌលជម្រកសត្វព្រៃ Turpentine Creek Wildlife Refuge ក្នុងរដ្ឋ Arkansas។ «ខ្ញុំមិនដែលឃើញ Cougar នៅក្នុងព្រៃដោយផ្ទាល់ទេ ប៉ុន្តែបានទិដ្ឋភាពវាយំរកមេ ពិតជាគួរឲ្យអាណិត។ យើងក៏អាណិតដល់ម្ចាស់វាផងដែរ ដោយពួកគាត់យល់ច្រលំថា អាចប្រែក្លាយវាទៅជាសត្វចិញ្ចឹមធម្មតា»។ នេះជាការលើកឡើងរបស់អ្នកស្រី Donithan ដែលត្រូវបានដកស្រង់ដោយ AP។
 
ទោះបីជាយ៉ាងណាក៏ដោយ អ្នកអភិរក្សសត្វរូបនេះ រីករាយព្រោះ Sasha អាចរស់នៅក្នុងពិភពពិតប្រាកដរបស់ខ្លួនបានឡើងវិញ ដោយសារតែម្ចាស់វាយល់ថា ខ្លួនមិនអាចចិញ្ចឹមវាបាន។
 
បណ្តាអ្នកអភិរក្សសត្វនៅអាមេរិក បានលើកឡើងដូចគ្នាថា Sasha នៅតូច ពិតជាគួរឲ្យស្រឡាញ់ ប៉ុន្តែគេមិនអាចទាយទុកមុនបានឡើយនៅពេលវាធំឡើង ដែលពេលខ្លះអាចក្លាយជាសត្វដ៏គ្រោះថ្នាក់។ «ការលក់ដូរសត្វព្រៃក្នុងហេតុផលណាក៏ដោយ វាមិនមែនជាចំណែកនៃការអភិរក្សសត្វព្រៃនោះឡើយ»។ នេះជាការអះអាងរបស់លោក Jim Breheny នាយកសួនសត្វ Bronx Zoo។
 
លោក Breheny បានបន្ថែមថា សត្វព្រៃដែលត្រូវបានចិញ្ចឹមជាលក្ខណៈឯកជន តែងតែមិនមានស្ថានភាពល្អនោះឡើយ ដោយសារតែកង្វះជម្រកជាក់ស្តែង អ្នកជំនាញពិតប្រាកដ និងតម្រូវការមូលដ្ឋានផ្សេងៗរបស់សត្វ។
 
ទាក់ទងនឹងករណីនេះ អាជ្ញាធរក្រុងញូវយ៉ក កំពុងបន្តស៊ើបអង្កេតបន្ថែម មុននឹងឈានដល់ការចាត់វិធានការច្បាប់លើម្ចាស់ផ្ទះដែលចិញ្ចឹម Sasha និងអ្នកពាក់ព័ន្ធផ្សេងៗ។ 
 
កាលពីឆ្នាំ២០០៣ ក្រុងញូវយ៉ក ក៏ធ្លាប់មានករណីយកសត្វខ្លាឈ្មោះ Ming ទៅចិញ្ចឹមជាលក្ខណៈឯកជនផងដែរ ដោយម្ចាស់វាឈ្មោះ Antoine Yates ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល៥ខែ៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com